ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ តែមិនមានជំនាញ ឬក្រុមសមត្ថកិច្ចណាចេញមុខបង្ក្រាបទាល់តែសោះ ដែលធ្វើអោយពលរដ្ឋមានការសង្ស័យថា ប្រហែលជាមានការឃុបឃិតប្រព្រឹត្តិអំពើពុករលួយជាមិនខាន។
ប្រភពពីពលរដ្ឋបានបញ្ជាក់ថា ឈើមុខកាត់ប្រមាណជាង ១ម៉ែត្រ និងតូចជាងនេះ ឬឈើប្រភេទលេខ១ លេខ២ និងលេខ៣ ត្រូវបានឈ្មួញខិលខូចដឹកជញ្ជូនមកស្តុកទុកក្នុងតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ រួចកែច្នៃអារច្រៀកជាចំរៀកទៅតាមតម្រូលការរបស់ពួកគេ។
ប្រជាពលរដ្ឋមូលដ្ឋានដែលបានចុះតាមដានបញ្ហានេះ បានពន្យល់ថា ឈើ គឺត្រូវបានយកមកអារច្រៀកក្នុងតំបន់ផ្ទៃអាងឲ្យទៅជាឈើស្របច្បាប់ដោយមិនចាំបាច់បង់ពន្ធ ឬក៏បង់ពន្ធក្នុងតម្លៃទាប ដែលជាហេតុធ្វើអោយព្រៃឈើរលាយហិនហោច ហើយថែមទាំងបំបាត់ថវិការចំណូលរបស់រដ្ឋទៀតផង។
ក្រុមប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងបានអះអាងថា សកម្មភាពដឹកជញ្ជូនឈើចេញក្រៅតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដោយក្រុមហ៊ុន លោក លឹមប៊ុណ្ណា (ហៅ ឧកញ៉ា ខ្នា) ដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៣មកនោះ នៅតែបន្តដឹកតាមរថយន្តយីឌុបធំៗចេញទៅលក់នៅប្រទេសយួន រហូតដល់បច្ចុប្បន្ន ដែលអ្នកភូមិព្រួយបារម្ភថា ព្រៃឈើនឹងហិនហោចអស់ដោយសារតែក្រុមឈ្មួញរូបនេះ។
ប្រភពបានបញ្ជាក់ថា បើសមត្ថកិច្ចពិតជាមានភាពស្អាតស្អំ និងមានសមត្ថភាពពិតប្រាកដស្របតាមជំនាញ និងកាតព្វកិច្ចរបស់ខ្លួន ហើយមានឆន្ទៈបង្ក្រាបបទល្មើសព្រៃឈើមែននោះ ម្ល៉េះមេឈ្មួញ លឹមប៊ុនណ្ណា និងបក្ខពួកមិនអាចធ្វើសកម្មភាពដូចសព្វថ្ងៃនេះទេ។
សកម្មជនព្រៃឈើនៅខេត្តស្ទឹងត្រែង បានដាក់ការទទួលខុសត្រូវករណីកាប់បំផ្លាញព្រៃឈើនៅក្រៅផ្ទៃអាងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ទៅលើអាជ្ញាធរខេត្ត និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ថាមិនបានផ្តល់ដំណឹងជាក់លាក់ទាក់ទិនការកំណត់ព្រំប្រទល់តំបន់ផ្ទៃអាងឲ្យសង្គមស៊ីវិលជ្រាប រួមទាំងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ និងសហគមន៍ជាដើម។
ប្រភពដដែលបានបញ្ជាក់ថាភាពមិនច្បាស់លាស់ក្នុងការកំណត់ទីតាំងផ្ទៃអាង គឺជាចេតនាឆ្លៀតឱកាសផ្សំគំនិតរបស់មន្ត្រីជំនាញ និងអ្នកមានអំណាចក្នុងខេត្តស្ទឹងត្រែង ក្នុងការកាប់បំផ្លាញធនធានព្រៃឈើដ៏ធំសម្បើមនៅក្នុងខេត្តមួយនេះ៕ដោយ៖ សហការី
ថ្ងៃនេះ | 1913 | នាក់ |
ម្សិលមិញ | 4201 | នាក់ |
សប្ដាហ៍នេះ | 21237 | នាក់ |
ខែនេះ | 108131 | នាក់ |
ឆ្នាំនេះ | 3446650 | នាក់ |
សរុប | 52806576 | នាក់ |
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 08:32 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net