ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផលជិត៥ហិតា របស់គាត់ត្រូវបានជនខិលខូចមានបំណងរំលោភបំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អ្នកមីង សន ស៊ឺន អាយុ៥៨ឆ្នាំ និងស្វាមីឈ្មោះ គឹម ហ៊ុន អាយុ៦១ឆ្នាំ ដែលមានអាសយដ្ឋានដូចខាងលើ មានដីស្រែប្រាំងនៅវាលក្រោមតំព្រៃលិចទឹកដែលរដ្ឋកាត់ឆ្វៀលហើយ ចំនួន ៤៨៦០០ ម៉ែត្រការ៉េ ដែលបានទិញតពីប្រជាពលរដ្ឋពីរគ្រួសារដូចខាងក្រោម៖
១-ឈ្មោះ ហួត លាយ (ប្តី) ឆ្នាំកំណើត ១៩៤៧ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ ប៉ូ សារិន ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២២០០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។
២-ឈ្មោះ ហេង គឹមថូ (ប្តី) ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ និង (ប្រពន្ធ) ឈ្មោះ ជីវ ស៊ីថុន ឆ្នាំកំណើត ១៩៥៤ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២៦៦០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។
លោក គឹម ហ៊ុន និង អ្នកមីង សន ស៊ឹន តាំងតែពីគាត់បានទិញដីពីរប្លង់ខាងលើនេះនៅឆ្នាំ២០១៧ ពួកគាត់ពុំដែលទុកដីឱ្យនៅទំនេរចោលនោះទេ គឺពួកគាត់បានធ្វើស្រែជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ។ លុះដល់អំឡុងខែគុម្ភៈ ឆ្នាំ២០២៤នេះ ខាងសូរិយោដីស្រុកប្រារាយណ៍បានចុះបាញ់ប្លង់កំណត់ព្រំប្រទល់ជូនពលរដ្ឋ លោកពូ គឹម ហ៊ុន និង អ្នកមីង សន ស៊ឺន ពុំបានចូលរួមទេ ព្រោះមិនមានអាជ្ញាធរណាជូនដំណឹងពួកគាត់ទេ។ ក្រោយមកពួកគាត់ពីនាក់ប្តីប្រពន្ធបានសាកសួរអាជ្ញាធរ និងសាកសួរខាងសូរិយោដី ដែលចុះបាញ់ប្លង់ ទើបដឹងថា ពួកគាត់មិនមានឈ្មោះលើដីស្រែខាងលើនេះទេ មានតែឈ្មោះ ប៉េង ឃាង ទៅវិញ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាអ្នកធ្វើស្រែអាស្រ័យផលនៅក្បែរដីអ្នកមីង សន ស៊ឺន បានអះអាងប្រាប់អ្នកយកព័ត៌មានយើងថា ដីស្រែដែលអ្នកមីង សន ស៊ឺន ធ្វើស្រែអាស្រ័យផលខាងលើនេះ ពិតជាដីរបស់គាត់មែន ព្រោះពួកគាត់ធ្វើស្រែនៅទីនោះយូរឆ្នាំណាស់មកហើយ ពុំដែលមានអ្នកណាមកអះអាងថា ជាដីរបស់ខ្លួនឡើយ ទើបតែពេលថ្មីៗនេះលេចលឺមានឈ្មោះ ប៉េង ឃាង មកបាញ់ប្លង់ព័ទ្ធយកដីរបស់គាត់ទៅវិញ។
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសាលាឃុំចុងដូង ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសូរិយោដីស្រុកបារាយណ៍ ដើម្បីឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយទប់ស្តាក់ក្នុងការចេញប្លង់ទៅឱ្យឈ្មោះ ប៉េង ឃាង ព្រោះដីនេះជាដីស្របច្បាប់ដែលគាត់បានអាស្រ័យផលតាំងតែពីឆ្នាំ២០១៧ និងមានលិខិតស្នាមទិញលក់ត្រឹមត្រូវ។
កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៊ី មីន អនុប្រធានសូរិយោដីស្រុកបារាយណ៍បានប្រាប់អ្នកយកព័ត៌មានយើងថា សុំឱ្យភាគីទាំងសងខាងទៅចចារគ្នានៅសាលាឃុំចុងដូច បើចចារមិនត្រូវ ខាងសូរិយោដីមិនចេញប្លង់ឱ្យទាំងសងខាង។ នៅរសៀលថ្ងៃដដែលនេះផងដែរ លោក កែវ អូក មេឃុំចុងដូងបានសន្យាថា នឹងកោះហៅភាគីទាំងពីរមកដោះស្រាយគ្នានៅសាលាឃុំនៅក្នុងសប្តាហ៍នេះ តែមិនទាន់កំណត់ថ្ងៃនោះទេ។
នៅរសៀលម៉ោង១និង៣៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប៉េង ឃាង បានប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទថា ដីជាង៦០ហិតានោះលោកបានទិញតាំងតែពីឆ្នាំ២០០៨មកម្លេះ ហើយបើមានភាគីណាអំអាងថាជាដីរបស់ខ្លួនសុំឱ្យគាត់កាន់ឯកសារយកមកតទល់គ្នាចុះលោក មិនបដិសេធនោះទេ។ លោក ប៉េង ឃាង បន្ថែមថា ខាងសាលាឃុំពុំទាន់កោះហៅគាត់នៅឡើយទេ បើហៅថ្ងៃណាលោកនឹងចូលដោះស្រាយ៕ ដោយ៖ ផ្លុង រ៉េត
ថ្ងៃនេះ | 2011 | នាក់ |
ម្សិលមិញ | 4201 | នាក់ |
សប្ដាហ៍នេះ | 21335 | នាក់ |
ខែនេះ | 108229 | នាក់ |
ឆ្នាំនេះ | 3446748 | នាក់ |
សរុប | 52806674 | នាក់ |
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 09:02 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net