ថ្មីៗនេះបន្ទាប់ពីការដើរល្បាតព្រៃអស់រយៈពេល ៣ថ្ងៃបណ្តាញសហគមន៍ព្រៃឡង់ប្រមាណ៥០នាក់ បានធ្វើការបំផ្លាញម៉ាស៊ីនត្រង់ស៊ីន័រអារឈើចំនួន៥គ្រឿងដែលពួកគេរឹបអូសបានពីក្រុមអ្នកកាប់ឈើ និងបានរកឃើញបទល្មើសបំផ្លាញព្រៃឈើយ៉ាងពេញបន្ទុក ហើយក៏មានរថយន្តដឹកឈើហ៊ុប និងដឹកឈើមូលប្រមាណពី១០ទៅ១៥គ្រឿងក្នុងមួយថ្ងៃៗ ចេញពីក្រុមហ៊ុនដីសម្បទាន CRCK។
ឈើទាំងនោះមួយផ្នែកធំមិនមែនកាប់នៅក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនយួន CRCK ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅតំបន់ព្រៃឡង់នោះទេ ប៉ុន្តែជាឈើដែលកាប់នៅខាងក្រៅរង្វង់ដីសម្បទានរបស់ក្រុមហ៊ុនយ៉ាងមហន្តរាយទៅវិញ។
តំណាងសហគមន៍បណ្តាញព្រៃឡង់ បានឱ្យដឹងថាពួកគាត់នាំគ្នាដើរល្បាតព្រៃចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចមួយចំនួន ហើយបានប្រទះឃើញបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់យ៉ាងច្រើន គឺមានការកាប់ឆ្ការព្រៃធ្វើចំការនិងការកាប់ព្រៃរានយកដីលក់ឱ្យឈ្មួញទុច្ចរិត។
ប្រការនេះបានធ្វើឱ្យព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងប្រឈមនឹងសេចក្តីវិនាសសាបសូន្យចៀសមិនផុតឡើយ ព្រោះក្រុមជនល្មើសមិនញញើតក្នុងការបំពានលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តិច ។
តំណាងបណ្តាញសហគមន៍ព្រៃឡង់បានឱ្យដឹងទៀតថាពួកគាត់មានការសោកស្តាយព្រោះក្នុងមួយថ្ងៃមានរថយន្តដឹកឈើចេញប្រមាណពី១០ទៅ១៥គ្រឿង ហើយក្នុងមួយរថយន្តផ្ទុកឈើពី៤០ទៅ៥០ម៉ែត្រគូប ដូច្នេះព្រៃឈើក្នុងតំបន់ព្រៃឡង់មិនអាចគេចផុតពីសេចក្តីវិនាសសាបសូន្យនោះទេ។
នៅក្នុងរយៈពេល៣ថ្ងៃដែលប្រជាសហគមន៍នាំគ្នាដើរល្បាតក្នុងព្រៃ គឺចាប់បានម៉ាស៊ីនត្រង់ស៊ីន័រចំនួន ៥គ្រឿង ព្រមទាំងឈើអារទុកចោលប្រមាណ ៣០ម៉ែត្រគូប និងបានរកឃើញរថយន្តដឹកឈើមូលចេញពីក្រុមហ៊ុន CRCK ប្រមាណ ១០ទៅ១៥គ្រឿង ក្នុងមួយថ្ងៃ។
ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមិនត្រឹមតែគ្មានការលើកទឹកចិត្តប្រជាពលរដ្ឋដែលហ៊ានធ្វើសកម្មភាពការពារព្រៃឈើនោះទេ ប៉ុន្តែគេបែរជាចេញមុខការពារផលប្រយោជន៍ក្រុមហ៊ុនទៅវិញ។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកនាយករដ្ធមន្រ្តី ហ៊ុន សែន កំពុងនាំឱ្យមានបទល្មើសបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ហើយសកម្មភាពរកស៊ីជួញដូរឈើគ្រញូងខុសច្បាប់នៅតែបន្តកើតមានយ៉ាងពេញបន្ទុកដដែល។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនយួន ក្រុមហ៊ុនចិនវិនិយោគរយៈពេល ៩៩ឆ្នាំគឺជាប្រភពនៃការបំផ្លាញធនធានព្រៃឈើយ៉ាងពេញបន្ទុក ៕ ប្រភពពី សសឃក
ថ្ងៃនេះ | 4603 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33162 | នាក់ |
ខែនេះ | 180790 | នាក់ |
ឆ្នាំនេះ | 3763450 | នាក់ |
សរុប | 53123376 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:45 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net