មានសេចក្តីរាយការណ៍មកថា បទល្មើសនេសាទគ្រប់ប្រភេទ និងឧបករណ៍នេសាទល្មើសច្បាប់មានដូចជា៖ប័រ អ៊ុយ រុញស៊ីប អូសអួន អូសយ៉ាំងកាវ សាច់ស្បៃម៉ុងក្រឡាញឹកជាដើម កំពុងកើតមានដូចភ្លៀងរលឹមឡើងវិញនៅតាមមាត់ព្រែកនានាក្នុងភូមិសាស្ត្រ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស ទើបគេដាក់ការសង្ស័យថាសមត្ថកិច្ចជំនាញមួយចំនួនបានទទូលលាភសក្ការៈពីក្រុមឈ្មួញដែលជាជនជាតិវៀតណាមបានប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទទាំងនោះជាច្រើនឆ្នាំមកហើយគេសង្កេតឃើញថាដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំផលត្រីកាន់តែថយចុះជាលំដាប់ដែលបណ្តែតបណ្តោយឱ្យពលរដ្ឋមួយចំនួនបង្ខំចិត្តទទួលទានត្រីចិញ្ចឹមដែលគេយកមកលក់នៅតាមទីផ្សារទៅវិញព្រោះត្រីធម្មជាតិត្រូវបានហិនហោចស្ទើរទាំងស្រុងទៅហើយ បើមិនទប់ស្កាត់ទាន់ពេលវេលា។
ប្រភពបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស កំពង់ភ្លុក មានសកម្មភាពបទល្មើសនេសាទជាច្រើនប្រភេទមានដូចជាប័រ អ៊ុយ រុញស៊ីប អូសអួន អូសយ៉ាំងកាវ ស្បៃមុងជាដើម កំពុងកើតមាន ជាយូរឆ្នាំមកហើយ ក្រោមការគ្រប់គ្រងផ្ទាល់របស់លោក ព្រិន្ទ-សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប នាយផ្នែកចុងឃ្នៀស លោក-ស្រី កែវសុភ័ក្ត បានធ្វើឲ្យបទល្មើសកើតឡើងដូចភ្លៀងរលឹម ក្នុងឆ្នាំ២០១៥នេះដោយពុំមានចំណាត់ការរបស់អាជ្ញាធរជុំវិញខេត្តនោះទេ ហើយករណីនេះគេបានដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រពន្ធ័ ។
ប្រភពបានបន្តឲ្យដឹងថា បទល្មើសជាច្រើនប្រភេទដែលកើតមានច្រើនជាងគេ គឺនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង,និងក្រុងសៀមរាបក្រោមការគ្រប់គ្រងដោយសមត្ថកិច្ចចម្រុះ ជាពិសេសខាងជំនាញរដ្ឋបាលជលផលដែលមានតួនាទីការពារតំបន់ទាំងនោះឲ្យបានស្ថិតស្ថេរ។ ប្រភពបានបន្តទៀតថា ក្រុមអ្នកនេសាទនៅតំបន់នោះតែងតែមិនហ៊ានមើលរំលងសមត្ថកិច្ចខាងលើនេះទេ បើមិនដូច្នេះគេនឹងមានវិធានការបង្ក្រាបយកស្នាដៃជូនថ្នាក់លើមើលលេងជាក់ជាមិនខាន។
ប្រភពបានបន្តទៀតថា ទាក់ទិននឹងការលើកឡើងខាងលើនេះដែរនាយផ្នែកចុងឃ្នៀស លោក ស្រី កែវសុភ័ក្តបានមានប្រសាសន៍តាមទូរស័ព្ទកាលពីពេលកន្លងទៅថា លោកទទួលស្គាល់ថា នៅក្នុងភូមិសាស្ត្រដែលលោកគ្រប់គ្រងគឺពិតជាមានមួយចំនួនមែន ប៉ុន្តែលោកបានឲ្យប្រជានេសាទធ្វើការកែប្រែឡើងវិញគឺពីវែងមកខ្លីបាន៧០%។លោកបន្តថា ចំពោះករណីថាលោកទទួលលុយពីបទល្មើសនេសាទនោះពិតជាមិនមាននោះទេ តែលោកបានលើកឡើងថា ចំពោះកូនចៅរបស់លោកវិញបានទទួលខ្លះៗដែរ។
ជុំវិញករណីចោទប្រកាន់ខាងលើនេះដែរ លោកព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មិនអាចសុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី១២ខែមិនាជុំវិញបញ្ហាបទល្មើសនេសាទដែលកើតមានពេញផ្ទៃបឹងទន្លេសាបនៃខេត្តសៀមរាបដោយទូរស័ព្ទរបស់លោកហៅចូលគ្មានលើក។
លោក សូ-ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៏តាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ខែមិនាឆ្នាំ២០១៥ថា ករណីបទល្មើសនៅក្នុងក្រុងសៀមរាបមិនអាចសុំការពន្យល់បំភ្លឺបានទេដោយសារលោកកំពុងជាប់រវល់ប្រជុំ។
គេនៅទន្ទឹងរងចាំមើលថាតើលោក ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាប អាចមានចំណាត់ការបែបណាព្រមទាំងធ្វើការដុសក្អែលមន្ត្រី ក្រោមឱវាទមួយចំនួនដែលប្រព្រឹត្តិអំពើពុករលួយ ធ្វើយ៉ាងណាដើម្បីឲ្យផលត្រីកើនឡើងវិញនិងជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយត្រូវបង្កើនការតាមដាននូវរាល់បទល្មើសផ្សេងៗព្រមទាំងចាត់វិធានការក្តៅណាមួយដូចជាដុះក្អែលទៅលើមន្ត្រីជំនាញមួយចំនួនដែលទទួលសំណូកពីបទល្មើសនេសាទ ដែលហ៊ានអនុវត្តផ្ទុយពីផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
កាលពីពេលកន្លងទៅថ្មីនេះសមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបបទល្មើសនេសាទនៅតំបន់ទន្លេសាបយ៉ាងក្តៅគគុកប៉ុន្តែនៅពេលថ្មីៗនេះ ត្រូវបានគេរាយការមកថា កំពុងកើតមានដូចភ្លៀងរលឹមទៀតហើយ ដូច្នេះ គេដាក់ការសង្ស័យថា ក្រុមការងារសមត្ថកិច្ចដែលចុះបង្ក្រាបកន្លងទៅ ហាក់បីដូចដេញត្រីចូលស៊ង ដើម្បីរង់ចាំប្រមូលប៉ុណ្ណោះ ដូចពាក្យចាស់លោកពោលថា មាន់ពងក្នុងជង្រុកស្រូវ វាលែងអីនឹងមិនស៊ីស្រូវ។
គួរបញ្ជាក់ផងដែរថា នៅតំបន់ចុងឃ្នៀសមានអ្នកនេសាទល្មើសច្បាប់ប្រភេទ យ៉ាំងកាវ រុញស៊ីបដែលជាជនជាតិវៀតណាមសុទ្ធសាធប្រកបរបរនេះ ដោយគេដឹងថាជារបរដ៏ធំមួយអាចរកចំណូលបានច្រើនជាគរក្នុងមួយថ្ងៃៗ ហើយពួកគេក៏បានបង់លុយឲ្យសមត្ថកិច្ចចំរុះជាពិសេសខាងជលផលជាដើម៕