សកម្មភាពបង្រ្កាបឈើក្រញូងស្តុកក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិថ្នល់កែង (៩៨០) ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៣ ដែលដឹកនាំដោយលោក កូយកាន់យ៉ា ព្រះរាជអាជ្ញាសាលាដំដូងខេត្តឧត្តរមានជ័យ និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ត្រូវបានពលរដ្ឋលួចខ្សឹបប្រាប់ថា ម្ចាស់ឈើចចារសុំយកឈើទៅវិញស្ងាត់ៗអស់ហើយ ជាថ្នូរជាមួយនិងប្រាក់ដុល្លារ។
តាមប្រភពព័ត៌មានច្បាស់ការបានរាយការណ៍ពីស្រុកអន្លង់វែងមកថា ព្រះរាជអាជ្ញា និងមេព្រៃ បានចុះចាប់ឈើក្រញូងចំនួន៦៩ដុំក្នុងអាស័យដ្ឋានខាងលើ រួចធ្វើការដឹកជញ្ជូនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង បន្ទាប់មកស្រាប់តែលេចលឺព័ត៌មានអាស្រូវថា មេព្រៃបានដោះលែងឈើនោះទៅវិញអស់ហើយ។ ប្រភពបន្តថា ម្ចាស់ឈើឈ្មោះលោកហោះ ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ ដែលជាអ្នកប្រមូលទិចឈើក្រញូងដ៏ធំ អោយថៅកែយិន។
លោក ឃនខែម នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែងបានបដិសេធតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ថា លោកពុំបានចូលរូមចាប់ឈើខាងលើនោះទេ តែលោកថា លោកជាអ្នកធ្វើរបាយការណ៍ផ្ទាល់អំពីចំនួនឈើខាងលើនេះ ហើយខាងរដ្ឋបាលព្រៃឈើពុំបានដោះលែងឈើដែលចាប់ដូចការចោទប្រកាន់នោះទេ។
នៅថ្ងៃទី១៨ដដែលនេះ លោក ស៊ីណា ដែលជាមនុស្សជំនិតរបស់លោក កូយកាន់យ៉ា បានប្រាប់អ្នកយកព័ត៌មានយើងថា រឿងបង្ក្រាបឈើក្រញូងខាងលើកុំទាន់អាលចុះផ្សាយអី ខ្លាចបែករឿង ព្រោះម្ចាស់ឈើគេចចារអោយលុយអ្នកដឹងរឿងម្នាក់១សន្លឹក (១រយដុល្លារអាមេរីក)។
អ្នកយកព័ត៌មានយើងបានទៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់ជាច្រើនដងក្នុងគោលបំណង់សុំមើលឈើដែលចាប់ខាងលើថា វាពិតជានៅ ឬលែងបាត់ដូចការរាយការណ៍របស់ពលរដ្ឋ តែមន្រ្តីរដ្ឋបាលព្រៃឈើនៅទីនោះមិនអោយមើល ហើយនិយាយត្រឡប់ត្រឡិនបាយបិណ្ឌជាបាយបាត ហាក់មានការលាក់លៀមមិនចង់អោយគេមើលឈើនោះទេ៕
ថ្ងៃនេះ | 6506 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35065 | នាក់ |
ខែនេះ | 182693 | នាក់ |
ឆ្នាំនេះ | 3765353 | នាក់ |
សរុប | 53125279 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 20:28 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net