ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូវក្នុងភូមិទួលពង្រ ក្រៅពីនេះផ្លូវជាតិលេខ៥ក្នុងក្រុងពេលក្រុមហ៊ុនរថយន្ត ដឹកដីយកទៅលក់ម្តងៗ មិនដែនមានការគ្របអ្វីឡើយ បានធ្វើឲ្យជ្រុះដីរាយប៉ាយពេញដងផ្លូវ នៅពេល ពលរដ្ឋ អ្នកដំណើរជាតិ អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ដីទាំងនោះត្រូវខ្យល់បក់ ហ៊ុយទ្រលោម ចូលភ្នែក ចូលច្រមុះ ដែលឥទ្ធិពលអាក្រក់ទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជម្ងឺផ្សេងៗបាន ពិសេសគឺធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងសុខមាលភាពពលរដ្ឋរស់នៅសងខាងផល្លូវតែម្តង។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទូរសព្ទ័មក សុំអោយអ្នកសារព័ត៌មាន ជួយចុះផ្សាយជុំវិញករណីខាងលើ ព្រោះពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងក្រោយពីប្តឹង ចូលអាជ្ញាធរភូមិ សង្កាត់ ក្រុង ជាច្រើនលើកច្រើនសារឲ្យជួយអន្តរាគមន៍ តែអាជ្ញាធរហាក់គ្មានដំណោះ ស្រាយទាល់តែសោះ ឬ មួយក៏អាជ្ញាធរទាំងនោះបានទទួលសំណែនពីពួកអស់លោក ម្ចាស់ក្រុមហ៊ុនដែលរកស៊ីកាយដីនិងដឹកដី លក់ទាំងនោះ។
ពលរដ្ឋក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បាននិយាយពេញៗមាត់ថា វាពិតជា អយុត្តិធម៌ណាស់សម្រាប់ការរស់នៅរបស់ពួកគាត់ ដូចជាការរស់នៅក្នុងឋាននរកអញ្ចឹង គឺមួយថ្ងៃទៅ មួយថ្ងៃមិនដែលបានស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែដីហុយ មកលើសម្លៀកបំពាក់ ផ្ទះសំបែង និងផ្លូវមួយចំនួនត្រូវបានបាក់ រហូតមិនអាចធ្វើដំណើរបាន បញ្ហាទាំងនេះកើតឡើងដោយសារតែក្រុមហ៊ុនចំនួន៦ ក្នុងនោះក្រុមហ៊ុន ចាងតេងភាវ លិចធ្លោជាងគេ កាយដីនិងដឹកដីលក់ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតែងតែបង្កសម្លេងរំខាន និងបើកបរលឿនៗ បង្ហុយដី ដាក់គេឯង ដោយគិតតែប្រយោជន៍របស់ខ្លួននិងមិនគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋឡើយ។
លោក រ៉ាន់ ចំរើន មេភូមិទួលពង្រ បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន វាពិតជាអយុត្តិធម៌ណាស់ មានពលរដ្ឋ៣គ្រួសារបានបង្ខំចិត្តលក់ផ្ទះសំបែង ចាកចេញពីភូមិទាំងទឹកភ្នែក ព្រោះតែមិនអាច បន្តរស់នៅទៀតបាន ព្រោះវាប្រឈមនឹងការបាក់ធ្លាក់ផ្ទះចូលរណ្តៅ ដោយសារឈ្មួញជីករណ្តៅធំមហាសាល។ លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លូវមួយចំនួនត្រូវបានបាក់ចូលរណ្តៅ មិនអាចធ្វើដំណើរបានទៀតផង ពេលរដ្ឋដឹកដីទាំងនោះឆ្លងកាត់តែងតែហ៊ុយដីចូលភ្នែក ចូលច្រមុះ ផ្ទះសំបែងពលរដ្ឋរហូត ចំពោះបញ្ហានេះមានពលរដ្ឋប្តឹងមក៣លើក លោកក៏បានរាយការជូនថ្នាក់លើ និង កោះហៅអស់លោកខាងក្រុមហ៊ុនកាយដីលក់មកធ្វើកិច្ចសន្យាដែរ តែពុំដែលមានក្រុមហ៊ុនណាមកធ្វើ កិច្ចសន្យាទេ ខាងក្រុងក៏បានហៅទៅសួរនាំដែរ តែខាងក្រុមហ៊ុនគ្មានគោរពច្បាប់សោះ។
ជុំវិញករណីនេះលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងតាមទូរសព្ទ័នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤នេះថា រាល់ថ្ងៃនេះមានក្រុមហ៊ុនទាំងអស់ចំនួន៦ដែលបានកំពុងធ្វើការងាររកស៊ី ជីករណ្តៅ កាយដីដឹកលក់ពេញក្រុងប៉ោយប៉ែត ហើយក៏បានធ្វើឲ្យខូចផ្លូវ បង្ហុយដីលើលំនៅដ្ឋាន ធ្វើឲ្យប៉ះពាល សុខភាពពលរដ្ឋមែន។ លោកបានច្រាលចោលការចោទប្រកាន់ថា សង្កាត់មិនបានដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ចំពោះរឿងនេះសង្កាត់បានហៅក្រុមហ៊ុនទាំងនោះមកណែនាំដែរ តែក្រុមហ៊ុននីមួយៗមិន គោរពតាមសន្យាសោះ ហើយផ្លូវដែលខូចថាធ្វើសងវិញ ក្រុមហ៊ុនដឹកដីទាំងនោះមិនឃើញធ្វើសងវិញ នៅឡើយទេ តាមការចុះមើលជាក់ស្តែងឃើញចាក់ដីបាន៣០ភាគរយប៉ុណ្ណោះ។ បើទោះបីជាបែប ណាក្នុងនាមជាអាជ្ញាធរលោកនឹងបន្តការដោះស្រាយជូនពលរដ្ឋទៀត។
បើទោះបីជាមានការអះអាងពីអាជ្ញាធរយ៉ាងដូច្នេះក៏ដោយ ពលរដ្ឋសង្គេតឃើញថា ការដោះស្រាយពិតជាមាន តែអាជ្ញាធរធ្វើការយឺតយ៉ាវណាស់ មិនខុសពីពាក្យថា ម៉ាម៉ាយកតែសូងនោះទេ។
ពលរដ្ឋសំណូមពរទៅលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ហាទាំងនេះផង អាជ្ញាធរមូលដ្ឋានអាច ពិបាកដោះស្រាយ ព្រោះឈ្មួញមានលុយ មានអ្នកមានអំណាចអន្តររគមន៍ច្រើន។
ចំពោះបញ្ហាខាងលើនេះ កម្ពុជាសុវណ្ណភូមិ មិនអាចសុំការអធិប្បាយពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយ ប៉ែតបានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕
ថ្ងៃនេះ | 4355 | នាក់ |
ម្សិលមិញ | 10381 | នាក់ |
សប្ដាហ៍នេះ | 34969 | នាក់ |
ខែនេះ | 315331 | នាក់ |
ឆ្នាំនេះ | 315331 | នាក់ |
សរុប | 53914227 | នាក់ |
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 13:13 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net