អ្នកកាសែតម្នាក់ និងមន្រ្តីបរិស្ថានក្រសួងម្នាក់ត្រូវបានអធិការស្រុកវ៉ារិនចាប់ខ្លួន កាលពីម៉ោង៩ និង៥០នាទីយប់ថ្ងៃទី០៤ ខែមករាឆ្នាំ២០១៣ នៅចំណុចភូមិវត្ត ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។
បើយោងតាមសម្តីសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចចាប់ខ្លួនមនុស្ស២នាក់ ម្នាក់ឈ្មោះ សម តារា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឈូគ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានមុខងារជាមន្រ្តីបរិស្ថានក្រសួង។ រីឯម្នាក់ទៀតឈ្មោះ ផលចន្នី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដូចគ្នា និងដកហូតបានរថយន្តកាមរី ពណ៍ស១គ្រឿង។
លោក ត្រី ណុបសារ៉ាក់ អធិការស្រុកវ៉ារិនបានអោយដឹងថា ដំបូងឡើងលោកបានទទួលបណ្តឹងពីប្រជាពលរដ្ឋអ្នកដឹកឈើយកធ្វើផ្ទះថា មានគេឃាត់គោយន្តកន្ត្រៃរបស់ពួកគាត់ជំរិតទាប្រាក់ ទើបលោកទៅមើលឃើញដូចការរាយការនោះមែន ហើយលោកបានឃាត់ខ្លួនជនទាំង២រូបនេះទៅអធិការដើម្បីសាកសួរ។ លោកអធិការបន្តថា លោកបានរាយការជូនព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប ហើយខាងប៉ូលីសបានកសាងសំណុំរឿង ចោទពីបទកំហែងទាប្រាក់។ លោកអធិការបន្ថែមថា ទាំងមនុស្ស និងរថយន្តបានបញ្ជូនទៅស្នងការខេត្តសៀមរាបនៅរសៀលថ្ងៃទី៥មករាម្សិលមិញនេះ។
បើយោងតាមសម្តីចាងហ្វាងកាសែត ក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៦នេះថា កូនចៅរបស់លោក (ផលចន្នី) បានបដិសេធថា ពុំបានទាលុយពីឈ្មួញដឹកឈើខាងលើដូចការចោទប្រកាន់នោះទេ។ មូលហេតុដែលពួកគេចុះទៅកាក់គោយន្តកន្រ្តៃខាងលើគឺដើម្បីសួរនាំ រកម្ចាស់ រកច្បាប់ទំលាប់ក្នុងការដឹងជញ្ជួនឈើខាងលើ។ តែមិនទាន់បានសួរនាំចប់ផងស្រាប់តែឃើញប៉ូលីសជិះរថយន្តទៅដល់ចាប់ខ្លួនពួកគេតែម្តង។ លោកចាងហ្វាងនេះបន្តថា ខាងប៉ូលីសបានដាក់ខ្នោះឃុំខ្លួនកូនចៅលោក និងមន្រ្តីបរិស្ថាន មិនអោយអ្នកណាជួបសាកសួរអ្វីទាំងអស់ ដែលទង្វើនេះហាក់ដូចកូនចៅរបស់លោកជាជនក្បត់ជាតិអញ្ចឹង។
លោក សំ រិទ្ធសុខុន ព្រះរាជអាជ្ញារង និងជាតំណាងអេយ្យការ មានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៦នេះថា លោកកំពុងសាកសួរ ពុំទាន់បានចោទប្រកាន់ជនសង្ស័យទាំង២នាក់នេះនៅឡើយទេ។ លោកបន្ថែមថា លទ្ធផលយ៉ាងណាមិនទាន់ដឹងទេ លោកនឹងផ្តល់ព័ត៌មានបន្ថែមនៅពេលក្រោយទៀត។ ចំណែកឯម្ចាស់គោយន្តដឹកឈើ លោកបានអោយខាងប៉ូលីស ហៅម្ចាស់ឈើ យកឈើ និងគោយន្តកន្រ្តៃ ដែលជាមធ្យោបាយដឹកជញ្ជូនមកពិន័យតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹកការចាប់ខ្លួនអ្នកកាសែតនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់នោះ ត្រូបបានមជ្ឈដ្ឋានទូទៅគេសង្កេតឃើញថា វាហាក់មានភាពអយុត្តិធម៌ ព្រោះគេពុំដែលឃើញសមត្ថកិច្ចចាប់ខ្លួនអ្នករកស៊ីដឹកឈើខុសច្បាប់ទាល់តែសោះ តើនេះវាបណ្តាលមកពីមូលហេតុអ្វីដែរ? តើឈ្មួញដឹកឈើមានភស្តុតាងអ្វីខ្លះដែលដាក់បន្ទុកថា អ្នកកាសែតជំរិតទាប្រាក់? ឬមួយគ្រាន់តែជាការចោទប្រកាន់ដោយអណ្តាតអត់ឆ្អឹងដើម្បីយករួចខ្លួនពីការដឹកឈើខុសច្បាប់តែប៉ុណ្ណោះទេ? តុលាការគួរតែផ្តល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរអោយបានស្មើភាពគ្នាផង៕
ថ្ងៃនេះ | 711 | នាក់ |
ម្សិលមិញ | 9615 | នាក់ |
សប្ដាហ៍នេះ | 52895 | នាក់ |
ខែនេះ | 333257 | នាក់ |
ឆ្នាំនេះ | 333257 | នាក់ |
សរុប | 53932153 | នាក់ |
ថ្ងៃទី 31 ខែ 01 ឆ្នាំ 2025 ម៉ោង 05:14 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net