ក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញប្រភេទផ្លែឈើ បន្លែបង្ការនិងទំនិញផ្សេងៗទៀតឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ផែន ភឿន និងមន្រ្តីក្រោមឱវាទខ្លះផង។ ដោយហេតុថា ច្រើនឆ្នាំកន្លងទៅនេះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យមេគយចល័តផ្លូវជាតិលេខ១ លោក ផែន ភឿន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះមេគយចល័តផ្លូវជាតិលេខ១ បណ្តោយឲ្យលោក នី គឹមហួរ មន្រ្តីគយចល័តប្រចាំស្នាក់ការក្នុងឃុំរំចេក គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករស្រេចតែអំពើចិត្តរបស់ខ្លួន។ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមអាជីវករដឹកជញ្ជូនផ្លែឈើដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ បានលាតត្រដាងអំពើពុករលួយរបស់លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ ជាសាធារណៈ។ ក្រុមអាជីវករនាំចូលផ្លែឈើនិងទំនិញពីស្រុកយួនហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមគយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ១ ឃុំរំចេក គាបយកលុយលើតុក្រោមតុពីពួកតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយក៏ត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់ក្រុមគយចល័តផ្លូវជាតិលេខ១ ក្រោមការគ្រប់គ្រងរបស់លោក ផែន ភឿន មិនអាចតវ៉ាបានឡើយ។
តាមការបញ្ជាក់ពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា សម្រាប់រថយន្តដឹកទំនិញចំណុះ២តោនកន្លះ ត្រូវបង់លុយក្នុង១ជើង ១០ម៉ឺនរៀល រថយន្តចំណុះ៥តោន ត្រូវបង់លុយ២០ម៉ឺនរៀល ហើយរថយន្តវ៉េអង ត្រូវបង់លុយ៣០ម៉ឺនរៀល ដោយមិនអាចតវ៉ាបានឡើយ។ ថ្មីនេះក្រុមគយចល័តផ្លូវជាតិលេខ១ បានចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងហើយតម្រូវឲ្យបង់លុយដល់ទៅ២០លានរៀល ប៉ុន្តែអាជីវករម្ចាស់រថយន្តដឹកផ្លែឈើគ្មានលុយបង់ក៏ទុកឲ្យផ្លែឈើរលួយអស់ រួចមានការតវ៉ាលាតត្រដាងអំពើពុករលួយរបស់ក្រុមគយចល័តផ្លូវជាតិលេខ១ តែម្តង។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះមេគយចល័តផ្លូវជាតិលេខ១ ប្រព្រឹត្តអំពើពុករលួយពេញទំហឹង ហើយលោក គុណ ញឹម ដែលជាអគ្គនាយកគយ បណ្តោយឲ្យក្រុមគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំមកហើយ។មានត
ប្រភពព័ត៌មានៈ ខ្មែរ អនឡាញ