បន្ទាប់ពីភ្លើងឆេះផ្សារាត្រីកាលពីយប់ថ្ងៃទី៧ឈានចូលទី៨ ខែធ្នូ ឆ្នាំ២០១២ ដែលបណ្តាលអោយមនុស្សសរុប៩នាក់បានបាត់បង់ជីវិត លុះព្រឹកឡើងលោក ប៊ុនម៉េង ដែលត្រូវជា បង បងថ្លៃ និងជាឪពុកមាសាកសពបានយកទូដែក១គ្រឿង ទូរទស្សន៍LCD១គ្រឿង កុំព្យូទ័រ១គ្រឿង និងបង្វិចគ្រឿងអល័ង្គការមួយចំនួនមកផ្ទះរបស់ខ្លូន ដែលជាហេតុធ្វើអោយមានការ តវាពីសំណាក់ឪពុកក្មេកសាកសពរហូតមានការប្តីផ្តល់គ្នាដល់ថ្ងៃនេះមិនទាន់ចប់។
លោក អ៊ាតាំង ដែលត្រូវជាឪពុក ឪពុកក្មេក និងជីតា ជនរងគ្រោះខាងលើមួយក្រុមគ្រួសារដែលមានប្ដីឈ្មោះ ហ៊ូ តឹកអន, អ៊ា ឡៃហ៊ាង ដែលជាប្រពន្ធបានអះអាងថា ការដែលលោក ប៊ុនម៉េង យកទូដែកចេញពីផ្ទះឆេះរបស់សព ហ៊ូ តឹកអន និងសពប្រពន្ធឈ្មោះ អ៊ា ឡៃហ៊ាង គឺលោក ប៊ុនម៉េង មិនបានពិភាក្សាជាមួយរូបលោកទេ។ លោកអ៊ាតាំងបានបន្តថា លោកបានតាមទៅដល់ផ្ទះលោក ប៊ុនម៉េង ដើម្បីពិនិត្យទូដែក និងសំភារៈមួយចំនួនទៀតថាមានអ្វីខ្លះ ប៉ុន្ដែលោក ប៊ុនម៉េង ចាក់សោរទ្វាររបងជាប់ មិនអោយលោកចូល ដូច្នេះលោកក៏ត្រឡប់មកកន្លែងភ្លើងឆេះវិញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា គេឃើញលោក ភាគីខាង លោកអ៊ាងតាំង និងភាគីខាងលោក ប៊ុនម៉េង ដណ្តើមទ្រព្យសម្បត្តិខាងលើទៅវិញទៅមក។ ប្រភពបន្តថា ឃើញដូច្នេះទើបសមត្ថកិច្ចតាមទៅសុំយកវត្ថុតាងទាំងនោះដើម្បីធ្វើកំណត់ហេតុ ថាមានអ្វីខ្លះនៅសេសសល់។
សមត្ថកិច្ចបានប្រាប់ថា ខាងសមត្ថកិច្ច និងលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដសៀមរាប ដែលមានវត្ដមាននៅកន្លែងកើតហេតុដែរនោះក៏បានដឹងរឿងទូដែក ក៏បានឯកភាពគ្នាជាមួយលោក អ៊ាតាំង ហៅលោក ប៊ុនម៉េង ធ្វើដំណើរទៅផ្ទះលោក ប៊ុនម៉េង ក្នុងគោលបំណងធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវអំពីរបស់ទាំងនោះ ប៉ុន្ដែនៅពេលទៅដល់ផ្ទះលោក ប៊ុនម៉េង ស្រាប់តែលោកប៊ុនម៉េងបានរារាំងមិនឱ្យសមត្ថកិច្ចចូលទៅត្រួតពិនិត្យរបស់ទាំងនោះទេ ហើយលោក ប៊ុនម៉េង បានចាក់សោររបងជាប់មិនអោយនរណាចូលបានឡើយ ហើយជិះរថយន្តទៅបាត់។ សមត្ថកិច្ចបន្តថា ដោយមានពាក្យបណ្តឹងពីលោក អ៊ាតាំង ទើបព្រះរាជអាជ្ញាក៏ដឹកនាំសមត្ថកិច្ចនគរបាលជាច្រើនរូប ហើយក៏មានដីកាឆែកឆេរលំនៅដ្ឋាន ចេញដោយលោកចៅក្រម គី រិទ្ធី ទើបឃើញក្មេងស្រីជំទង់ម្នាក់បើកសោរឱ្យសមត្ថកិច្ចចូលទៅឆែកឆេរតាមសំរួល។ សមត្ថកិច្ចបន្ថែមថា ទូដែក និងសំភារៈទាំងអស់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការ នគរបាលខេត្ដសៀមរាប ដើម្បីទុកដោះស្រាយ។
លោក ប៊ុនម៉េង បានបដិសេធថា លោកពុំបានយកទូដែក និងសំភារៈមកផ្ទះដោយចិត្តឯងនោះទេ គឺមានការឯកភាពពីលោក អ៊ាតាំង ដែរ។ លោកប៊ុនម៉េងបានបន្ថែមថា លោកយកទូដែក និងសំភារៈទាំងនោះមកផ្ទះគឺក្នុងគោលបំណង យកទៅទុកជាសវាងបាត់បង់តែប៉ុណ្ណោះ មិនមែនលោកចង់បានទេ។
ក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រីនេះ គេសង្កេតឃើញមានវត្តមានលោក សតណាឌី ស្នងការនគរបាលខេត្ដសៀមរាប បានចុះសំដែងការសោកស្តាយអាណិតអាសូដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត។ លោកសតណាឌី បានដន្និដ្ឋានជាជំហ៊ានដំបូងថា ករណីឆេះផ្សារខាងលើ គឺកើតឡើងដោយសារទុសេខ្សែភ្លើង ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ លោកកំពុងតែពិនិត្យនិងស្រាវជ្រាវបន្ដទៀត ក្រែងមានមូលហេតុផ្សេងណាមួយ៕
ថ្ងៃនេះ | 4445 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33004 | នាក់ |
ខែនេះ | 180632 | នាក់ |
ឆ្នាំនេះ | 3763292 | នាក់ |
សរុប | 53123218 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:18 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net