សកម្មភាពរកស៊ីដឹកឈើក្រញូងខុសច្បាប់របស់ឈ្មួញឈើម្នាក់ឈ្មោះលោក ពន្លង កាន់តែរីករាលដាលធំទៅៗជារៀងរាលយប់ថ្ងៃ ដែលមានការអោយដៃ ឃុបឃិតពីសមត្ថកិច្ច និងមន្រ្តីជំនាញក្នុងខេត្តតាំងពីលើដល់ក្រោម ទើបគ្មានការបង្ក្រាបទាល់តែសោះ។
ជាក់ស្តែងនៅយប់ថ្ងែទី៣១ខែមករា និងយប់ថ្ងៃទី១ឈានចូលថ្ងៃទី២ ខែគុម្ភៈ ឆ្នាំ២០១៣នេះ រថយន្តដឹកឈើក្រញូងម៉ាក បាឡែន និងក្រពើ (ហៃប្រីដ) របស់មេឈ្មួញ ពន្លក បានដឹកចេញពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ឆ្ពោះទៅខេត្តកំពង់ចាមដោយឆ្លងកាត់ខេត្តសៀមរាប និងកំពង់ធំ យ៉ាងគគ្រឹគគគ្រេង តែគ្មានការរំខានដល់អស់លោកមេព្រៃ និងសមត្ថកិច្ចតាមដងផ្លូវទេ។
នៅយប់ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៣ ប្រភពបានរាយការណ៍ថា មានរថយន្តដឹកឈើក្រញូងម៉ាកបាឡែន និងក្រពើ៥គ្រឿងឆ្លងកាត់តាមដងផ្លូវខាងលើ ដែលត្រូវបានគេស្គាល់ថា ថៅកែឈ្មោះ ពន្លង។
នៅយប់ថ្ងៃទី១ឈានចូលថ្ងៃទី២ ខែគុម្ភៈ ឆ្នាំ២០១៣នេះ មានរថយន្តម៉ាកបាឡែន ពណ៍ស្ក១គ្រឿង និងម៉ាកក្រពើ៤គ្រឿង ដឹកឈើក្រញូងពេញឆ្លងកាត់តាមដងផ្លូវខាងលើដដែល ដែត្រូវបានគេស្គាល់ថា ជារបស់លោក ពន្លក ដដែល។
ម៉ោងប្រហែល១២ និង២០នាទីយប់ថ្ងៃទី១ឈានចូលថ្ងៃទី២ អ្នកយកព័ត៌មានយើងបានរាយការណ៍ ជូនលោក ទីសុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប អំពីសកម្មភាពរថយន្តដឹកឈើក្រញូងរបស់មេឈ្មួញ ពន្លក នៅពេលដែលបណ្តាញបានរាយការណ៍មកអ្នកយកព័ត៌មានយើងថា រថយន្តដឹកឈើក្រញូងរបស់លោកពន្លកបានធ្វើដំណើរពីស្រុកអន្លង់វែង មកដល់ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប តាមដងផ្លូវលេខ៦៧ (ផ្លូវហៃវ៉េ)ហើយ។
ភ្លាមៗនោះលោក ទីសុវិញថាល់ ព្រះរាជអជ្ញា បានប្រាប់តាមទូរស័ព្ទថា លោកបានបញ្ជាអោយលោក តូចសកល អធិការស្រុកជីក្រែង ដាក់បារ៉ាសចាប់រថយន្តដឹកឈើខាងលើអោយបាន។ ប្រហែល៣០នាទីក្រោយមក រថយន្តដឹកឈើទាំង៥គ្រឿងខាងលើទៅមុខមិនរួច បានបើកបកក្រោយវិញ រួចគេចខ្លួនបាត់អស់ទៅ នៅចំណុចឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើដងផ្លូវជាតិលេខ៦ ដោយពួកគេបានប្រើរថយន្តជាច្រើនគ្រឿងបិទគូទរថយន្តដឹកឈើក្រញូងទាំងនោះ ក្នុងគោលបំណងពន្យាពេលអោយរថយន្តដឹកឈើចូលជ្រគគេចខ្លួន។
អ្នកយកព័ត៌មានយើងថតបានរូបភាព រថយន្តបិទគូទ២គ្រឿង ដែលបិទគូទរថយន្តដឹកឈើក្រញូងខាងលើដែលមានម៉ាកក្រពើ (ហៃប្រីដ) ពណ៍ខ្មៅ ១ពាក់ស្លាកលេខ ភ្នំពេញ 2Q-6078 និង១ទៀត ភ្នំពេញ 2R-8828 នៅពេលដែលរថយន្តទាំង២នេះ កំពុងព្យាយាមរារាំងមិនអោយរថយន្តអ្នកយកព័ត៌មានតាមថតរូប និងរារាំងមិនអោយរថយន្តលោក អ៊ំអមរ៉ា ស្នងការរងខេត្តសៀមរាប ដែលជិះជាមួយលោក ទីសុវិនថាល់ ព្រះរាជអាជ្ញា ដេញតាមរថយន្តដឹកឈើរបស់គេនោះទេ។
គួរបញ្ជាក់ផងដែរថា រាល់ពេលមានរថយន្តដឹកឈើក្រញូងខុសច្បាប់ឆ្លងកាត់តាមដងផ្លូវណាមួយ សមត្ថកិច្ច និងមន្រ្តីជំនាញដែលដាក់ស្នាក់ការតាមដងផ្លូវទាំងនោះតែងតែបិទទូរស័ព្ទអស់ ខលមិនចូលទេ។
យើងពុំអាចសុំការបកស្រាយពីលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានទេនៅព្រឹកថ្ងៃទី២មករានេះ ព្រោះទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកលើកទទួល។
យើងក៏ពុំអាចសុំការបកស្រាយពីមេឈ្មួញដុះស្លែឈ្មោះ ពន្លក បានដែរពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើ ព្រោះយើងមិនមានលេខទូរស័ព្ទទំនាក់ទំនងទេ។
ក្នុងនាមយើងជាពលរដ្ឋខ្មែរសូមសំនូមពរទៅ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងលោក ទាគឹមសុទ្ធ លោក វណ្ណសូផាន់ណា លោក ឆេងគឹមស៊ុន និងលោក ចាន់សរុន ដែលជាថ្នាក់ដឹកនាំធំៗពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ មេត្តាចាត់វិធានការបង្ក្រាបអោយបានទាន់ពេល តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ព្រោះឈើក្រញូងទាំងនេះជាឈាមរបស់ពលរដ្ឋខ្មែរដែលថៅកែឈើទាំងនេះ ប្រើអោយទៅលួចកាត់ពីដីថៃ ត្រូវទាហ៊ានថៃបាញ់សម្លាប់ ជារៀងរាល់ថ្ងៃនៅតាមព្រំដែន៕ ដោយ៖ ផ្លុងរ៉េត