ជីវិតមនុស្សសត្វកើតមករមែងតែងតែឈឺចាស់ស្លាប់ទៅវិញជារឿងព្រម្មលិខិតជាអ្នកកំណត់ ប៉ុន្តែបើយើងក្រលេកមើលស្ថានភាពនាពេលបច្ចុប្បន្ន គឺកត្តាធម្មបានបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ និងបានសម្លាប់ជីវិតមនុស្សមិនថាក្មេងចាស់ស្ទើរជារៀងរាល់ថ្ងៃ។
លោក ជៀប-អង្គាវឌ្ឈនា សាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តខ្មែរនៅសាលាវិទ្យាល័យអង្គរខេត្តសៀមរាបបានអោយដឹងខ្លះៗថា ថ្ងៃអាទិត្យជាថ្ងៃសំរាកចុងសប្តាហ៍ របស់មន្រ្តីរាជការ អ្នកមុខអ្នកការ សិស្សានុសិស្ស និងបុគ្គលិកតាមស្ថាប័ណមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា បើតាមការនិយមរបស់ពលរដ្ឋខ្មែរមួយភាគធំតែងតែធ្វើដំណើរកម្សាន្តលំហែរកាយទៅកន្លែងផ្សេងៗតាមចំណង់ចំណូលចិត្ត ឯអ្នកខ្លះចូលចិត្តទៅស្ទួចត្រី បង់សំណាញ់ អូសជញ្ជាត់ យកត្រីមកហូបចុកជាមួយមិត្តភ័ត្រជាដើម។
ដោយសារការអូសត្រីនៅក្នុងបឹងមួយឈ្មោះថា បឹងសំរោង ស្ថិតក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីម៉ោង៤រសៀលថ្ងៃទី២៨មេសា បានធ្វើអោយបុរស៣នាក់ក្នុងចំណោម៥នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែរន្ទះបាញ់ក្រោមផ្ទៃមេឃពណ៍ខ្មៅ លាយលំជាមួយភ្លៀងខ្យល់ផងនោះ នេះបើយោងតាមការអោយដឹងពីអាជ្ញាធរដែនដីនៅខណ្ឌសែនសុខនៅព្រឹកពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣។
អាជ្ញាធរបានអោយដឹងទៀតថា ជនរងគ្រោះដោយសាររន្ទះបាញ់នោះ ទី១-ឈ្មោះ សាយភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកនេសាទ ស្នាក់នៅផ្ទះជួលសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តកំពង់ចាម ទី២-ឈ្មោះ ឌិនកវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រនៅម្តុំចំការដូង និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់។
ចំណែកជនរងគ្រោះរបួស ដោយសាររន្ទះបាញ់ត្រូវ ស្លេកត្រឹមស្មារឡើងទៅលើ ទាំង២នាក់ដូចគ្នាទៀតនោះ ទី១-ឈ្មោះ ឈាងជាង ភេទប្រុស អាយុ២០ឆ្នាំ និងទី២-ឈ្មោះ គង់ធីណា ភេទប្រុស អាយុ២០ឆ្នាំ ជនរងគ្រោះទាំង២នាក់នេះជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅជិតកន្លែងកើតហេតុ។ អាជ្ញាធរខាងលើបានបន្ថែមថា ជនរងគ្រោះបាត់បង់ជីវិត៣នាក់ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា ឯជនរងគ្រោះរបួស២នាក់ទៀតបានដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនបានធូរស្រាល ហើយបាននំាគ្នាត្រឡប់មកផ្ទះស្នាក់នៅវិញជិតកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់ជាមិត្តភក្កិនឹងគ្នា ក្នុងនោះមាន៤នាក់ជាកម្មកររោងចក្រ និងម្នាក់ជាអ្នកនេសាទ។ ប្រភពបន្តថា ថ្ងៃកើតហេតុជនរងគ្រោះ បាននាំគ្នាទៅលេងផ្ទះមិត្តភក្កិនៅកន្លែងកើតហេតុ ហើយបានបបួលគ្នាទៅ រកត្រីនៅបឹងសំរោងដើម្បីយកមកដុតហូបជួបជុំគ្នានៅថ្ងៃសម្រាកពីការងារ។ ពួកគេបានជិះទូកទៅដល់បឹងខាងលើ រួចនាំគ្នាចុះពីលើទូកទៅអូសត្រី ស្រាប់តែមួយសន្ទុះក្រោយមក មេឃធ្លាក់ភ្លៀងលាយលំជាមួយខ្យល់ ហើយរន្ទះបានបាញ់ចំជនរងគ្រោះទាំង៥នាក់នៅក្នុងទឹកបឹងនោះ បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួស២នាក់។
លោក កែវវី អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានមានប្រសាសន៍បង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការការពារបង្ការ និងការពារជៀសវាងរន្ទះនៅពេលមានភ្លៀវធ្លាក់ដូចជា កុំជិះកង់ម៉ូតូពេលមានភ្លៀងធ្លាក់ ប្រញាប់ត្រឡប់ចូលផ្ទះ កុំប៉ះពាល់របស់មានជាតិដែក បិទវិទ្យុ និងទូរស័ព្ទ កុំជ្រកជិតដើមឈើធំៗ នៅក្នុងផ្ទះបិទទូរទស្សន៍ និងដកកុងតាក់អគ្គិសនី បើកំពុងនេសាទត្រូវក្រាបលើទូក ហើយស្រូតអ៊ំទូកចូលមកច្រាំងវិញ និងត្រូវអង្គុយចុះឱបជង្គង់បើនៅទីវាល។
លោក ញឹមវណ្ណដា អនុប្រធានទី០១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្នុងសន្និសិត្យកាសែតនៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះថា គ្រោះធម្មជាតិនេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ លោកបន្តថា ប្រទេសកម្ពុជា បានរងគ្រោះខ្លាំងជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លងមកនេះ។ លោកបានបន្ថែមថា ខ្យល់ព្យុះនាពេលបច្ចុប្បន្ននេះ ពេលដែលវាមក វាអត់ប្រាប់មុននោះទេ វាមកចំត្រង់ណាកួចយកផ្ទះត្រង់ហ្នឹងតែម្ដង។ ហើយជាមួយគ្នានោះ ភ្លៀងក៏មកព្រមគ្នា ថែមទាំងមានរន្ទះបាញ់សំលាប់ជីវិតមនុស្ស សត្វថែមទៀត។ អាកាសធាតុក្ដៅណាស់មកទល់នឹងថ្ងៃនេះ គឺគ្រប់កន្លែងក្ដៅខ្លាំង ហើយមានភ្លៀងធ្លាក់មិនទៀងទាត់ថែមទៀតផង ខេត្តមួយចំនួននៅកម្ពុជា កំពុងជួបនូវការរាំងស្ងួតខ្លាំងផងដែរ។
គេសង្កេតឃើញថា រដ្ឋាភិបាល និងអង្កការក្រៅរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភចំពោះការបំរែបំរួលអាកាសធាតុនៅលើពិភពលោក នឹងនៅប្រទេសកម្ពុជា ហើយជាក់ស្តែងកាលពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬហៅកាត់ថា CCIM ក្រោយជំនួយឧបត្ថមថវិការរបស់ វិហារដាណឺម៉ាក បានរៀមចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជាតិចំនួន១៥រូបនៅរាជធានីភ្នំពេញ ដែលបានអញ្ជើញគ្រូ និងវាគ្មិនជំនាញៗមកពី UNDP និងពី CCCN ក្នុងការធ្វើបទបង្ហាញ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយកាលពីឆ្នាំ២០១១ បានបង្ហាញថា រន្ទះបាញ់បានសម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ១៦៥នាក់ របួស១៣៩នាក់ ក្នុងនោះស្ត្រី៥៥នាក់ និង២៣នាក់ជាកុមារ ព្រមទាំងសម្លាប់គោក្របីចំនួន ៦០ក្បាល និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់៤ខ្នង៕ ដោយ៖ ផ្លុង-រ៉េត