លោក សាន រ័ត្នស៊ីង ប្រើអំពើហិង្សាដោយចេតនា (វាយពីរដៃ) ទៅលើលោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នាស នៅចំណុចកុងត្រូវផ្លូវចុះទៅបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២ ខែគុម្ភ: ឆ្នាំ២០២២ម្សិលមិញ ដោយសារខឹងកូនចៅរបស់លោក ហាប់ ដា បិតកុងត្រូលដើម្បីស្រោចទឹកថ្នល់កុំឲ្យហុយ នៅពេលរថយន្តដឹកដីរបស់លោកសានរ័ត្នស៊ីងឆ្លងកាត់ទីនោះ នេះបើយោងតាមសម្ដីរបស់មន្ត្រីសហគមន៍ចុងគ្នា បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិមុននេះបន្តិច។
លោក ស សំអុល មន្ត្រីសហគមន៍ចុងឃ្នាសរូបនេះបានបន្ថែមថា លោក ហាប់ ដា ប្រធានរបស់លោកកំពុងតែដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់។
លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាស់ទឹកសង្កាត់ជ្រាវ បានប្រាប់កាសែ កម្ពុជាសុវណ្ណភូមិ តាមទូរស័ព្ទនៅរសៀលថ្ងៃទី ៣ នេះថា លោក សានរ័ត្នស៊ីង ពិតជាបានប្រើអំពើហិង្សាដោយចេតនាទៅលើលោក ហាប់ ដា ពិតប្រាកដមែន មិនតែប៉ុណ្ណោះលោក សាន រ័ត្នស៊ីង បានធាក់កៅអីរបស់លោកមួយជើង ព្រមទាំងប្រមាតទាត់លោកមួយជើងថែមទៀតផង។
កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការពន្យល់អំពីលោក សានរ័ត្នស៊ីង បានទេនៅរសៀលថ្ងៃទី៣នេះ ព្រោះបន្ទាប់ពីលោកសានរ័ត្នស៊ីង ប្រើអំពើហិង្សារួចបានរតគេចខ្លួនបាត់ស្រម៉ោល។
ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើកំពុងរង់ចាំមើលថាតើសមត្ថកិច្ចនឹងចាត់ការយ៉ាងណាចំពោះលោក សាន រ័ត្នស៊ីង។ ពត៍មានបឋម។ ដោយ: ផ្លុង រ៉េត