សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។
ការឈានដល់ចាប់ខ្លួនជនទាំងពីរខាងលើ ធ្វើឡើងនៅចំណុច មុខរោងម៉ាស៊ីនកិនស្រូវ ឃុំសសរស្តម្ភ ស្រុកពួក តាមដងផ្លូវជាតិលេខ៦នៅម៉ោង១០និង៣០នាទី ថ្ងៃទី៨ខែសីហាឆ្នាំ២០១៤ ។
មន្ត្រីប៉េអឹមជាឈ្មួញរកស៊ីឈើក្រញូងដែលចាប់ខ្លួនមានឈ្មោះសូ វិបុល ប្រុសអាយុ៣៧ឆ្នាំ ជាមន្ត្រីប៉េអឹមប្រចាំស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ។ ចំណែកម្នាក់ទៀតឈ្មោះហុង វិចិត្រ ប្រុសអាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាតៃកុងរថយន្ត។ រីឯរថយន្តដែលដកហូតម៉ាកISUZU ឌុយមិច ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយខេមរភូមិន្ទ០៩. ២.០៥៥៧។
នាយផ្នែកនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំ ខេត្តសៀមរាបលោកវរសេនីយ៏ត្រីឡុង សំអឿន បានឲ្យដឹងថា ការបង្ក្រាបជំនួញឈើគ្រញូងដែលឈានដល់ឃាត់ខ្លួន មន្ត្រីប៉េអឹមនិងជនស៊ីវិល នេះដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការសហការជាមួយ ប៉េអឹម ស្រុកពួក សមត្ថកិច្ចរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។
គេមិនដឹងថាប៉េអឹមរូបនេះ ធ្លាប់រកស៊ីដឹកឈើគ្រញូងពីមុនមកយ៉ាងណានោះទេ តែទឹកមុខកាយវិការ និង សំដីគឺបានសម្តែងឲ្យឃើញថា គ្មានអ្វីកើតឡើងសម្រាប់រូបគេទេ បើទោះបីជាមានការចាប់វាយខ្នោះយ៉ាងនេះ ក៏ដោយ។
ក្នុងពេលសមត្ថកិច្ចសាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន ឆ្លើយក្នុងទឹកមុខញញឺមថា លោកមិនខ្វល់ទេ បើខ្វល់ពីការចាប់ខ្លួនចឹង ម្លេះរត់ចោលឡានបាត់ទៅហើយ។ ត្រឹម តែដឹកឈើគ្រញូងប៉ុណ្ណឹងមានអីត្រូវខ្លាច។ ចប់ចម្លើយជាមួយសមត្ថកិច្ច លោកប៉េអឹម សូ វិបុល បានលើកដៃ ដែលជាប់ខ្នោះបង្ហាញ ហើយប្រាប់អ្នកកាសែតថា ថតឲ្យពេញមុខដើម្បី មេបានឃើញផង។
ទោះបីយ៉ាងណាក្នុងពេលសមត្ថកិច្ច ចាប់វាយខ្នោះ មន្ត្រីប៉េអឹម ដែលមានបទល្មើសឈើគ្រញូងនៅជា មួយផងនោះ មហាជនដែលឃើញហេតុការ សម្តែងពីការសាទរយ៉ាងខ្លាំង ដោយនិយាយថា ជារឿងល្អបំផុត ដែលមន្ត្រីអ្នកច្បាប់ប្រព្រឹត្តិបទល្មើស ហើយច្បាប់មិនលើកលែងបែបនេះ។ គេសង្ឃឹមថាស្ថាបន័តុលាការ នឹង អនុវត្តផ្លូវច្បាប់ បើទោះបីជនប្រព្រឹត្តិជាមន្ត្រីប្រដាប់អាវុធក៏ដោយ។
ក្រោយពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្ត ខ.ម ដឹកឈើគ្រញូងហើយចាប់វាយខ្នោះមន្ត្រីប៉េអឹមខាងលើ ក៏ ធ្លាយព័ត៏មានមកថា លោក សូ វិបុល ជាមេស្នាក់ការប៉េអឹមលេខ២០៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។ កាលពីយប់ម៉ោង៩និង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៣ លោកសូ វិបុល រួមទាំងបក្ខពួកជិត១០នាក់ បានវាយដំទៅលើបុរសជាចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ដោយសា លោកចាងហ្វាងកាសែតខាងលើ ថតរូបសកម្មភាពដឹកឈើរបស់ លោកសូ វិបុល។ ក្រោយកើតហេតុ លោកសូ វិបុល បានបង់ប្រាក់១០០ដុល្លារហើយបញ្ចប់រឿង។
លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែល នៅក្នុងហេតុការណ៏ បានឲ្យដឹងថា ឈើគ្រញូងដែលចាប់បានមាន៧០ដុំ ទម្ងន់៤២០គីឡូក្រាម។ ទាំងឈើទាំង រថយន្តរួមទាំងមន្ត្រីប៉េអឹមនិងជនស៊ីវិល បានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត៕
ថ្ងៃនេះ | 2526 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31085 | នាក់ |
ខែនេះ | 178713 | នាក់ |
ឆ្នាំនេះ | 3761373 | នាក់ |
សរុប | 53121299 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 13:28 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net