ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានឲ្យដឹងថា រាល់ថ្ងៃពួកគាត់ដឹកទំនិញឬកសិផលចេញទៅលក់នៅស្រុកយួន ក៏ដូចជាទំនិញនាំចូលមកលក់ចែកចាយក្នុងប្រទេសកម្ពុជា ត្រូវជំនាញគយបង្គាប់ឲ្យបង់ពន្ធទៅតាមច្បាប់ដែលបានកំណត់ ក៏ត្រូវតែបង់លុយឲ្យប៉ុស្តិ៍ជជុះរបស់សមត្ថកិច្ចនៅជាប់ព្រំដែន មិនតិចជាង១០កន្លែងនោះទេ ហើយពេលដឹកជញ្ជូនទំនិញចូលមកដល់ក្នុងប្រទេសកម្ពុជា ត្រូវបង់លុយឲ្យនគរបាលសេដ្ឋកិច្ចប្រចាំខេត្តនីមួយៗ ប្រសិនបើឆ្លងកាត់៣ខេត្ត គ្រាន់តែបង់ឲ្យនគរបាលសេដ្ឋកិច្ចខេត្តចំនួន៣កន្លែងបាត់ទៅហើយ នៅសល់នគរបាលសេដ្ឋកិច្ចក្រសួង ក៏មាន៣កន្លែង គឺទី១ នគរបាលសេដ្ឋកិច្ចកាន់ផ្នែកទំនិញ ហើយនគរបាលសេដ្ឋកិច្ចក្រសួង ដែលកាន់ផ្នែកបទល្មើសព្រៃឈើ ក៏មកទារលុយពីឡានដឹកទំនិញ ជាពិសេសនគរបាលសេដ្ឋកិច្ចក្រសួងដែលចុះតាមផ្លូវជាតិ ក៏ត្រូវបង់លុយសឹងតែវ័ណ្ឌ.កទៅហើយ។
លោក ប៉ុល សៀង ជាប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានក្លាយជាមន្ត្រីរីកមុខគ្រប់រដូវទោះជាមានការដោះដូរប្រធាននាយកដ្ឋានប៉ុន្មានជំនាន់រួចហើយក៏ដោយ ក៏លោក ប៉ុល សៀង នៅតែមានសិទ្ធិអំណាចកាន់ការងារផ្នែកចាត់តាំង ប្រមូលលុយពីនគរបាលសេដ្ឋកិច្ចដែលត្រូវចុះប៉ុស្តិ៍តាមផ្លូវជាតិ តាមខេត្តនិងតាមផែស្ងួតជាដើមឲ្យបង់លុយទៅតាមចំនួនដែលបានកំណត់សម្រាប់ការទិញប៉ុស្តិ៍ជាថ្នូរនៃការទទួលបានលិខិតបេសកកម្មរយៈពេល៣ខែម្តង។ ចង់មន្ត្រីនគរបាលសេដ្ឋកិច្ចអស់ទាំងនោះធ្វើអ្វីក៏ធ្វើទៅឲ្យតែបានលុយយកមកបង់ជូនថ្នាក់លើឲ្យគ្រប់ចំនួននិងទៀងទាត់ពេលវេលា បង្កទៅជាភាពអនាធិបតេយ្យនាំឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីក្រុមអ្នករកស៊ីដឹកទំនិញក៏ដូចជាប្រជាពលរដ្ឋ ហើយមិនដឹងមកពីខាងណាខ្លះទេ ព្រោះគ្រាន់តែនគរបាលសេដ្ឋកិច្ចត្រូវបង់ដល់ទៅ៣ជាន់ឯណោះ។
ក្រុមអ្នករកស៊ីដឹកទំនិញមួយចំនួនទៀតបាន បានសំណូមពរឲ្យលោក នេត សាវឿន ក៏ដូចជាក្រសួងមហាផ្ទៃពិចារណាអំពីការចាត់តាំងមន្ត្រីនគរបាលសេដ្ឋកិច្ចឲ្យចុះប៉ុស្តិ៍ ដោយបញ្ជាក់ថា នៅតាមបណ្តាខេត្តមាននគរបាលសេដ្ឋកិច្ចប្រចាំខេត្តទៅហើយ មិនគួរចាត់តាំងឲ្យមាននគរបាលសេដ្ឋកិច្ចពីក្រសួងមហាផ្ទៃចុះទៅប្រចាំការតាមខេត្តទៀតទេ។ ជាពិសេសនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលចុះកាន់ផ្លូវជាតិធំៗកំពុងត្រូវប៉ាន់ក្នុងការប្រមូលលុយពីការដឹកជញ្ជូនទំនិញតាមបែបពុករលួយ ហើយរឿងសំខាន់មួយទៀតនោះ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ គួរតែបង្រួមចូលគ្នាពេលបញ្ជូនឲ្យចុះតាមខេត្ត មិនគួរបែងចែកជាពីរក្រុម ដូចជាខេត្តខ្លះ មានផ្នែកទំនិញ និងផ្នែកបង្ក្រាបបទល្មើសព្រៃឈើនៅដាច់ពីគ្នា ប៉ុន្តែពួកគេធ្វើសកម្មភាពដាក់ប៉ុស្តិ៍ជជុះដូចតែគ្នា។
ដោយឡែក លោក ប៉ុល សៀង ក៏មានសិទ្ធិអំណាចក្តោបក្តាប់ផ្លូវជាតិសំខាន់ៗចំនួន៣តាមរបៀបផ្តាច់មុខ គឺផ្លូវជាតិលេខ១ លេខ២ និងលេខ៣ រួមទាំងនៅតាមផែស្ងួតផងដែរ ដូច្នេះលោក ប៉ុល សៀង មានឱកាសច្រើនណាស់ ក្នុងការចាត់តាំងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យចុះដាក់ប៉ុស្តិ៍ជជុះតាមផ្លូវជាតិទាំង៣នេះ និងតាមផែស្ងួត ទីដែលមានការដឹកជញ្ជូនទំនិញមកពីស្រុកយួនយ៉ាងគគ្រឹកគគ្រេង។ មន្ត្រីនគរបាលសេដ្ឋកិច្ចជាច្រើន រួមទាំងលោក ប៉ុល សៀង ផងដែរ មានបានខ្លាំងសម្បើមណាស់ ហាក់ដូចជាមិនមានតុល្យភាពទៅនឹងប្រាក់ខែក្នុងក្របខ័ណ្ឌជានគរបាលនោះទេ ហើយគេចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការពិនិត្យមើលភាពអសកម្មរបស់សមត្ថកិច្ចដែលមិនបានបំពេញតួនាទីប្រមូលពន្ធជូនរដ្ឋ បែរជាចុះទៅប្រមូលលុយយ៉ាងប្រសេចប្រសាចតាមផ្លូវយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនរាប់ទសវត្សន៍មកហើយគ្មានការកែទម្រង់ ៕
ថ្ងៃនេះ | 120 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 35964 | នាក់ |
ខែនេះ | 46618 | នាក់ |
ឆ្នាំនេះ | 3944850 | នាក់ |
សរុប | 53304776 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:21 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net