នៅមុនពេលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សោយទិវង្គត តើព្រះអង្គមានព្រះរាជឱង្កាណែនាំអ្វីខ្លះដល់ព្រះរាជវង្សានុវង្ស?
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានឲ្យដឹងនៅថ្ងៃទី១៦ តុលា ថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមុនព្រះអង្គសោយទិវង្គត ព្រះអង្គមានព្រះរាជឱង្កាណែនាំដល់ព្រះរាជវង្សានុវង្សឲ្យធ្វើអំពើល្អនៅក្នុងសង្គម និងផ្ដល់ភាពយុត្តិធម៌ដល់ប្រជារាស្ត្រខ្មែរទូទៅ។
អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ និងជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា នៅពេលព្រះរាជវង្សានុវង្សទៅថ្វាយបង្គំគាល់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គតែងតែលើកអំពីគោលបំណងសំខាន់របស់ព្រះអង្គឲ្យមានការបង្រួបបង្រួមជាតិ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលឲ្យដឹងនេះ នៅបន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលទិវង្គតនៅថ្ងៃទី១៥ តុលា។
ទាក់ទងទៅនឹងការសោយទិវង្គតរបស់អតីតព្រះមហាវីរក្សត្រនេះ សាធារណជនខ្មែរ និងមន្ត្រីអង្គការសង្គមស៊ីវិល បានសម្ដែងក្ដីព្រួយបារម្ភខ្លាចប្រទេសកម្ពុជា បាត់បង់នូវការបង្រួបបង្រួមជាតិ និងឯកភាពជាតិ។
ភ្ជាប់ទៅនឹងបញ្ហានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានសម្ដែងព្រះរាជហរទ័យព្រួយបារម្ភអំពីបញ្ហានេះដែរ។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានផ្ដែផ្ដាំថា ប្រទេសជាតិអាចជឿនលឿនទៅបានលុះត្រាតែនៅក្នុងប្រទេសមានយុត្តិធម៌សង្គម និងយុត្តិធម៌សេដ្ឋកិច្ច។
ទោះបីជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានប្រសូតអ្នកចេះដឹងជាច្រើននៅក្នុងសង្គមកម្ពុជា ដើម្បីជួយរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឲ្យកម្ពុជា មានការបង្រួបបង្រួមជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍រងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋាន គឺសហគមន៍បឹងកក់ និងបុរីកីឡា រាប់រយនាក់ បានឲ្យដឹងថា ពួកគេនឹងដង្ហែក្បួនទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលរួមរំលែកទុក្ខដល់អតីតព្រះមហាវីរក្សត្រ នៅថ្ងៃទី១៧ ខែតុលា នៅគ្រាដែលរដ្ឋាភិបាលបានដង្ហែព្រះបរមសពរបស់ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ពីសាធារណរដ្ឋប្រជាមានិតចិន យកមកតម្កល់នៅព្រះបរមរាជវាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Copyright © 1998-2011 Radio Free Asia. All rights reserved.
ថ្ងៃនេះ | 4340 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32899 | នាក់ |
ខែនេះ | 180527 | នាក់ |
ឆ្នាំនេះ | 3763187 | នាក់ |
សរុប | 53123113 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:56 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net