ពេញមួយថ្ងៃ២៧ និង ២៨ មេសា កងទ័ពជាតិភូមា បានប្រើយន្តហោះទំលាក់គ្រាប់បែក ជាច្រើនគ្រាប់ ទៅលើរដ្ឋការ៉េន ភាគខាងកើតភូមា ជាប់ព្រំដែនប្រទេសថៃ។ នេះគឺជាការឆ្លើយតប ទៅនឹងសកម្មភាពវាយប្រហារ របស់កងកម្លាំងសម្ព័ន្ធជាតិការ៉េន ដែលបានដុតបំផ្លាញបន្ទាយទាហានកងទ័ពភូមាមួយកន្លែង នៅក្នុងរដ្ឋនេះ។ ប្រជាជនជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនទៅខាងទឹកដីថៃ។
លោក Sithichai Jindaluang អភិខេត្តមែហុងសន របស់ថៃ ដែលមានព្រំដែនជាប់រដ្ឋការ៉េន របស់ភូមា បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំងថា យ៉ាងហោចណាស់ មានយន្តហោះ២គ្រឿង របស់កងទ័ពជាតិភូមា បានហោះមកទំលាក់គ្រាប់បែកជាច្រើនគ្រាប់ ទៅលើតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់កងកម្លាំងសម្ព័ន្ធជាតិការ៉េន។ ដោយមិនអាចបញ្ជាក់ អំពីចំនួនមនុស្សស្លាប់ និងរបួស លោកអភិបាលខេត្តថៃរូបនេះ បានបន្ថែមថាសម្លេងកាំភ្លើងលាន់ឮសូរឥតដាច់ តាំងតែពីថ្ងៃទី២៧មេសាមកម្លេះ។
សូមរំលឹកថា កាលពីថ្ងៃអង្គារទី២៧មេសា នៅវេលាព្រឹកព្រហាម កងកម្លាំងសម្ព័ន្ជជាតិការ៉េន (KNU) បានវាយដណ្តើមបាន និងដុតបំផ្លាញចោល បន្ទាយទាហានមួយកន្លែង របស់កងទ័ពជាតិភូមា។ កងទ័ពជាតិភូមា បានប្រកាស ធ្វើការវាយបកវិញ នៅក្នុងថ្ងៃដដែលនោះ។ ដោយសារតែការបាញ់រះ និងការទំលាក់គ្រាប់បែក ប្រជាជនជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនទៅខាងទឹកដីថៃ។ អាជ្ញាធររដ្ឋាភិបាលថៃ បានអះអាងថា គឺមិនលូកដៃ គាំទ្រភាគីខាងណាមួយឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលថៃ បានត្រៀមជួយផ្នែកមនុស្សធម៌ ប្រសិនបើចាំបាច់។ ទឹកដីថៃធ្លាប់បានទទួលជនភៀសខ្លួនការ៉េន ជាច្រើនម៉ឺននាក់រួចទៅហើយ នៅក្នុងសម័យរបបផ្តាច់ការយោធាភូមា កាលពីជំនាន់មុន។
សូមរំលឹកថា កាលពីចុងខែមីនា កងកម្លាំងសម្ព័ន្ធជាតិការ៉េន បានវាយកម្ទេចបន្ទាយកងទ័ពជាតិភូមាមួយកន្លែងរួចហើយ និងបានសម្លាប់ទាហានភូមា១០នាក់។ ជាការឆ្លើយតប កងទ័ពជាតិភូមា ក៏បានទំលាក់គ្រាប់បែកលើភូមិជនជាតិការ៉េន ហើយបានបណ្តាលឲ្យមនុស្សប្រមាណ២៤០០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។
ដោយឡែក ក្រៅពីក្រុមសម្ព័ន្ធជាតិការ៉េន ដែលបានផ្ទុះអាវុធ ជាមួយកងទ័ពជាតិភូមា កងកម្លាំងដើម្បីឯករាជ្យរដ្ឋកាឈីន នៅភាគខាងជើងឯណោះ ក៏បានចាប់ផ្តើមចេញប្រយុទ្ធ តទល់ជាមួយកងទ័ពជាតិភូមាដែរ។ លោក Naw Bu អ្នកនាំពាក្យរបស់កងកម្លាំងដើម្បីឯករាជ្យរដ្ឋកាឈីន (KIA) បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំង នៅថ្ងៃពុធទី ២៨មេសាថា ការផ្ទុះអាវុធរវាងកងទ័ពទាំង២ បានបណ្តាលឲ្យមានទាហានរបួសទាំងសងខាង តែមិនបានប្រាប់ចំនួនទេ។
សូមបញ្ជាក់ថា ក្រោយពេលកងទ័ពជាតិភូមា បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជី ក្រុមកងកម្លាំងជនជាតិភាគតិចជាច្រើនក្រុម បានប្រកាសប្រឆាំង ហើយបានសន្យាថានឹងកាន់អាវុធចូលប្រយុទ្ធ ដើម្បីជួយប្រជាជនភូមា។ ភ្លើងសង្គ្រាមស៊ីវីល ដែលគេបារម្ភខ្លាចថានឹងឆាបឆេះនោះ គឺពេលនេះបានចាប់ផ្តើមឆេះទៅហើយ៕
ប្រភពព័ត៌មានៈ RFI
ថ្ងៃនេះ | 3143 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 44507 | នាក់ |
ខែនេះ | 359754 | នាក់ |
ឆ្នាំនេះ | 2213033 | នាក់ |
សរុប | 55811929 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 06:52 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net