ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំង (ឈ្មោះ អូន ញ៉ាញ់) រកស៊ីដឹកជញ្ជូនឈើអត់ច្បាប់ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ យកទៅលក់នៅខេត្តផ្សេងៗ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ សម្ថកិច្ច និងមន្ត្រីជំនាញនៅតាមដងផ្លូវសម្ងំកើបលុយដាក់ហោប៉ៅ ជាថ្នូរក្នុងការគេចវេសមិនចុះបង្ក្រាបទៅតាមតួនាទីរបស់ខ្លួន។
បើទោះបីជា ឯកឧត្តម នាយឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងក្តៅគគុកឲ្យមន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី បង្ក្រាបបទល្មើសព្រៃឈើដែលជាធនធានធម្មជាតិឲ្យខានតែបានជាដាច់ខាតយ៉ាងណាក៏ដោយ ក៏អស់លោកមន្ត្រីគ្រាប់ល្ពៅមួយចំនួននៅក្នុង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ទាំងនោះនៅតែគ្មានចំណាត់ការទប់ស្កាត់ បង្ក្រាបទៅតាមបទបញ្ជាទាល់តែសោះ ហើយថែមទាំងបន្តបើកដៃបណ្តោយឲ្យពួកឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល។
ជាក់ស្តែងជារៀងរាល់យប់ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំងឈ្មោះ ចែ ញ៉ាញ់ និងកូនចៅ បានធ្វើសកម្មភាពដឹកជញ្ជូនឈើទ្វារអត់ច្បាប់តាមរយៈរថយន្តជាច្រើនគ្រឿងដូចជា ១.រថយន្តម៉ាក កូរ៉េ ពណ៌ស ពាក់ស្លាកលេខ (សៀមរាប 2C-3005) ២. រថយន្តម៉ាក ហ្វ្រន់ធា ពណ៌ស ពីរបាំង ពាក់ស្លាកលេខ (បាត់ដំបង 2B-2795) ៣. រថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ៤. រថយន្តម៉ាក ម៉ាស្ដា មួយបាំងកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខ (ខេមរភូមិន្ទ 2-8915) ដឹកឈើទ្វារពេញៗរថយន្ដចេញពីខេត្តព្រះវិហារ ធ្វើដំណើរឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅតាមបណ្ដាខេត្តនានាដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម។
ប្រជាពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថា ប្រហែលជាមេឈ្មួញស្រីឈ្មោះ ចែ ញ៉ាញ់ នេះមានការរៀបចំជាកញ្ចប់លុយឲ្យ សមត្ថកិច្ចនិងមន្ត្រីជំនាញចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត អស់ហើយក៏មិនដឹង? ប្រសិនបើសមត្ថកិច្ចនិងមន្ត្រីជំនាញគ្មានការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធនោះទេ គឺមេឈ្មួញស្រីរូបនេះក៏មិនអាចធ្វើការដឹកជញ្ជូនឈើទ្វារអត់ច្បាប់ទាំងនេះ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ទៅខេត្តផ្សេងៗបានតាមតែអំពើចិត្តនោះឡើយ ព្រោះត្រូវប្រឈមមុខនិងការបង្ក្រាបជៀសមិនផុតនោះទេ។ ប្រជាពលរដ្ឋជាច្រើនសូមធ្វើការសំណូមពរនិងអំពាវនាវទៅដល់ឯកឧត្តមអភិបាលខេត្តព្រះវិហ៊ារ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ និង មន្ត្រីជំនាញពាក់ព័ន្ទបទល្មើសព្រៃឈើមេត្តាចាត់វិធានការបង្ក្រាបមេឈ្មួញឈើឈ្មោះ ចែញ៉ាញ់ នេះទៅតាមផ្លូវច្បាប់ផង៕
ថ្ងៃនេះ | 5480 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 46844 | នាក់ |
ខែនេះ | 362091 | នាក់ |
ឆ្នាំនេះ | 2215370 | នាក់ |
សរុប | 55814266 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 11:43 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net