មន្ត្រីការបរទេសចិនបានចេញមុខការពារខ្លួនចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក អំពីទំនាក់ទំនងយោធាជាមួយកម្ពុជា ពិសេសលើការព្រួយបារម្ភចំពោះវត្តមានកងទ័ពចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការចេញមុខអះអាងជាថ្មីរបស់ភាគីចិន គឺធ្វើបន្ទាប់ពីមានការលើកឡើងរបស់ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា អំពីការសាងសង់មូដ្ឋានទ័ពចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។
ទំនាក់ទំនងរវាងចិន និងកម្ពុជាបានរួមចំណែក ធ្វើឲ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសន្និសិទកាសែតប្រចាំថ្ងៃរបស់ខ្លួន ដែលដកស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិន និងកម្ពុជារីករាយនឹងមិត្តភាពប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
បើតាមអ្នកនាំពាក្យការបរទេសចិនរូបនេះ ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗ និងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការចេញមុខអះអាងជាថ្មីរបស់ភាគីចិនបែបនេះ គឺបន្ទាប់ពីមានការលើកឡើង របស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នៅចំពោះមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ អំពីការសាងសង់មូដ្ឋានយោធាចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិករូបនេះ សំដែងជាកង្វល់ថា សកម្មភាពយោធារបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកស្រី ថែមទាំងជំរុញមេដឹកនាំកម្ពុជាឲ្យរក្សាគោលនយោបាយការបរទេសប្រកបដោយតុល្យភាព និងឯករាជ្យ។
ឆ្លើយតបនឹងការលើកឡើងម្តងហើយម្តងទៀតពីបញ្ហាមូលដ្ឋានកងទ័ពចិននៅកម្ពុជានេះ ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅថ្ងៃទី៣ មិថុនា ក៏បានអះអាងថា កម្ពុជានឹងអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកចុះពិនិត្យទីតាំងកំពង់ផែរាមដោយផ្ទាល់ ដើម្បីជំរៈមន្ទិលសង្ស័យពីវត្តមានមូលដ្ឋានកងទ័ពចិន៕
ប្រភពព័ត៌មានៈ RFI
ថ្ងៃនេះ | 3119 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 44483 | នាក់ |
ខែនេះ | 359730 | នាក់ |
ឆ្នាំនេះ | 2213009 | នាក់ |
សរុប | 55811905 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 06:47 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net