តាំងពីបុរាណរហូតមក យើងតែងសង្កេតគេរៀបចំពិធីសែនក្រុងពាលី នៅក្នុងពិធីប្រពៃណីផ្សេងៗដូចជា ក្នុងពិធីច្រត់ព្រះនង្គ័ល ពិធីរៀបចំអាពាហ៍ពិពាហ៍ ពិធីចាប់ដាំពូជលើដីថ្មី ពិធីសុំកន្លែងសងផ្ទះថ្មី ជាដើម។ ប៉ុន្តែសព្វថ្ងៃនេះ គេបានបោះបង់ចោល ឬនៅមានតិចតួចណាស់។ តើពិធីសែនក្រុងពាលីនេះគេធ្វើដើម្បីអ្វី?
មនុស្សជំនាន់ដើម ពុំទាន់មានការចេះដឹង និងយល់ពីបាតុភូតធម្មជាតិនៅឡើយ។ គេជឿថាធម្មជាតិទាំងអស់សុទ្ធតែមានអទិទេព ព្រាយបីសាច ឬអំណាចអ្វីមួយថែរក្សា។ ម្លោះហើយគេនាំគ្នាគោរពធម្មជាតិ បួងសួងបន់ស្រន់សុំសេចក្តីសុខពីធម្មជាតិសំខាន់ៗ ដូចជាព្រះធរណី ព្រះច័ន្ទ ព្រះសូរ្យ ព្រះវាយុ ព្រះភិរុណ…។
ពិធីសែនក្រុងពាលី
ក្រុងពាលី គឺជាសេ្តចនៃពួកទេវតា ដែលជាម្ចាស់ទឹក ម្ចាស់ដី និងជាអ្នកផ្តល់សេចក្តីសុខគ្រប់បែបយ៉ាងដល់មនុស្សគ្រប់រូបដែលរស់នៅលើផែនដីនេះ។
ពិធីសែនក្រុងពាលីនេះ មានទាក់ទងទៅនឹងរឿងរាវខ្លះៗ ដែលមានក្នុងព្រាហ្មសាសនាផង និងពុទ្ធ សាសនាផង។
ក្នុងព្រាហ្មសាសនា មានរឿងតំណាលថា មានយក្សមួយឈ្មោះពាលី គ្រប់គ្រងលើទឹកដីទាំងមូល ហើយតែងតែធ្វើបាបយាយីដល់មនុស្សលោក។ ឃើញសភាពបែបនេះព្រះវិស្ណុបានក្រឡាខ្លួនជាមនុស្សតឿឈ្មោះ វាមរៈ មកស្នើសុំដីពាលីបីជំហ៊ានសំរាប់ជាជំរកដល់មនុស្សលោក។ យក្សពាលីយល់ព្រមតាមសំណើរមនុស្សតឿ។ ព្រះវិស្ណុក្រលាខ្លូនយ៉ាងធំឈានមួយជំហ៊ានបានផែនដី មួយជំហ៊ានបានឋានសួគ៌ និងមួយជំហ៊ានទៀតបានស្ថានបាតាល។ ចាប់ពីពេលនោះមកមនុស្សបានសុខរហូត។
ក្នុងរឿងពុទ្ធសាសនា ក៏មានដំណាលថា ពេលដែលព្រះសមណគោត្តមអន្ទោលយកកំណើតជាស្តេចស្វាខ្មៅមួយឯក្រុងពាលីជាស្តេចស្វាស នៅមាត់ច្រកសមុទ្រ (បាងសមុទ្រ) ម្ខាងម្នាក់។ ក្រុមស្វាទាំងពីរមិនត្រូវគ្នាទេ តែងប្រខាំគ្នាយកស្លាប់រស់។ ឃើញសភាពបែបនេះ ព្រះពោធិសត្វជាស្តេចរបស់ក្រុមស្វាខ្មៅ ក៏អធិដ្ឋានបារមីសុំអោយហោះរួច ហើយហោះទៅចុះចំកណ្តាលហ្វូងស្វាស។ ដំណឹងនេះលឺដល់ស្តេចស្វាសៗខឹងក្រេវក្រោធថា កន្លែងនេះមានតែអញជាធី ហើយក៏ជួបនិងស្វាពោធីសត្វ។ ស្វាពោធិសត្វបាននិយាយអួតសរសើរថាស្តេចស្វាសមានចិត្តសប្បុរសមិនបង្កជំលោះមិនចងពៀរ ហើយបានសុំចងមិត្តមេត្រីនិងគ្នាចាប់ពីពេលនោះមកស្វាទាំងពីរក្រុមបានសុខសប្បាយនិងគ្នា លែងរំលោភព្រៃរកស៊ីដូចមុនទៀតហើយ។ ស្តេចស្វាខ្មៅ និងស្តេចស្វាស ស្រលាញ់គ្នាណាស់។ ស្តេចស្វាសគោរពស្វាពោធិសត្វជាគ្រូ ហើយបានបួងសួងកើតជាតិណាកុំអោយផុតពីការទំនុកបំរុងគ្នាទៅវិញទៅមក។
លុះកន្លងជាតិមក ស្តេចស្វាខ្មៅ បានត្រាសដឹងជាព្រះសាម្មាសាម្ពុទ្ធ ជាស្តេចស្វាសកើតជាស្តេចក្រុងពាលីសោយរាជនៅកណ្តាលចក្រវាឡមានរូបរាងជាមនុស្សពាក់កណ្តាល ជាសត្វពាក់កណ្តាល គឺមានមុខមាត់សំលៀកបំពាក់ជាមនុស្ស មានម្រាមដៃ ម្រាមជើង និងកន្ទុយជាស្វាស ហើយអួតអាងអំណាច ប្ញទ្ធានុភាពវាតទីយកទឹកដី ទ្វីទាំងបួនកាន់កាប់ទៀត។ ក្រុងពាលីមានកូន៧នាក់ប្រុស៦នាក់ ស្រីម្នាក់ជាកូនពៅ ព្រះអង្គបានចែកទឹកដី អោយកូនទាំង៧នាក់គ្រប់គ្រង។ ឯនាងនាថវត្តី ជាកូនស្រីត្រូវបានគ្រប់គ្រងជម្ពូទ្វីប ដែលចែកជា១៦នគរ ហើយបានរៀបចំអភិសេកជាមួយស្តេចនាគរាជឈ្មោះ ជម្ពូបាបកាស។
ព្រះសាម្មាសាម្ពុទ្ធបានយាងទៅប្រោសសត្វ នៅនគរទាំង១៦ ជាហេតុធ្វើអោយជម្ពូបាបកាស ខឹងក្រេវក្រោធ ខ្លាំងដោយយល់ថា ទឹកដីជម្ពូទ្វីបនេះ ជាកេរ្តិ៍ឪពុកក្មេកហេតុអ្វីក៏ព្រះសមណគោត្តម មកបណ្តុះបណ្តាលប្រជាជនយកទឹកដីរបស់អញ។ ជម្ពូបាបកាសយកទ័ពទៅច្បាំង តែនាង នាថវត្តី ឃាត់ចាំទៅទូលព្រះបីតាសិន។ ពេលដឹងដំណឹងក្រុងពាលីខឹងក្រេវក្រោធ មានតែអញជាអ្នកត្រួតត្រាលើកណ្តាប់ដៃចក្រវាឡនេះ ម៉េចក៏មានសមណគោត្តមមកពីណា ដើរបណ្តុះបណ្តាលប្រជាជន ត្រូវចាប់ខ្លួនយកទៅធ្វើទោសកុំអោយអ្នកពួងយកតំរាប់តាម។
ព្រះសាម្មាសាម្ពុទ្ធដឹងញាណថា ក្រុងពាលីខឹង ក៏បង្រួមផែនដីអោយពាលីមកដល់ឆាប់ ព្រោះស្តេចក្រុងពាលីបានសន្យាជួយសង្គ្រោះគ្នាតាំងពីមានកំណើតជាស្តេចស្វាសមកម្លេះ។ ពេលក្រុងពាលីជួបព្រះភ័ក្រព្រះសាម្មាសាម្ពុទ្ធ ក៏ធ្លាក់ទឹកចិត្ត រលាយរលត់ទោសៈអស់រលីង ព្រោះព្រះអង្គបាននិយាយ ព្រះអង្គជាកូនមហាចក្រពត្រាធិរាជ្យ បើថាគាត់លោភលន់ចង់បានទឹកដីរាជសម្បត្តិ មិនចេញមកបួសទេ ការមកនេះគឺគ្រាន់តែប្រោសសត្វអោយរួចផុតពីទុក្ខ ព្រះអង្គក៏សំដែងប្រាប់ស្តេចក្រុងពាលី រឿងអតីតជាតិ ក្រុងពាលីដឹងខ្លួនក៏គោរពព្រះពុទ្ធ ហើយសុំបួសជាមួយព្រះពុទ្ធ។ ព្រះពុទ្ធប្រាប់ថាមិនអាចបួសបានទេ ព្រោះស្តេចក្រុងពាលីជាមនុស្សពាក់កណ្តាល ជាសត្វពាក់កណ្តាល ព្រះអង្គអាចជួយបានតែអោយសីល៥ កម្មបទ១០ ធ្វើជាពូជទៅអនាគតប៉ុណ្ណោះ។ ស្តេចពាលីក៏បានទទួលសីល៥ ផ្ទាល់ពីព្រះអង្គ ហើយក្រាបទូលសុំពរអោយឆាប់រួចពីជាតិដែលអាក្រក់ថោកទាបនេះ។ ព្រះអង្គសន្យានិងប្រកាសដល់ពួកបរិស័ទទាំងអស់អោយមានសទ្ធាជ្រះថ្លា ថ្វាយមហាទាន ឧទ្ទិសចំណែកកុសលទៅជួយរំដោះទុក្ខ ស្តេចក្រុងពាលី។
ក្រោយមកពួកបរិស័ទ កាលណាត្រូវធ្វើបុណ្យទាន គេតែងតែឧទ្ធិសចំណែកផល ជូនទៅក្រុងពាលីគ្រប់ៗគ្នា ជារៀងដរាបមក តាមបង្គាប់ព្រះសាម្មាសាម្ពុទ្ធដែលទ្រង់បញ្ញតិ ទុកអោយនោះឯង ក្រោយព្រះពុទ្ធទ្រង់បរិនិព្វានពិធីនេះ ធ្វើច្របូកច្របល់ ហើយមានរៀបសែនក្រុងពាលីរៀងមក ក្នុងពិធីផ្សេងៗព្រោះយល់ថា ស្តេចក្រុងពាលីជាអ្នកត្រួតត្រាលើទឹកដីទាំងមូល៕ (ដកស្រង់ចេញពី Tourist Guide 2003)