បទល្មើសនេសាទបានកើតឡើងខ្លាំងជាងមុននៅឃុំកំពុងឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានការឃុបឃិតពីនាយផ្នែករដ្ឋបាលជលផល និងអាជ្ញាធរដែនដី បើកដៃអោយអ្នកមានអំណាច មានលុយកាត់ មានមុខមាត់ ដាក់ណរ៉ាយក្រឡាញឹករាប់រយរាប់ពាន់ម៉ែត្រ ប្រមូលយកត្រីទាំងតូចទាំងធំនៅរដូវសំរ៉កនេះស្ទើអស់ពីបឹងទន្លេសាបទៅហើយ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំកំពុងឃ្លាំងបានរាយការណ៍ថា ឆ្នាំ២០១២នេះមានក្រុមអ្នកមានលុយមានអំណាចមួយចំនួនកំពុងប្រកបមុខរបរនេសាទខុសច្បាប់ដូចជា ការប្រើសាច់អួនក្រឡាញឹករាប់រយម៉ែត្រធ្វើជា ណរ៉ាវ ស្ទាក់យកត្រីទាំងតូចទាំងធំមិនអោយចុះទៅបឹងទន្លេសាបបានទេ។ ពួកគាត់បន្តថា ប្រជាពលរដ្ឋក្រីក្រមិនអាចមានលទ្ធភាពប្រកបរបរខុសច្បាប់នេះបានទេ ព្រោះទី១-ត្រូវបង់លុយជាច្រើនអោយទៅមន្រ្តីជំនាញ ទី២-ត្រូវចំណាយលុយជាច្រើនទិញសាច់អួន ទី៣-ត្រូវមានខ្នងមានខ្សែសំរាប់កាងកុំអោយមានស្ថាប័នផ្សេងមករារាំងរំខាន។
បុរសម្នាក់មានមាឌស្តើងកំពស់ប្រហែល១ម៉ែត្រ៦៥ មានសម្បុរសណ្តែកបាយ អុំទូកតូចដោយច្រវាខ្លី នៅយាមណរ៉ាវមួយកន្លែងបានប្រាប់អ្នកយកព័ត៌មានយើងថា ណរ៉ាវ ដែលមានប្រវែងជាង៣០០ម៉ែត្រមួយនេះមិនមែនជារបស់គេទេ គេគ្រាន់តែជាអ្នកយាមថែរក្សាតែប៉ុណ្ណោះ ឯលោកដង្ខៅ ង៉េត ជាថៅកែ កាត់នៅឯឃុំដំដែក ២-៣ ថ្ងៃគាត់ចុះមកចាប់ត្រីលក់ម្តង រឿងច្បាប់ទំលាប់សុំសួរទៅលោកថៅកែខ្ញុំទៅ។
ប្រភពពី អ្នកនេសាទស្រីម្នាក់បានលួចខ្សឹបអោយដឹងថា លោក ង៉ែត ជាអតីតកូនថៅកែឡូនេសាទនៅឃុំកំពុងឃ្លាំងនេះ តែដល់រដ្ឋាភិបាលបានប្រកាសបិតឡូនេសាទឯកជនទុកអោយរាស្រ្តរកស៊ី ទើបលោកង៉ែត មានការមិនសូវសប្បាយចិត្ត ក្នុងការប្រកបមុខរបរតូចតាច បានជាចំណាយលុយសូកប៉ាន់មន្រ្តីជំនាញ ដើម្បីដាក់ ណរ៉ាវ អោយរាងធំហើយវែងដាច់កន្ទុយភ្នែកបែបនេះ។ អ្នកនេសាទស្រីនេះបន្តថា លោក ង៉ែត ជាមនុស្សឈ្នានីសអ្នកក្រ ឃើញពលរដ្ឋក្រីក្ររកស៊ីបន្តិចបន្ទួច រាយការណ៍អោយមន្រ្តីជំនាញទៅចាប់យកមកអោយបង់លុយរាប់លានរៀល ដែលជាហេតុបណ្តាលអោយអ្នកក្រទឹកភ្នែកហូររហាមដូចអណ្តើកត្រូវភ្លើង តែខ្លួនឯងវិញរកស៊ីខុសច្បាប់គ្មានអ្នកណាដែលហ៊ានអើពើធ្វើដឹងធ្វើលឺអីទេ។ អ្នកនេសាទស្រីរូបនេះបន្ថែមថា គាត់មិនហ៊ាននិយាយច្រើនទេខ្លាចលោក ង៉ែត ដឹងគេគុំគួនធ្វើបាបគាត់ ព្រោះលោកង៉ែតជាមនុស្សមានអំណាច មានលុយរាប់លានដុលា្លរ ម្យ៉ាងវិញទៀតលោក ង៉ែតធ្លាប់និយាយថាគេជានាយទាហ៊ានមានបុណ្យសក្តិធំផងនៅខេត្តសៀមរាបនេះ សូម្បីលោក ព្រិនសាវិន នាយខណ្ឌរដ្ឋបាលជលផលក៏ជាមិត្តភ័ក្រជិតដិតរបស់លោកង៉ែតដែរ បានជាលោកង៉ែតរកស៊ីខុសច្បាប់ធំប៉ុណមេឃគ្មានអ្នកណាហ៊ានចាប់គាត់។
នៅពេលអ្នកយកព័ត៌មានយើងខលសំភាសន៍លោកង៉ែតនាពេលថ្មីៗនេះ លោកង៉ែតបានមានការប្រតិកម្មច្រឡោតតោតតូងតាមទូរស័ព្ទថា អ្នករកស៊ីបទល្មើសនេសាទមានច្រើនណាស់នៅឃុំកំពុងឃ្លាំងនេះ បើអ្នកកាសែតចុះផ្សាយចុះអោយអស់ បើចុះតែលោកម្នាក់ លោកនឹងប្តឹងទាំងអ្នកកាសែត ទាំងអ្នករកស៊ីខុសច្បាប់ផ្សេងទៀត ហើយប្តឹងទាំងមន្រ្តីជំនាញដែលឃុបឃិតយកលុយអ្នករកស៊ីបទល្មើសនេសាទផ្សេងទៀត ដែលមិនចុះបង្ក្រាបតាមច្បាប់។ លោកង៉ែតបន្ថែមតាមទូរស័ព្ទថា ពួកអស់លោកអ្នកកាសែតឯងអស្ចាប៉ុណ្ណា បើខ្លាំងទៅជួបខ្ញុំនៅការិយាល័យទី៥ក៏បានដែរ ហើយបើហ៊ានចុះផ្សាយខ្ញុំៗនឹងប្តឹង ហើយចាំជួបគ្នានៅតុលាការ។
លោក ព្រិនសាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ទី១-ណរ៉ាវ ខាងជលផលបានអនុញ្ញាតិអោយដាក់បានតែ ៥០ ម៉ែត្រប៉ុណ្ណោះ ទី២-រុញស៊ី គឺមិនអនុញ្ញាតិទេ ទី៣-លៀសខ្ចៅ អោយពលរដ្ឋប្រើកញ្ចែ្រងកើប មិនអោយប្រើម៉ាស៊ីនអូសទេ។ លោកនាយខណ្ឌបន្ថែមថា អ្នកដែលទៅបំផុសបំផុលប្រជាពលរដ្ឋថា រដ្ឋាភិបាលបានលុបប្រកាសលេខ ០០១ អោយពលរដ្ឋរកស៊ីមុខរបរនេសាទខុសច្បាប់ដូចមុននោះវាជាការឃោសនា អកុសល្យតែប៉ុណ្ណោះ វាមិនពិតទេ៕