ការប្រកបរបរដឹកជញ្ជូនឈើក្រញូងខុសច្បាប់របស់មេឈ្មួញដុះស្លែម្នាក់ឈ្មោះ អៀ-ឆៃយិន កាន់តែរីករាលដាលធំឡើងៗ ដោយគ្មានសមត្ថកិច្ច មន្រ្តីជំនាញ ឬអាជ្ញាធរដែនដីណាម្នាក់ធ្វើដឹងធ្វើលឺនោះទេ ហើយមេឈ្មួញរូបនេះថែមទាំងអួតអាងថា បានបង់លុយអោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាបតាំងពីលើដល់ក្រោមអស់ហើយ។
ប្រភពព័ត៌មានបានអោយដឹងថា លោក អៀ-ឆៃយិន មានអាយុប្រហែល៤០ឆ្នាំ រស់នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ប្រភពបន្តថា កាលពីប៉ុន្មានឆ្នាំមុនលោកយិនគឺជាអ្នករតតាក់ស៊ីពីក្រុងសៀមរាប ទៅស្រុកវារិន ស្រុកក្រញាញ់ ស្រុកអង្គរជុំ ក្នុងខេត្តសៀមរាប ដោយមិនមានទ្រព្យធុនអ្វីធំដុំនោះទេ តែរយៈពេលប្រហែល៥ឆ្នាំចុងក្រោយនេះ លោកយិនបានចូលប្រឡូកវិស័យដឹកឈើក្រញូងក្បត់ជាតិ ទើបមាបលុយមានឡាន មានផ្ទះស្ទើប៉ុនសណ្ឋាគារ បើគិតជាទឹកប្រាក់សរុបប្រហែលរាប់លានដុល្លារអាមេរីកកាំង។
ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកពួក ខេត្តសៀមរាបជាច្រើននាក់បានអះអាងថា កាលពីឆ្នាំ២០១២ លោកយិនហាក់យីអ៊ុនដាក់ ត្រូវអ្នកកាសែហៅសមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងអស់៣គ្រឿងនៅក្នុងស្រុកពួក ដែលរថយ្តទាំងនោះមានម៉ាកដូចជា កាមរីបាឡែន លុចស៊ីស៣០០ និងកាមរីសេរីឆ្នាំ៩៥ ដែលផ្ទុកឈើក្រញូងពេញៗ បើសរុបជាទឹកប្រាក់លោកយិនខាតបង់ប្រហែលជាង១០ម៉ឺនដុល្លារ។ ពលរដ្ឋបន្តថា រហូតមកដល់ថ្ងៃនេះលោកយិននៅតែដឹកឈើក្រញូងស្ទើបាក់ថ្នល់ជារៀងរាល់យប់បានដោយរលូនដដែល។
ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើងឿងឆ្ងល់ថា ហេតុអ្វីសមត្ថកិច្ច និងតុលាការខេត្តសៀមរាប មិនចាប់ខ្លួនលោក យិន ផ្តន្ទាទោសទៅតាមផ្លូវច្បាប់? ព្រោះសមត្ថកិច្ចនិងតុលាការដឹងថា ម្ចាស់រថយន្តដឹកឈើក្រញូងខាងលើជារបស់លោក យិន ច្បាស់ណាស់ទៅហើយ។
តាមធម្មតាលោក យិន ដឹកឈើចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៦៧ រួចកាត់ចូលផ្លូវដីក្រហមនៅចំនុចភូមិវត្ត ឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាប សំដៅយកទៅស្តុទុកនៅស្រុកពួកក្បែគេហដ្ឋានដ៏ស្គឹមស្គៃដែលបានមកពីរកស៊ីដឹកឈើក្រញូងក្បត់ជាតិរបស់គាត់។
ជាក់ស្តែងនៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣នេះ លោកយិនបានប្រើរថយន្តម៉ាកបាឡែនពណ៍ស្ករ២គ្រឿងដឹកឈើក្រញូងពេញៗ តាមដងផ្លូវខាងលើ។ នៅយប់ដដែលនេះមានរថយន្តអ្នកសារព័ត៌មាន២គ្រឿងបានដេញប្រម៉ាញ់យកព័ត៌មានពីក្រោយរថយន្តដឹកឈើក្រញូងនោះ ក៏ស្រាប់តែលោក យិន បានបើករថយន្តម៉ាកធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ2S-4149 មកពាំងពីមុខរថយន្តអ្នកកាសែត ក្នុងគោលបំណងរំដោះរថយន្តដឹកក្រញូអរបស់ខ្លួនអោយរតគេចបាត់ទៅ។
អ្នកយកព័ត៌មានទាំងនោះបានអោយដឹងនៅព្រឹកថ្ងៃទី២០នេះថា លោកយិនបានចុះពីលើរថយន្តកាន់កំប៉ុងស្រា អាបេសេ ផឹកបណ្តើរ និយាយផ្លែផ្កាអួតអានបណ្តើរថា ˝ដឹងថារថយន្ត យិន ហើយខំដេញធ្វើអី ? អ្នកណាមិនស្គាល់យិន តាំងពីមេព្រៃ ទាំងប៉ូលីសប៉េអឹម ចៅហ្វាយខេត្តចៅហ្វាយស្រុក ក្នុងខេត្តសៀមរាបនេះ ហើយមិញហ្នឹងទើបតែមកពីផឹកជាមួយបង ញឹមសិលា រងប៉េអឹមខេត្តទៀតផង មិនបាច់អ្នកកាសែតឯងញេញៃច្រើនទេ យក២រយដុល្លារទៅចាយទៅសំរាប់គ្នា៦នាក់ ឡាន២គ្រឿងហ្នឹងនោះ បើមិនយកលុយមានតែអត់ ចង់ខលទៅប្តឹងសមត្ថកិច្ចណាក៏ប្តឹងទៅ អោយតែមានអ្នកចាប់ឡានយិនបាន យិនថែមលុយអោយទៀត រឿងកាសែតទូរទស្សន៍បន់អោយតែចុះផ្សាយ អោយខ្ញុំឆាប់បានល្បី យិនអត់ខ្ចីព្រឺ“។ អ្នកកាសែតទាំងនោះបានបន្ថែមថា ពួកគេមិនបានទទួលយកលុយដែលដ៏ថោកទាបនោះទេ ហើយពួកគេនិងព្យាយាមចុះផ្សាយទៅតាមគេហទំព័រ និងកាសែតមួយចំនួន ជាពិសេសពួកគេមានឧត្តមគតិថា និងស្វែងរកសមត្ថកិច្ចណាដែលពុំទាន់បានទទួលលាភសការៈពីក្រុមឈ្មួញដឹកឈើក្រញូងរូបនេះដើម្បីសហការក្នុងការទប់ស្កាក់ និងបង្រ្កាបការចរាចរណ៍ឈើក្រញូងខុសច្បាប់ខាងលើអោយបានជោគជ័យ ជាការជួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
ពលរដ្ឋនិងអ្នកសារព័ត៌មានខេត្តសៀមរាប សូមសំនូមពរទៅសមត្ថកិច្ច មន្រ្តីជំនាញ ជាពិសេសតុលាការខេត្តសៀមរាបគ្រប់លំដាប់ថ្នាក់មេត្តបើកនេត្រាមើលការរកស៊ីដឹកឈើក្រញូងខុសច្បាប់រាល់យប់របស់លោក អៀ-ឆៃយិនផងទាន៕ ដោយ៖ ផ្លុង-រ៉េត
ចំណាំៈ នេះជាអត្ថបទចាស់ តែយកមកចុះផ្សាយសាឡើងវិញ