មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត់កសិនសំរាប់ចាក់សំរាម ដែលទង្វើទាំងនេះធ្វើអោយមានការរិះគន់យ៉ាងខ្លាំពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានទៅទស្សនានៅទីនោះ។
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា អ្នកឆែកសំបុត្រ ប៉ូលីស អាជ្ញាធរអប្សរា ដែលឈរចាំយាមនៅទីនោះហាក់ធ្វើមិនដឹងមិនលឺចំពោះអ្នកដែលយកសំរាមទៅចាក់នៅទីនោះ។ ប្រភពបន្តថា សំរាមដែលចាក់នៅទីនោះមានដូចជា សំបកដបទឹកសុទ្ធ សំបកដូង ថង់ផ្លាស្ទិច និងសំរាមផ្សេងៗទៀត ដែលត្រូវបានគេសង្ស័យថា ជាសំរាមដែលក្រុមអ្នកលក់ដូរនៅទីនោះយកទៅបោះចោល ដោយមិនបានវិចខ្ចប់ដាក់ធុងសំរាមអោយបានត្រឹមត្រូវ។ ប្រភពបន្តថា នៅក្បែររណ្តៅសំរាមខាងលើនេះ ក៏មានក្លិនលាមកស្អុយឆាបឆួលពាសពេញព្រៃ ព្រោះនៅក្បែរៗទីនោះមិនមានបង្គន់អនាម័យសំរាបបន្ទោបង់ទេ។
ប្រភពបន្ថែមទៀតថា គេសង្កេតឃើញក្រុមក្មេងទំនើងបានជិះម៉ូតូចេញចូលតាមមាត់កសិនខាងកើតឆ្ពោះទៅទិសខាងជើងដោយបើកបរលើថ្មមាត់កសិនជាហែរហូរបន្តកន្ទុយគ្នា មួយចេញមួយចូល ដោយមិនដឹងថា ពួកគេចូលទៅទីនោះដើម្បីធ្វើអ្វី? គេមិនបានដឹងថា ចូលទៅអង្គុយកម្សាន្តលេងធម្មតា ឬនាំគ្នាទៅធ្វើអ្វីផ្សេងនោះទេ តែទោះជាយ៉ាងណាក៏អាជ្ញាធរអប្សរា មិនគួរអោយក្មេងៗទាំងនោះទៅបើកបរមូតូចេញចូលតាមមាត់កសិន ដែលជាហេតុអាចធ្វើអោយថ្មមាត់កសិនបាក់បែកខូចខាតដោយប៉ះទង្គិចជាមួយនិងឈ្នាន់ម៉ូតូ និងទទួលរំញ័រពីការបើកម៉ូតូ ដែលអាចធ្វើអោយថ្មមាត់កសិនបាក់រលំរលាយហិនហោចដោយយថាហេតុ។
ក្រុមពលរដ្ឋដែលបានឃើញរណ្តៅសំរាម និងធុំក្លិនលាមកពេញព្រៃក្បែរប៉ុស្លិ៍យាមខាងលើនេះ បានរិះគន់ថា តំបន់ទេសចរណ៍ធម្មជាតិដែលគេល្បីសុសសាយលើសកលលោក មិនគួរអោយគេយកសំរាមមកចាក់ពាសវាលពាសកាល ហើយបណ្តោយអោយមនុស្សទៅបន្ទោបង់ពេញព្រៃដូច្នេះទេ។ ពលរដ្ឋនៅខេត្តសៀមរាបទំលាក់កំហុសទាំងនេះទៅលើស្ថាប័ណអាជ្ញាធរអប្សរាទាំងស្រុងព្រោះតំបន់ប្រាសាទអង្គរគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធរអប្សរា។
ពលរដ្ឋបន្តរិះគន់ថា បើលោក ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបមិនឆាប់មានវិធានការទប់ស្កាត់បញ្ហាខាងលើនេះទេ នៅមាត់កសិនក្បែរច្រកចូលខាងកើតនៃខ្លោងទ្វារប្រសាទអង្គរវត្តច្បាស់ជាក្លាយជាកន្លែងស្តុកសំរាម និងក្លាយជាព្រៃអាចម៌ជាក់ជាមិនខាន៕ ដោយ៖ សៀ-វិនិច្ឆ័យ
ថ្ងៃនេះ | 13098 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 54462 | នាក់ |
ខែនេះ | 369709 | នាក់ |
ឆ្នាំនេះ | 2222988 | នាក់ |
សរុប | 55821884 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 16:52 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net