ព័ត៌មានក្ដៅ

    តោះពួកម៉ាក​យើង​នាំគ្នា​អាន ច្បាប់ស្រី

    ដោយៈ សៀមរាប ថ្ងៃទី 10 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:44 នាទី ចំនួនអានៈ 692

    នេះបទកំណត់ចងជា

    ភុជង្គលីលា

    ចងជាច្បាប់ស្រី។

    កាលនាងឥរន្ទវតី

    ចរចាកតាមប្ដី

    គឺបុណ្យកយក្សា។

    នាងវិមលាជាព្រះមាតា

    បើកបន្ទូលថា

    ហៃកូនពិសី។

    នាងនឹងត្រាច់ត្រង់តាមប្ដី

    ចេញចាកអំពី

    ពិភពនាគនេះ។

    ទៅឋានមនុស្សលោកនាយអេះ

    ចូរនាងចាំចេះ

    បម្រើស្វាមី។

    ធ្វើវត្តប្រតិបត្តិប្រក្រតី

    កុំឲ្យស្វាមី

    អាក់អន់ចិន្ដា។

    នាងអើយគម្ដែងក្រឡា

    ជាម្ចាស់សិរសា

    កូនកុំមាក់ងាយ។

    ហៃកូនស្រីមាសម្ដាយ

    ក្រណាស់នាងអាយ

    តាមដោយច្បាប់ស្រី។

    ក្រមួយមិនបានសម្ដី

    ពាក្យទន់តិចនៃ

    ឲ្យញាតិចូលចិត្ត។

    ក្រមួយមិនចេះរិះគិត

    ឃើញញាតិឆ្ងាយជិត

    ហៅឡើងឆីស្លា។

    ទោះមានមិនមានក្ដីណា

    ពាក្យផ្អែមចរចា

    ទើបគេស្រឡាញ់។

    កុំជួចិត្តស្មូរកំណាញ់

    មិនមានអស់អញ

    នឹងញាតិសន្ដាន។

    កើតយសរបស់ផងបាន

    កើតសុខក្សេមក្សាន្ដ

    ពីព្រោះកូនស្រី។

    ទោះនឹងនិយាយស្រដី

    ការកេរជាស្រី

    កុំស្ដីឡេះឡោះ។

    ថាលេងដូចក្មេងញ៉េះញ៉ោះ

    ឃើញប្រុសកម្លោះ

    សសៀរចូលជិត។

    សើចព្រៀងកញ្ឆៀងមិនគិត

    ប្រុសព្រើលបានចិត្ត

    វាហ៊ានដោយសារ។

    ហៅស្រីអប្រិយឥតការ

    ឥតមានឥរិយា

    មារយាទក្នុងខ្លួន។

    សើរើពុំធ្វើនឹងនួន

    ស្រដីមិនមួន

    មិនមានអៀនអន់។

    ឃើញគេបៀតបែរគយគន់

    សើចសួរចំអន់

    ចំអកឲ្យប្រុស។

    ហៅស្រីអប្រិយទុយ៌ស

    មិនខ្លាចខ្លួនខុស

    មារយាទក្រឹត្យក្រម។

    ធ្វើការអង្គុយច្រឡំ

    នឹងសមពុំសម

    ថាឯងជាស្រី។

    មិនកោតមិនខ្លាចចិត្តប្ដី

    ឲ្យប្រុសដទៃ

    មាក់ងាយប្ដីណា។

    ហៅស្រីឥតលក្ខណា

    ឥតមានកិរិយា

    មារយាទពុំសម។

    ធ្វើការផងណាប្រើខំ

    ទោះត្បាញចាក់ដំ

    នាងខំឲ្យហើយ។

    កុំទុកទៅមុខទៀតឡើយ

    ថាចាំបង្ហើយ

    កម្រណាស់ណា។

    ទោះធ្វើហូលគោមព្រែផ្កា

    ដាក់ត្បាញហើយណា

    បានស្រេចសឹមធ្វើ។

    ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ

    ហើយកុំឲ្យដើរ

    លេងផ្ទះគេណា។

    ឱស្ងួនខ្លឹមខ្លួនរក្សា

    នាងខំធ្វើការ

    ទាន់ខ្លួនក្រមុំ។

    មានប្ដីបានអ្វីជាខំ

    រវល់កូនយំ

    កម្រចេះឆ្លាត។

    ព្រួយចិត្តគំនិតចង្អៀត

    មួយហើយមួយទៀត

    យំទារតែឆី។

    រីងព្រួយទាំងមួយទាំងពីរ

    រកបានឲ្យឆី

    ទើបបានបាត់មាត់។

    ទៅកាន់ការធ្វើឲ្យស្ទាត់

    ហូលគោមគាត់កាត់

    អន្ទងត្បាញទៅ។

    កុំទុកក្នុងស្មុគស្មាញនូវ

    ក្រែងដល់យូរទៅ

    ខាតខូចអសារ។

    ហៃកូនស្រីស្ងួនមាតា

    ចូរចាំរក្សា

    កុំភ្លេចស្មារតី។

    ចូររករៀនយកច្បាប់ស្រី

    ឲ្យកោតខ្លាចប្ដី

    គម្ដែងក្រឡា។

    ធ្វើវត្តប្រតិបត្តិសោតណា

    ឲ្យនាងរក្សា

    ភ្នក់ភ្លើងទាំងបី។

    ឲ្យកាត់ឲ្យគង់ប្រក្រតី

    សព្វថ្ងៃកុំឲ្យបី

    ភ្លេចផ្លុំឲ្យឆេះ។

    ក្រែងរាលដូចដាលព្រាយប្រេះ

    កើតក្ដៅរលេះ

    រលាយអស់អង្គ។

    ភ្លើងក្រៅកុំនាំទៅក្នុង

    ឲ្យឆេះបំផ្លុង

    ឬផ្លុំបង្កាត់។

    ភ្លើងក្នុងមិនប្រុងប្រយ័ត្ន

    នាំមកបង្កាត់

    ឲ្យឆេះឯក្រៅ។

    អុជអាលបណ្ដាលឲ្យក្ដៅ

    ដាលដល់កូនចៅ

    អសោចអប្រិយ។

    ឲ្យនាងខំប្រុងស្មារតី

    មើលភ្លើងទាំងបី

    រក្សាឲ្យគង់។

    ភ្លើងនោះឲ្យកូនពុំលង់

    នឹងឲ្យឧត្ដុង

    ឧត្ដមកន្លង។

    កើតយសរបស់ទ្រព្យផង

    បរិបូរឥតហ្មង

    ប្រសើរក្ដាត់ណា។

    ភ្លើងមួយនោះឲ្យរក្សា

    គឺគុណមាតា

    បិតាស្ងូនគ្រង។

    ឲ្យនាងធ្វើដោយគន្លង

    ប្រណិប័តន៍កុំឆ្គង

    នឹងម្ដាយឪពុក។

    ឲ្យខំថែទាំញ៉ឹកញ៉ុក

    ចំណីចំណុក

    ចំណង់អាត្មា។

    កុំឃ្លានទុកឆីឡើយណា

    ឆ្ងាញ់ឈ្ងុយពិសា

    ជូនជាប្រក្រតី។

    ពាក្យពេចន៍ការកិច្ចអ្វីៗ

    អត់ឱនកុំបី

    ឲ្យអាក់ចិន្ដា។

    ភ្លើងមួយគម្ដែងក្រឡា

    គឺប្ដីអាត្មា

    ឋិនថេររួមរ័ក្ស។

    ឲ្យនាងប្រណិប័តន៍ជឿជាក់

    កុំធ្វើឲ្យអាក់

    ឲ្យអន់ចិត្តប្ដី។

    អត់ឱនខ្លាចខ្លួនជាស្រី

    កុំឲ្យស្រដី

    ទុកគេជាស្មើ។

    ទោះកើតហេតុភេទសារពើ

    ពាក្យពុំប្រសើរ

    ជញ្ជឹងចាំស្ដាប់។

    ទោះប្ដីស្រដីពុំគាប់

    ពុំគួរឲ្យប្រាប់

    បានដឹងដល់ម្ដាយ។

    កើតខឹងរែងរីងខ្ចរខ្ចាយ

    ឮពាក្យពីម្ដាយ

    ខ្សឹបខ្សៀវប្រាប់ប្ដី។

    មិនក្សាន្តបែកបានពីប្ដី

    កើតជាសម្ដី

    សួរចុះសួរឡើង។

    ពុំស្ងាត់ស្ងៀមមាត់ចចើង

    ជជែកនាំឡើង

    ចចើងមិនបាត់។

    តតាំងពាក្យខ្លាំងមិនស្ងាត់

    មិនស្ងៀមឲ្យបាត់

    ឲ្យបានទីសុខ។

    ជជែកស្ទើរបែកទាំងស្រុក

    មិនមានហៅសុខ

    យូរលង់ឡើយនៃ។

    នេះហៅភ្លក់ភ្លើងទាំងបី

    ម្ដាយផ្ដាំកូនស្រី

    ឲ្យខំរក្សា។

    នាងគម្ដែងក្រឡា

    ខុសឆ្គងម្ដេចម្ដា

    ម្ដាយផ្ដាំកូនស្រី។

    ឲ្យអត់សង្កត់ហឫទ័យ

    កូនកុំស្រដី

    ដើមប្ដីកំបាំង។

    កុំជេរកុំចេញជាខ្លាំង

    ខ្សត់ខ្សោយខ្លៅខ្លាំង

    នាងកុំមើលងាយ។

    ល្ងង់ខ្សោយប្រើឲ្យនិយាយ

    ណែនាំលេងលាយ

    ឲ្យស្រួលវាចា។

    ទោះប្ដីស្រដីម្ដេចម្ដា

    ខេខឹងជេរថា

    បោះពាក្យទម្ងន់។

    ក្រោធក្រេវឆុលឆេវមិនអន់

    មិនអាក់ស្រោកស្រន់

    ដោយចិត្តគ្នាន់ក្នាញ់។

    រអ៊ូរទាំទន្ទេញ

    ជេរថាជន្លេញ

    ត្បិតទាស់នឹងចិត្ត។

    ឲ្យកូនស្រីស្ងួនខំអត់

    ឲ្យបានរលត់

    រលាយកំហឹង។

    កុំកូនកាន់ខ្លួនប្រែប្រឹង

    តតបទៅនឹង

    អ្នកជាស្វាមី។

    ខេខឹងក្រញឹងសម្ដី

    មិនគិតខ្លួនស្រី

    ស្រដីទ្រគោះ។

    ប្រកែកស្ដីពាក្យគំរោះ

    គំរាមបញ្ឆេះ

    បញ្ជោរឲ្យខឹង។

    រឹងរូសមើលមុខសម្លឹង

    សម្លក់ទៅរឹង

    ចចឹងចង់ឈ្លោះ។

    រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ

    បំបែកជាឈ្លោះ

    បំបែរពុំទៀង។

    ជេរថាឆ្កែឆ្មាបំព្រៀង

    ដៀលត្មះបញ្ឆៀង

    បញ្ឈឺចិត្តប្ដី។

    បោះបោកប្រទះអ្វីៗ

    ចាប់ចោលទៅដី

    បែកបាក់ពុំគិត។

    មិនស្រួលទទួលបាត់មាត់

    ម្នះម្នាក្នុងចិត្ត

    ឲ្យបានប្ដីចាញ់។

    ទើបបានសុខចិត្តជាវិញ

    ហៅស្រីម្នះម្នេញ

    អាប់កេរ្តិ៍យសឆ្ងាយ។

    ហៅកូនស្រីស្ងួនមាសម្ដាយ

    ខុសណាស់នាងអាយ

    កុំធ្វើដូចគេ។

    ទោះបីបើប្ដីនាងជេរ

    នាងចូលទៅឯ

    ដំណេកគិតសិន។

    ចេញមកនាងយកពាក្យទន់

    ស្រដីឲ្យអន់

    ស្រាយទោសនោះទៅ។

    ទោះបីបើប្ដីប្រដៅ

    ចូរនាងចាំនៅ

    ទុកក្នុងអាត្មា។

    ពាក្យពេចន៍កុំភ្លេចឡើយណា

    ក្រែងឆ្គងម្ដេងម្ដា

    ត្បិតបានផ្ដាំស្រាប់។

    ព្រោះឯងមិនក្រែងមិនស្ដាប់

    ពាក្យគេបង្កាច់

    បង្កើតតែឈ្លោះ។

    ឥតសុខអាក្រក់តែឈ្មោះ

    ឮគេប្រឈ្លោះ

    មិនចេះហៅល្ហែ។

    នេះពុំរាប់ជាស្ត្រីទេ

    ជាអ្នកប៉ោឡែ

    ចិត្តចោរដកទង។

    ឲ្យមាត់បង្គ្របប្ដីផង

    ឲ្យគេស្ដាប់ហោង

    ថាឯងគ្រាន់បើ។

    គឺមោះនាងនោះមិនប្រើ

    មិនបើកឲ្យដើរ

    បញ្ចើឲ្យទេ។

    ទោះបីប្ដីប្រើមាសមេ

    កុំកូនចំអែ

    ចំអៀកមិនទៅ។

    ឆ្ងាយជិតកុំគិតរង់នៅ

    ក្រោកក្រេសដើរទៅ

    កុំឲ្យប្ដីជេរ។

    កុំទៅនៅយូរផ្ទះគេ

    រវល់ទំនេរ

    រវៀសមកណា។

    ហៃកូនខ្លឹមខ្លួនមាតា

    ជាស្រីនេះណា

    កម្រណាស់នាង។

    មិនថាត្បិតល្អរូបរាង

    មិនរើសត្បិតជាង

    ចេះការទាំងគ្រប់។

    មិនបានស្គាល់ទិគោរព

    ស្គាល់ទេឧបទ្រព

    ទាំងដប់ប្រការ។

    ហៅតែនឹងល្អរូបា

    ពិតហើយចេះការ

    គួរកោតដោយយ៉ាង។

    មួយរូបល្អសសន្លាង

    ឥតគេផ្ទឹមខាង

    ច្បាប់ផងមិនចេះ។

    ល្អពិតគំនិតមិនផេះ

    ទោះខ្មៅក្រងេះ

    ការសោតសមគួរ។

    គឺមោះនាងនោះមិនជួ

    ចេះដឹងសមគួរ

    ស្គាល់អស់ឥរិយា។

    នេះឯងពីព្រេងលោកថា

    ហៅល្អរូបា

    កបកល្យាណី។

    ហៃកូនស្រីស្ងួនពិសី

    ម្ដាយប្រាប់អំពី

    ឧបទ្រពចង្រៃ។

    កាន់ក្បាលប្ដីហើយរកចៃ

    មិនបានលើកដៃ

    បិទទូលសំពះ។

    លោកទុកស្មើកុកទំផ្ទះ

    រង្គំរង្គះ

    នឹងបង់អស់ទ្រព្យ។

    កន្លងជើងប្ដីពុំគាប់

    ព្រោះចិត្តចង់ឆាប់

    រំលងជើងប្ដី។

    ស្មើសត្វលលកស៊ីខ្មោចខ្មី

    ហើយច្រាលអប្រិយ

    កើតព្យាធិរោគា។

    ចង្រៃមួយនៃរាល់គ្នា

    ចេញចូលមាត់ទ្វារ

    ពុំបានបិទបាំង។

    ធ្វេសប្រាណខុសខានមិនរាំង

    មិនរុញបំបាំង

    មើលយល់សាយសុស។

    ទុកស្មើគេអុជចន្លុះ

    ឲ្យចោរចូលផ្ទះ

    យកទ្រព្យទាំងឡាយ។

    ស្រីមួយសើចលេងក្អាកក្អាយ

    ឮលេខចម្ងាយ

    រំលងផ្ទះបី។

    ស្មើសត្វចចាតបក្សី

    ចូលភូមិផងក្ដី

    ចង្រៃក្ដាត់ណា។

    ស្រីមួយដេកដាក់កាយា

    ប្រះប្រែអាត្មា

    ឲ្យខ្នងទៅប្ដី។

    ទុកស្មើពស់ក្រាយអប្រិយ

    ឡើងផ្ទះឥតបី

    ឥតបើគណនា។

    ចង្រៃកាចក្រៃពុំជា

    នឹងព្រាត់ប្រាសគ្នា

    ពុំបានវែងឆ្ងាយ។

    ស្រីមួយសក់វែងអន្លាយ

    រំសុសរំសាយ

    សក់សោតរេរា។

    នៅមាត់អណ្ដូងមាត់ទ្វារ

    បីដូចមជ្ជរា

    ឆ្មាលាក់ក្រចក។

    ចង្រៃឥតបីបើរក

    រេរាសំកក

    មិនចុកសក់ងាយ។

    ស្រីមួយដើរទៅទាត់ជាយ

    ឮលាន់ស្ទើរធ្លាយ

    ប្រថពីសន្ធឹក។

    សំពត់ដាច់ដាចមិននឹក

    ដើរឮគគឹក

    ស្មើសូររន្ទះ។

    ញ៉ាំញើសំណើរលះ

    ដាក់ជើងលើផ្ទះ

    គគ្រាំងគគ្រេង។

    កក្រើកផ្ទះទាំងបីល្វែង

    ដូចកលគេសែង

    របស់ចេញទៅ។

    ស្រីមួយឃើញទ្រព្យនៅផ្លូវ

    កន្លងហួសទៅ

    មិនចាប់ចេញទុក។

    ពុំចេរចំណេរទៅមុខ

    ពុំចេះដាក់ទុក

    រាយរាល់តែល្វែង។

    ទ្រព្យនោះរលោះចេញឯង

    ចង្រៃទាស់ទែង

    ធ្វើឲ្យអន្តរាយ។

    ទោះឆីចំណីនូវបាយ

    លបលូកកកាយ

    ពម[៩]ពុំសណ្ដាប់។

    កូនអើយនេះហើយចូរស្ដាប់

    ហៅក្ដីឧបទ្រព

    ទាំងដប់ប្រការ។

    ឲ្យចៀសអស់ទាំងនេះណា

    ឲ្យរៀនលក្ខណា

    ទាំងប្រាំពីរផង។

    គឺព្រះមានបុណ្យកន្លង

    ទេសនាចែងចង

    ជាបទគាថា។

    មួយមាតុមួយមិត្តភរិយា

    កាតុភរិយាជាតិ

    ទាសភរិយាផង។

    ទាំងបួនប្រសើរឥតហ្មង

    គួរឲ្យចាំចង

    ទុកក្នុងអង្គា។

    រីឯហៅមាតុភរិយា

    ប្រពន្ធនោះជា

    លោកទុកស្មើម្ដាយ។

    ចរិតបីប្រការក្នុងកាយ

    មួយចង់ខ្វល់ខ្វាយ

    ប្រយោជន៍ឲ្យប្ដី។

    បានថ្កើងរុងរឿងឮល្បី

    មិនឲ្យអាប់ប្ដី

    ឲ្យបានសក្តិយស។

    មួយបើប្ដីស្លៀកពាក់ចាស់

    យកថ្មីឲ្យផ្លាស់

    ចាស់ស្លៀកខ្លួនឯង។

    ចេះរៀបរណ្ដាប់តាក់តែង

    ចំណីផងស្វែង

    រកមកឲ្យប្ដី។

    មួយបើប្ដីឈឺថ្កាត់អ្វី

    ព្រួយប្រឹងមើលប្ដី

    រកថ្នាំសង្កូវ។

    រកពេទ្យមេមត់នូវគ្រូ

    គ្រោះយាមគន់គូរ

    មើលប្ដីឲ្យជា។

    រីឯហៅកាតុភរិយា

    ប្រសើរសោភា

    ប្រពន្ធស្មើបង។

    នោះមានចរិតពីរផង

    ដូចប្អូននិងបង

    ចិត្តមូលមួយប្រាណ។

    មួយធ្វើឲ្យប្ដីក្សេមក្សាន្ត

    របស់ប្ដីបាន

    ចេះទុករក្សា។

    មួយទោះឮពាក្យអ្នកណា

    គេតិះដៀលថា

    ស្រដីពីប្ដី។

    ពុំត្រូវអាស្រូវអប្រិយ

    ចេះការកេរ្តិ៍ប្ដី

    បែរបានជាសុខ។

    ទោះបីបើប្ដីមានទុក្ខ

    គិតឲ្យបានសុខ

    យកខ្លួនធានា។

    មួយសោតឯមិត្តភរិយា

    មានចរិតជា

    បីប្រការមិញ។

    បីដូចកលមិត្តសម្លាញ់

    មានចិត្តអស់អញ

    មិនឲ្យមានហ្មង។

    បីដូចកលប្អូននិងបង

    ប្រាសយូរលង់ហោង

    ទើបមកជួបគ្នា។

    មានចិត្តប្រតិព័ទ្ធមហិមា

    ត្បិតបានជួបគ្នា

    មិនឲ្យមានហ្មង។

    មួយមានមារយាទកន្លង

    ទោះឃើញប្រុសផង

    មិនល្អៀងចិត្តទៅ។

    រីទាសភរិយានោះកូវ

    ក្នុងមាត្រាត្រូវ

    ប្រពន្ធខ្ញុំប្ដី។

    ចរិតប្រាំបីប្រការខ្មី

    មួយចិត្តខ្លាចប្ដី

    ក្រែងប្ដីវាយជេរ។

    ប្រុងចិត្តការគិតខ្មាសគេ

    មិនឲ្យប្ដីជេរ

    បន្ទោសខ្លួនបាន។

    ទោះខឹងប្ដីក្រៃប៉ុន្មាន

    មិនចេះហៅហាន

    ឆ្លើយឈ្លោះតមាត់។

    មួយទោះប្ដីនោះកាចក្ដាត់

    ខឹងដល់វាយវាត់

    ជេរចោរដកទង។

    មិនហ៊ានឆ្លើយឈ្លោះរំលង

    តតបទៅផង

    ក្រែងឮកេរ្តិ៍ឆ្ងាយ។

    មួយចេះប្រដាប់រៀបបាយ

    ប្ដីដើរជិតឆ្ងាយ

    មិនហ៊ានបរិភោគ។

    អត់ចាំទម្រាំប្ដីមក

    ជួបជុំទើបយក

    បរិភោគផងគ្នា។

    នេះឯងហៅទាសភរិយា

    សម្ដេចភគវា

    ទេសនាប្រោសប្រាប់។

    បើអស់ស្រីណាបានស្ដាប់

    យកទុកជាច្បាប់

    ក្នុងប្រាណសព្វថ្ងៃ។

    លុះអស់អាយុក្សិណក្ស័យ

    បានទៅកើតឰ

    តុសិតសួគ៌នាយ។

    នឹងបានក្សេមក្សាន្តពណ្ណរាយ

    សេពសុខសប្បាយ

    និរទុក្ខកយា។

    រីឯប្រពន្ធពុំជា

    ពេជ្ឈឃាតភរិយា

    ចរិតមានបួន។

    កុំឲ្យយកទុក្ខក្នុងខ្លួន

    ឲ្យចៀសចេញជួន

    កើតកម្មវេរា។

    មួយចិត្តគំនិតចង់ជា

    ឆ្លាស់ឆ្លើយបំពារ

    បំពានឲ្យប្ដី។

    ប្រទូសរឹងរូសខ្ញូវខ្ញី

    មិនចេះចាញ់ប្ដី

    ថាឯងគ្រាន់បើ។

    ឆ្លើយឆ្លងសូរសងបណ្ដើរ

    ចង់ឈ្លោះឲ្យស្មើ

    ឲ្យលើសប្ដីវិញ។

    មួយមិនចង់ធ្វើបំពេញ

    បង្អាប់ប្ដីវិញ

    ឲ្យថ្កើងខ្លួនឯង។

    អាងចេះដៀលតិះពុំក្រែង

    ឲ្យប្ដីស្ដាប់ឯង

    ដោយចិត្តអន្ធពាល។

    មួយមានចិត្តនោះស្រើបស្រាល

    ចង់ត្រេកត្រអាល

    ចោលពេញមុខប្ដី។

    មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ

    ចង់សម្លាប់ប្ដី

    ស្រឡាញ់ប្រុសទៀត។

    គិតកាប់សម្លាប់បង់ម្សៀត

    នឹងយកប្រុសទៀត

    ធ្វើប្ដីមរណា។

    រីឯសត្រូវភរិយា

    ចរិតពុំជា

    ប្រាំពីរប្រការ។

    មួយមិនខ្លាចប្ដីអាត្មា

    បង្គាប់ត្រង់ណា

    ពុំធ្វើតាមចិត្ត។

    មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់

    ប្ដីសួរបីម៉ាត់

    ពុំស្រដីផង។

    មួយប្ដីស្រដីគន្លង

    ប្រដៅច្បាប់ផង

    ពុំចូលចិត្តស្ដាប់។

    មួយមិនចង់ឲ្យប្ដីគាប់

    មិនចង់ប្រដាប់

    ឲ្យប្ដីថ្កុំថ្កើង។

    មួយទោះនឹងស្រដីឡើង

    ពាក្យធំចចើង

    ចចេសនឹងប្ដី។

    មួយទោះប្ដីលោះខ្ញុំស្រី

    វាបម្រើប្ដី

    មិនឲ្យអាក់អន់។

    ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់

    ក្នុងចិត្តប្រច័ណ្ឌ

    ជេរថានាយអាយ។

    មួយត្បិតប្ដីមានសាហាយ

    ហួរហែកសុសសាយ

    ឲ្យប្ដីអាស្រូវ។

    រីចោរភរិយានោះកូវ

    ចរិតពុំត្រូវ

    មានបីប្រការ។

    មួយចង់ចាយទ្រព្យប្ដីណា

    ឲ្យខូចអសារ

    មិនគង់ជាល្អ។

    មួយប្ដីឃ្មាតខ្មីខំរក៍

    របស់បានមក៍

    មិនថែទាំទុក។

    លួចឲ្យទៅម្ដាយឪពុក

    ប្ដីសួររកមុខ

    មិនប្រាប់ឡើយណា។

    មួយខ្ជិលមិនចង់ធ្វើការ

    កុហកមុសា

    ថាឯងរវល់។

    ដេកលេងចំខែងអស់កល

    លុះប្ដីគេយល់

    ពុតធ្វើជាឈឺ។

    ទទូរដេកថ្ងូរហ៊ឺៗ

    ប្ដីហៅមិនឮ

    ពុតចង់តែស្លាប់។

    នេះហៅប្រពន្ធពុំគាប់

    ស្រីណាកាន់ខ្ជាប់

    ពុំដែលរសាយ។

    លុះអស់អាយុក្ល័យក្លាយ

    ធ្លាក់ទៅអបាយ

    ទាំងបួនចំពូក។

    តែងនឹងរងទុក្ខរងសោក

    រំដោះរួចមក

    កើតជាមនុស្សខ្ទើយ។

    ហេតុអកុសលនេះហើយ

    ត្បិតខ្លួនឥតត្រើយ

    ធ្វើខុសគន្លង។

    ខុសវត្តប្រតិបត្តិឆ្គាំឆ្គង

    មិនរៀងមិនរង

    ខុសនឹងច្បាប់ស្រី។

    មាក់ងាយនោះមានប្រាំបី

    មានក្នុងបាលី

    ព្រះធម៌លោកថា។

    មាក់ងាយមួយនោះឯងណា

    ត្បិតប្ដីពិការ

    មិនបានមាំមួន។

    ខឹងស្អប់ធុញថប់មិនទ្រាំ

    មិនមានរកថ្នាំ

    គ្រូគ្រោះមេមត់។

    មើលប្ដីឲ្យជាឆាប់ផុត

    ខឹងវិញមិនអត់

    បន់ឲ្យប្ដីស្លាប់។

    មាក់ងាយមួយប្ដីខ្សត់ទ្រព្យ

    គ្មានកេរកោះគាប់

    ស្មើនឹងអាត្មា។

    ដៀលត្មះថាច្រាសដោយសារ

    ព្រោះខ្ជិលធ្វើការ

    ទើបគ្មានរបស់។

    មាក់ងាយត្បិតប្ដីអប្បយស

    ឯងត្រកូលខ្ពស់

    ពូជពង្សពុំស្មើ។

    ឆ្មើងខ្លួនឲ្យប្ដីបម្រើ

    ឈ្លោះឡើងហើយដើរ

    ដៀលត្មះពូជពង្ស។

    មាក់ងាយមួយត្បិតប្ដីល្ងង់

    ខ្លៅខ្លួនទ្រមង់

    ទ្រមក់យឺតយូរ។

    ដៀលត្មះពុំចេះអាសូរ

    សម្ដីខ្មោះខ្មូរ

    មិនក្រែងប៉ុនសក់។

    មាក់ងាយមួយប្ដីអាក្រក់

    សាច់ខ្មៅប៉ប៉ក់

    មុខអុតស៊ីសុស។

    កន្ទ្រល រោងរលក្រអុះ

    សក់ស្កាញស្កូវសុស

    ពោះធំប៉ុនពាង។

    ខ្លួនឯងចិញ្ចែងរូបរាង

    ខ្លួនសល្អជាង

    ថាប្ដីមិនសម។

    មាក់ងាយមួយប្ដីមិនខំ

    ធ្វើការលេលាំ

    ឡែឡដើរលេង។

    ឆ្លៀតឆ្លើយបោះពាក្យគគ្រេង

    ឈ្លោះជេរមិនឈ្វេង

    គិតខុសមាត្រា។

    មាក់ងាយមួយប្ដីផឹកស្រា

    ស្រវឹងចោលការ

    ដើរលេងតែតោ។

    ពាក្យក្អេងរាំច្រៀងឡោៗ

    ឲ្យឆ្កែព្រុសឆោ

    ផ្អើលភ្ញាក់កូនចៅ។

    ឮមាត់ប្ដីហើយខឹងក្ដៅ

    ប្រទេចជេរទៅ

    តាមដោយចិត្តក្នាញ់។

    មាក់ងាយមួយទៀតនោះមិញ

    ត្បិតប្ដីស្រឡាញ់

    លលូកប្រឡែង។

    មួលបិចចាក់ចុចជាល្បែង

    មិនមានកោតក្រែង

    បានចិត្តជេរវិញ។

    ត្បិតតែយល់គេស្រឡាញ់

    ស្រដីផងមិញ

    គំរោះគំរើយ។

    ធ្វើក្នាញ់បែរចេញព្រងើយ

    គេនឹងកន្តើយ

    ក្និចក្នក់មាយា។

    ពុំបានក្សេមក្សាន្តនឹងគ្នា

    មាក់ងាយនេះជា

    គំរប់ប្រាំពីរ។

    កូនអើយនេះហើយច្បាប់ស្រី

    ឲ្យកូនពិសី

    រករៀនរក្សា។

    យកទុកក្នុងអង្គអាត្មា

    ប្រសើរក្ដាត់ណា

    កើតសុខសួស្ដី។

    ប្រសើរទាំងនាលោកិយ

    ទោះបរលោកក្ដី

    សឹងលុះប្រាថ្នា។

    ទោះចិត្តគន់គិតសច្ចា

    ជាពុទ្ធមាតា

    សឹងបានបរិបូរណ៍។

    ដូចចិត្តឆុតឆាប់ពុំយូរ

    កបកើតសម្បូរ

    សម្បត្តិទ្រព្យផង។

    កើតយសខ្ពង់ខ្ពស់កន្លង

    យឺនយូរឥតហ្មង

    ដូចក្ដីប្រាថ្នា។

    ច្បាប់នេះឧត្តមថ្លៃថ្លា

    ទោះស្រីឯណា

    ឮហើយមានភ័ព្វ។

    ជាល្អកម្របានស្ដាប់

    ស្ដាប់ហើយចូរចាប់

    ចូរចាំគ្រប់គ្នា។

    បានដល់មគ្គផលសួគ៌ា

    ប្រសើរសោភា

    ចូរចាំកុំភ្លេច។

    ចរចាអស់អាថ៌ពាក្យពេចន៍

    ពាក្យពិតកាព្យកិច្ច

    បរិបូរណ៍ប្រពៃ។

    ប្រាជ្ញាប្រែរីឯនាមនៃ

    ខ្ញុំឈ្មោះម៉ឺន មៃ

    មែនមានសទ្ធា។

    មានចិត្តកួចគិតកាព្យា

    កបកើតជ្រះថ្លា

    ត្រេកត្រង់កុសល។

    សច្ចាប្រាថ្នាមគ្គផល

    ផុរផុសយោបល់

    លេចលើកទុកនៅ។

    ទោះបីសេចក្ដីខុសត្រូវ

    សូមទានតម្រូវ

    តម្រង់ឲ្យផង។

    កុំត្មះតិះដៀលឡើយហោង

    សូមសាងផលផង

    ទុកតសាសនា។

    សម្រាប់ជាច្បាប់មាត្រា

    សូរេចបការា

    បរិបូរណ៍ចែងចប់៕

    ដកស្រង់ពីសៀវភៅ ច្បាប់ផ្សេងៗ បោះ​ពុម្ព​ផ្សាយ​ជា​ធម្ម​ទាន ដោយ​អង្គ​ការ​សន្តិ​ស្ម័គ្រ​

    ចិត្ត​ជប៉ុន ប្រចាំនៅកម្ពុជា (អេស​ វី អេ) ភ្នំបេញ ព.ស ២៥៤៩-គ.ស ២០០៥

    ស្លាក:  ព័ត៌មានថ្មីៗ  កំណាព្យ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់  ពាក់ព័ន្ធករណី អំពើលួចកាលពីវេលាម៉ោង០២:០០នាទីយប់ឈានចូលព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ កួយ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី៤ សង្កាត់ទឹ...Read more
    ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោសកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៨,៣៤នាទីព្រឹក នៅចំណុចមុខហាងលក់អាហារយីហោមីឡូទល់មុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី ជនសង្ស័យចំនួនពីរនាក់ មិនស្គាល់អត្តសញ្ញណ...Read more
    លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃលោក ស្រីលី អ៊ុំអេង និង​ស្វាមី មានចិត្តសប្បុរសធម៌​បាន​​ធ្វើ​បុណ្យ​កុសល្យ ដោយ​បាន​យកថវិការ​ទៅ​ប្រគេន ព្រះចៅអធិការវត្ត ប្រាសាទរង្សី នៅស្រុកពួក ខេត្តសៀមរាប ចំនួន​ ៥០០០ដុល្លារ​អាមេរិក ដើម្បី​សាង​សង់​ព្រះវិ...Read more
    អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះលែងក្រុម​ប្រជាពលរដ្ឋជួលដីគេធ្វើស្រែស្ថិតក្នុង ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បាន​អះ​អាង​ថា អាជ្ញាធរស្រុកពួក រួមជាមួយមេ​ប៉ុស្តិ៍ ប្រធាន​សហគមន៍ និង​ប្រ​ធាន​ការិយាល័យអន្តរវិស័យ បាន​ចុះចាប់អ...Read more
    សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជនសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៦ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ ចំនួន ៤ រូប​ USEA ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រិតលេខ ៦៣ អន...Read more
    បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញជាតិឈ្មោះ ក្អោប រ៉ន ចោល?នរណាៗក៏គេបានដឹង​ដែរថាលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ​ជាជនបំផ្លាញធន​ធាន​ធម្ម​ជាតិ បំផ្លាញ​ជាតិ ហើយ​​បំផ្លាញសន្លឹក​ឆ្នោត​របស់គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទង្វើ​ពុក​រលួយចាក់ឬស​​កប់​យ៉ាង​ជ្រៅពុំអាច​កែប្រែបាន​រប...Read more
    តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?លោក ផ្លុងរ៉េត អាយុ៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាចេក​ សង្កាត់ជ្រាវ ក្រុង​សៀម​​រាប មុខរបរ​ជា ចាងហ្វាង​កាសែត កម្ពុជាសុវណ្ណភូមិ ដែលមានទីស្នាក់ការ​កណ្តាល​ក្នុង​ភូមិ​ជ្រាវ សង្កាត់ជ្រាវ ក្រុង​សៀមរាប មានគេ...Read more
    រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែលមានស្ដង់ដាត្រឹមត្រូវក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់​ទេស​ចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដ៏ទា​ក់ទាញ​ថ្មីមួយ​ទៀតនៅខេត្តសៀមរាប...Read more
    កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍វេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះដែលដឹកនាំដោយលោក សុ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប កម្លាំងស្នងការនគរបាលខេត្តសៀមរាបដែលដឹកនាំដោយ ឯកឧត្តម ម៉ក ធារា ស្នងការរងខេត្តសៀមរាប និងកម្លាំងអធ...Read more
    ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាបនៅព្រឹកថ្ងៃទី២៨ខែមិនាឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងនគរបាលផ្នែកអន្តោប្រវេស ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កម្...Read more
     លិខិតមិត្តអ្នកអាន
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7587នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    43113នាក់
    ខែនេះ    391733នាក់
    ឆ្នាំនេះ   2617149នាក់
    សរុប   33283395នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 18:04