សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើក្រញូងចេញពីតំបន់ខេត្តឧត្តរមានជ័យជាប់ព្រំដែនប្រទេសថៃនៅតែបន្តកើតមានយ៉ាងផុសផុលដដែលបើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានថ្លែងប្រមាននិងចេញចញ្ជាមិនឲ្យកើតមានតទៅទៀតយ៉ាងណាក្ដី។
មន្ត្រីអង្គការសង្គមស៊ីវិលបានថ្លែងប្រាប់កាលពីថ្ងៃសុក្រនេះថា ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងចេញបទបញ្ជាបញ្ឈប់រាល់សកម្មភាពចរាចរឈើក្រញូងនៅទូទាំងប្រទេសយ៉ាងណាក៍ដោយក៍រហូតមកដល់ពេលនេះមន្ត្រីថ្នាក់ក្រោមនៅពុំទាន់អនុវត្តតាមនៅឡើយទេ។
មន្ត្រីអង្គការសង្គមស៊ីវិលបានថ្លែងបន្តថាខេត្តឧត្តរមានជ័យដែលមានព្រំប្រទល់ជាប់ទៅនិងទឹកដីថៃនោះបច្ចប្បន្ននេះចលនាដឹកជញ្ជូនឈើក្រញូងនៅតែបន្តកើតមានឥតឈប់ឈរដោយសារតែមន្ត្រីថ្នាក់ក្រោមមិនបានទៅតាមបទបញ្ជាឲ្យមានប្រសិទ្ធភាពដែលថ្នាក់លើប្រគល់ជូន។
មន្រ្តីអង្គការដដែលបានបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានផ្លូវ២ខ្សែជាចំណុចក្ដៅគគុករបស់ឈ្មួញក្នុងការដឹកជញ្ជូនឈើចេញបានដោយសេរីពុំមានសមត្ថកិច្ចណាចេញមុខបង្ក្រាបឲ្យបានជោគជ័យស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៥នោះឡើយ។
អង្គការឃ្លាំមើលបទល្មើសព្រៃឈើបានបញ្ជាក់ផងដែរថា ផ្លូវដែលក្រុមឈ្មួញដឹកជញ្ជូនឈើក្រញូងទី១ គឺតំបន់ច្រកអូស្មាច់កាត់មកក្រុងសំរោងបន្តទៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យតាមផ្លូវលេខ៦៨ ដោយក្នុងមួយយប់ៗមានករណីរថយន្តដឹកឈើចាប់២០ទៅ៣០គ្រឿងឆ្លងកាត់ផ្លូវ១ខ្សែនេះបានដោយសុវត្ថិភាព។
ចំណែក១ខ្សែទៀតនោះផ្លូវលេខ៦៧ពីស្រុកអន្លង់វែងមកខេត្តសៀមរាបបន្តទៅខេត្តកំពង់ចាមក្នុង១យប់យ៉ាងហោចណាស់ក៍មានរថយន្តដឹកឈើមិនក្រោមពី២០គ្រឿងនោះដែរ។
បាតុភាពនេះបានកើតមានជាយូណាស់មកហើយក៍ប៉ុន្តែសមត្ថកិច្ចដែលជាសសៃឈាមរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ស្នាក់ការចាំបង្ក្រាបនូវរាល់បទល្មើសឆ្លងកាត់នោះនៅតែមិនមានចំណាត់ការដដែលមិនដឹងថាបទល្មើសព្រៃឈើទាំងនោះធ្វើចរាចរតាមរបៀបណានោះទេបើមានប៉ុស្តិ៍សមត្ថកិច្ចបណ្ដាក់គ្នារដូចខ្យងហើយនៅតែរត់រួចបាន។
រាល់ភាពអសកម្មទាំងអស់នេះត្រូវបានគេស្ដីបន្ទោសយ៉ាងចំៗទៅលើប្រព័ន្ទសមត្ថកិច្ចជាពិសេសអស់លោកមេព្រៃដែលមានតួនាទីសំខាន់ជាងគេក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនោះបែជានាំគ្នារសម្ងំឲ្យឈឹងប្រព្រឹត្តនូវអ្វីដែលរដ្ឋាភិបាលកំពុងតែចាប់អារម្មនូវអំពើពុករលួយ។
ប្រិយមិត្តអ្នកអានសូមជួយឲ្យតម្លៃចំពោះលោកឃុនប៊ុនហេង មេព្រៃផ្នែកអន្លង់វែងដែលមានតួនាទីបង្ក្រាបរាល់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួនចុះហេតុអ្វីបានជាសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីចំណុចគ្រប់គ្រងនៅតែបន្តកើតមានរហូតឬមួយមេព្រៃរូបនេះមានវាំងននខ្មៅអ្វីនៅពីក្រោយខ្នងទើបមិនហ៊ានប៉ះពាល់បទល្មើស។
យើងពុំអាចសុំការបំភ្លឺពីលោក ឃុនប៊ុនហេង មេព្រៃអន្លែងបានទេរាល់ការចោទប្រកាន់ខាងលើនេះព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល។
ពាក់ព័ន្ធសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យខាងលើនេះអភិបាលខេត្តលោក សថាវី បានថ្លែងប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០១៣ ថាក្នុងនាមអាជ្ញាធរខេត្តបានអនុវត្តតាមបទបញ្ជាលេខ០២របស់រាជរដ្ឋាភិបាលដូចភ្លៀងរលឹម ដោយបានធ្វើការផ្សព្វផ្សាយនៅតាមបណ្ដាស្រុក ក្រុងនិងភូមិឃុំដើម្បីពង្រឹងការអនុវត្តបទបញ្ជាលុបបំបាត់រាល់បទល្មើសឲ្យបានជោគជ័យ។
ប៉ុន្តែបើទោះបីជាលោក សថាវី ថ្លែងអះអាងដូចខាងលើយ៉ាងណាក៏ដោយក៏បទល្មើសឈើក្រញូងនៅខេត្តឧត្តរមានជ័យនេះចរាចរ យ៉ាងគគ្រឹកគគ្រេងដូចហែកឋិនទានជារៀងរាល់យប់បានដោយរលួនដដែល៕
ថ្ងៃនេះ | 7635 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36194 | នាក់ |
ខែនេះ | 183822 | នាក់ |
ឆ្នាំនេះ | 3766482 | នាក់ |
សរុប | 53126408 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:50 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net