សៀមរាប ៖ គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប ក្រោមប្រធានបទចូលធ្វើឲ្យជីវិត និង សហគមន៍យើងគ្មានគ្រឿងញៀន ដែលប្រព្រឹត្តនៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក មន្តី្ររាជការ ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ចំនួន៣ពាន់នាក់ចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានរាយការណ៍អំពីលទ្ធផលនៃការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ របស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងមន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ ក្នុងនោះមានចំនួនសារុប ១១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៨២នាក់ ប្រមូលវត្ថុតាងបានរួមមាន ប្រភេទថ្នាំមេតំហ្វេតាមីន កេតាមីន កូកាអ៊ីន ថ្នាំគ្រាប់ WY និងមានកញ្ឆាក្រៀម ព្រមទាំងបញ្ជូនជនល្មើសផ្តន្ទាទោសចំនួន ២៧៥ នាក់ ស្រី ៥១នាក់ ។ ក្នុងនោះដែរឯកឧត្តមក៏បានអាននូវសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ជនរួមជាតិ សម្ខាន់ចំពោះក្រុមយុវវ័យកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៥នេះ ។ ក្នុងសារលិខិតនោះក៏បានបញ្ជាក់នូវ អត្ថន័យ ខ្លឹមសារ ក្នុងការដាល់ទឿនដល់ប្រជាពលរដ្ឋគ្រប់ទាប់យុវវ័យ ត្រូវឲ្យចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ ជាការដាស់នូវស្មារតីដល់ជនគ្រប់រូប ឲ្យរួបរួមគ្នាកសាងសង្គមមួយ ដែលគ្មានការផលិត ការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សូមឲ្យក្មួយៗទាំងឡាយត្រូវចាកឆ្ងាយពីគ្រឿងញៀន និង ចាប់យក កីឡាដែលនាំឲ្យមានសុខភាពមាំមួនផងដែរ ។
បន្ទាប់ពីចំណាប់អារម្មណ៍អ្នកផ្តាច់គ្រឿងញៀន និង ការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រមទាំងការអានសាលក្រមដុតបំផ្លាញគ្រឿងញៀនរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការប្រារព្ធឡើងនូវទិវានេះ គឺស្ថិតក្នុងបំណងបំផុសស្មារតី និងអំពាវនាវឲ្យជនគ្រប់រូប យកចិត្តទុកដាក់ និង ចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាព ដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីព្រោះថាបើគ្មានការចូលរួមពីសំណាក់មហាជនគ្រប់រូបនោះទេ ការដោះស្រាយបញ្ហាគ្រឿងញៀននេះ ពិតជាមានភាពស្មុគស្មាញ និងពិបាកឈានទៅរក ការលុបបំបាត់ ជាក់ជាមិនខាន ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានប្រើប្រាស់វេទិកានៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ញើសារទៅកាន់បងប្អូនពលរដ្ឋ និងក្មួយៗដែលបាននឹងកំពុងប៉ះពាល់គ្រឿងញៀន ត្រូវព្យាយាមខិតខំបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ បើទោះជាបញ្ឈប់នោះមានការលំបាកយ៉ាងណាដោយ ហើយត្រូវហ៊ាននិយាយប្រាប់មិត្តភក្តិ បងប្អូន ឳពុកម្តាយ ដើម្បីទទួលបានការលើកទឹកចិត្ត និងគាំទ្រក្នុងការផ្តាច់គ្រឿងញៀន ។ ជាមួយនឹងការផ្ញើសារនេះ ឯកឧត្តម ក៏បានផ្ញើអនុសាសន៍បន្ថែមថា គ្មាននរណា អាចដោះស្រាយបញ្ហាគ្រឿងញៀន ដែលក្មួយៗបានប៉ះពាល់នោះ ប្រសើជាងការបោះបង់ចោលដោយខ្លួនក្មួយៗ ផ្ទាល់នោះទេ ។
គួរបញ្ជាក់ដែរថា នៅក្នុងទិវាអបអរសាទរចំពោះទិវានេះ សាលាដំបូងខេត្តសៀមរាប បានបញ្ជូនគ្រឿងញៀន ដែលទាក់ទងទៅនឹងសំណុំរឿងគ្រឿងញៀនចំនួន ៣០៦រឿង ដែលសាលាដំបូងខេត្តសៀមរាប បានចាត់ការជាសមត្ថកិច្ច និងបានចេញសាលក្រមនិងដីកាសម្រេចរឹបអូស ដើម្បីដុតបំផ្លាញចោល ។ គ្រឿងញៀនទាំងនោះរួមមាន ប្រភេទ យ៉ាម៉ា ចំនួន ៦ពាន់៣១៥គ្រាប់ ម៉ាទឹកកក ៣ពាន់៦៥៨ក្រាម និង ៥៩១កញ្ចប់ និង ថ្នាំប្រភេទ កូកាអ៊ីន ១១ពាន់៩២៦ក្រាម ,ប្រភេទ ហេរ៉ូអ៊ីន ១១កញ្ចប់ ស្រោម សំបុត្របិទជិត ១៩២កញ្ចប់ ,កញ្ឆាក្រៀម ១១កញ្ចប់ ,កញ្ឆាគ្រាប់០២កញ្ចប់ ,ម្សៅពណ៌ស្ករ ០១កញ្ចប់ និង ម្សៅពណ៌ផ្កាឈូក ០២ថង់ ត្រូវបានដុតបំផ្លាញចោលនាថ្ងៃនេះផងដែរ ៕
ដោយ លោក ខេង ខេមរា