ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត់នៅក្នុងសាលាសង្កាត់នោះទេ។
បញ្ហានេះលោកអភិបាលក្រុងប៉ោយប៉ែត និងអភិបាលខេត្តបន្ទាយមានជ័យ គួរចាត់វិធានការទៅលើបុគ្គល អាំង គីហេង ជាបន្ទាន់ដើម្បីឲ្យចៅសង្កាត់ប៉ោយប៉ែតរូបនេះ បំពេញការងារតាមតួនាទីរបស់ខ្លួនកុំធ្វើប្ញកធំជាងអភិបាលខេត្ត និងរដ្ឋមន្ត្រីតទៅទៀត។ ប្រជាពលរដ្ឋដែលខឹងសម្បានឹងលោក អាំង គីហេង បានឲ្យដឹងថា បើលោក អាំង គីហេង មិនមកបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវទេនោះ គឺល្មមដល់ពេលក្រសួងមហាផ្ទៃ ចាត់វិធានការលើជននេះហើយ។
លោក អាំង គីហេង ដែលជាចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងត្រូវប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាថា បុគ្គលនេះមិនយកចិត្តទុកដាក់បំពេញការងារបម្រើប្រជាពលរដ្ឋក្នុង មូលដ្ឋានតាមតួនាទីរបស់ខ្លួន។ ប្រជាពលរដ្ឋជាច្រើនភូមិក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យអភិបាលខេត្តបន្ទាយមានជ័យ និងក្រសួងមហាផ្ទៃ ពិនិត្យមើលឡើងវិញអំពីភាពអសកម្មរបស់លោក អាំង គីហេង ជាបន្ទាន់។
ប្រជាពលរដ្ឋរិះគន់បែបនេះក្រោយពេលពួកគាត់ចំណាយពេលវេលាទៅរង់ចាំនៅ សាលាសង្កាត់ ដើម្បីធ្វើឯកសារចាំបាច់ផ្សេងៗជាច្រើនលើកច្រើនសា ហើយចៅសង្កាត់មិនព្រមធ្វើឲ្យ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋតាមបណ្ដាភូមិនានាក្នុងសង្កាត់ ប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ជួបការលំបាកខ្លាំងណាស់ក្នុងការធ្វើលិខិតស្នាមផ្សេងៗដូចជា សបុត្រកំណើត លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់មរណភាពជាដើម ដោយត្រូវចំណាយពេលទៅសាលាសង្កាត់ជាច្រើនដងនៅតែមិនបានសម្រេច។ ប្រជាពលរដ្ឋរិះគន់ថា លោក អាំង គីហេង មានប្ញកធំជាងអភិបាលខេត្ត និងរដ្ឋមន្ត្រីទៅទៀត គឺពិបាកជួបខ្លាំងណាស់មិនដឹងថាគាត់រវល់ធ្វើការងារអ្វីខ្លះនោះទេ។
តាមមន្ត្រីអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ប្រជាពលរដ្ឋសង្កាត់ប៉ោយប៉ែត កំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារតែលោក អាំង គីហេង ជាចៅសង្កាត់ មិនបំពេញតួនាទីរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ហើយជាញឹកញាប់ចៅសង្កាត់រូបនេះមិនមានវត្តមាននៅសាលាសង្កាត់ឡើយ។
កម្ពុជាសុវណ្ណភូមិ មិនអាចសុំការបកស្រាយពីលោក ចៅសង្កាត់បានទេនៅរសៀលថ្ងៃទី១៩នេះ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ទាក់ទង៕
ថ្ងៃនេះ | 4603 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33162 | នាក់ |
ខែនេះ | 180790 | នាក់ |
ឆ្នាំនេះ | 3763450 | នាក់ |
សរុប | 53123376 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:52 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net