សៀមរាប៖ សម្ពន្ធវាយសីខេត្តសៀមរាប បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតអបអរទិវាជ័យជំនះ៧មករា លើកទី២១ ឆ្នាំ២០២២។
ការប្រកួតនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២២ នៅក្លិបវាយសីខេត្តសៀមរាប។
លោក ជាម សុភា អគ្គលេខាធិការសហព័ន្ឋកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា
នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប សហការជាមួយសហព័ន្ឋកីឡាវាយសីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ឆ្នាំ២០២២ នេះ។ លោកថា មានកីឡាករ កីឡាការិនីមកពីទូទាំងប្រទេសចំនួន១៨ក្លឹបស្មើនឹង១៥៤រូបបូករួមទាំងកីឡាកិត្តិយសនិងក្រុមប្រតិភូមកពីសហព័ន្ឋកីឡាវាយសីកម្ពុជាផងសរុបជាង២០០រូបបានអញ្ជើញចូលរួម។
លោក ជាម សុភា បន្តថា សម្រាប់កម្មវិធីប្រកួតមាន៧វិញ្ញាសារ និងមាន៩១ប្រកួត បែងចែកទៅតាមកម្រិតអាយុ ។
លោកអគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជា
បានវាយតម្លៃខ្ពស់ ចំពោះទីតាំងនៃការរៀបចំព្រឹត្តិការណ៍នេះ ថាមានអ្នកចូលរួមប្រកួតច្រើនជាងខេត្តផ្សេងៗនៃបណ្តាឆ្នាំមុនៗដែលបានរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ ជាពិសេសខេត្តសៀមរាបមានកីឡាករជាប់ក្នុងក្រុមជំរើសជាតិចំនួន៧រូប សម្រាប់ត្រៀមទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម នាខែមេសាខាងមុខ ខណៈដែលកីឡាជំរើសជាតិទូទាំងប្រទេសមានចំនួន១៦រូប។លោក អគ្គលេខាធិការបញ្ជាក់ថានេះជាការប្រកួតលក្ខណៈមិត្តភាពដើម្បីដណ្តើមពានរង្វាន់ ទុកសម្រាប់ខេត្តរៀងៗខ្លួន និងដើម្បីបំរុងឬក៍ត្រៀមចូលរួមប្រកួតជំរុះតាមខេត្ត រួចហើយទើបឈានទៅប្រកួតទូទាំងប្រទេសសម្រាប់ជ្រើសរើសកីឡាជំរើសជាតិបាន ។លោកបានចាត់ទុកក្លឹបសម្ពន្ឋកីឡាវាយសីខេត្តសៀមរាបថាជាគំរូដ៍ល្អមួយសម្រាប់ទូទាំងប្រទេស ព្រោះក្លឹបនេះមានលក្ខណៈធំទូលាយ ផាសុខភាព ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ ខណៈដែលប្រកួតជាលក្ខណៈជាតិក្តីនិងលក្ខណៈអន្តរជាតិក្តី នៅពេលខាងមុខ សហព័ន្ឋកីឡាវាយសីកម្ពុជានឹងសហការស្នើសុំទីតាំងនេះធ្វើការប្រកួតកីឡាវាយសីដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិទៀតផង ជាពិសេសការប្រកួតកីឡាស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។កីឡាវាយសីរបស់កម្ពុជាបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាតិជាច្រើនដងមកហើយ តែសម្រាប់កម្ពុជាកីឡាប្រភេទនេះនៅមានកម្រិតដោយសារការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួនមិនបានដិតដល់ រួមទាំងវិន័យក៏មិនបានល្អដូចការហ្វឹកហាត់ជុំគ្នានោះទេ ទើបទទួលបានលទ្ឋផលពុំជាទីគាប់ចិត្តឡើយ។
លោក សោមសមសក្តិ ប្រធានសម្ពន្ឋកីឡាវាយសីខេត្តសៀមរាប មានប្រសាសន៍ថា៖ការបង្កើតក្លឹបនេះឡើងគឺស្របតាមឆន្ទៈនៃការចង់បានរបស់អភិបាលនៃគណៈអភិបាលខេត្តដែលមានការតាំងចិត្តខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនិងស្របតាមការរីកចម្រើនរបស់ពិភពលោក អនុលោកមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសុខុមាលភាពពេញលេញ ទទួលបានការអប់រំ មានសមភាពយេនឌ័រ សុខភាពអនាម័យសាធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅទីក្រុងនិងតាមសហគមន៍។ល។
លោក សោម សមសក្តិ បញ្ជាក់ថា៖បើគ្មានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក៍យើងពុំមានថ្ងៃនេះនិងមិនទទួលបាននូវសមិទ្ឋផលសព្វបែបយ៉ាងដូចថ្ងៃនេះដែរ ជាពិសេសមានថ្ងៃ៧មករាបាននាំមកនូវកំណើតទី២និងមានសន្តិភាពរហូតមកដល់សព្វថ្ងៃ ហេតុនេះទើបយើងបានរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកនេះជាលើកទី១សម្រាប់ខេត្តសៀមរាប ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះសហការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងបំណងដើម្បីឱ្យអ្នកនិយមចូលចិត្តកីឡា មានសុខភាពរាងកាយរឹងមាំ រក្សាចំនងសាមគ្គីភាពមិត្តភាពយូរអង្វែង និងដើម្បីទាក់ទាញអ្នកទេចរជាតិនិងអន្តរជាតិមកទស្សនាខេត្តសៀមរាបឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការលើគ្រប់វិស័យបន្ទាប់ពីបានអាក់ខានដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំមកនេះ។
លោកក៏បានអំពាវនាវឱ្យបងប្អូនមហាជនទូទៅត្រូវចេះស្រឡាញ់សុខភាព និងនាំគ្នាលេងកីឡា ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីសុខភាពរាងកាយ ចាកឆ្ងាយពីជំងឺផ្សេងៗ និងសូមកុំភ្លេចការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ យើងត្រូវរៀនរស់តាមបែបគន្លងថ្មីជាមួយជំងឺកូវីដ-១៩ ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាល។ បើតាមលោក សោម សមសក្តិ ធ្វើការរម្លឹកពីសាវតាមុននឹងកកើតក្លឹបនេះ គឺរូបលោកនិងសហការីបានប្រមូលក្មេងៗដែលគ្រួសារមានជីវភាពខ្វះខាត គ្មានផ្ទះសម្បែងស្នាក់នៅពិតប្រាកដ(ក្មេងអនាថា)នៅក្បែរៗទីតាំងនៃក្លឹបប្រមាណជាជាង១០០នាក់ឱ្យពួកគាត់បានសិក្សាភាសាអង់គ្លេសក្រៅម៉ោង អប់រំពួកគាត់និងផ្តល់ការងារឱ្យពួកគាត់តាមរយៈកិច្ចការអនាម័យក្នុងក្លឹបអស់រយៈពេល៥ឆ្នាំ ឥឡូវនេះពួកគាត់ធំពេញរូបរាង និងមួយចំនួនតូចមានភាពស្ទាត់ជំនាញក្នុងការលេងសីផងដែរ បច្ចប្បន្នសហព័ន្ឋវាយសីកម្ពុជា បានទទួលយកពួកគាត់ទៅបណ្តុះបណ្តាលដើម្បីត្រៀមយកទៅប្រកួតនៅក្រៅប្រទេសនិងស៊ីហ្គេម នាពេលខាងមុខនេះផងដែរ៕