លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលរួមសវនាការ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណជាច្រើនរយសន្លឹក ដែលខ្លឹមសារ គឺមានគោលបំណងញុះញង់ឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ប៉ុន្តែ ប្រធានចលនាអំណាចពលរដ្ឋខ្មែរ រូបនេះ បានបដិសេធមិនចូលរួមសវនាការនោះទេ តែនឹងឲ្យមេធាវី ចូលរួមដើម្បីតតាំងនីតិវិធីក្នុងពេលសួរដេញដោល។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញរង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ឲ្យចូលខ្លួននៅក្នុងសវនាការ ទាក់ទងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣។
ក្នុងដីកានោះ បានបញ្ជាក់ថា «បង្គាប់ឲ្យឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស អាយុ៤៤ឆ្នាំ ជាតិខ្មែរ ទីលំនៅកំណើតនៅឃុំខ្នាចរមាស ស្រុកបវិល ខេត្តបាត់ដំបង ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់មកលើខ្លួន»។
លោក សួន សេរីរដ្ឋា ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស កាលពីអំឡុងឆ្នាំ២០១១, រួមគំនិតក្បត់ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣, រួមគំនិតក្បត់, អំពើប្រឆាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងការរំខានមិនឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តនៅខេត្តតាកែវ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៧ រហូតដល់អំឡុងឆ្នាំ២០១៣។ ពាក់ព័ន្ធបញ្ហានេះ លោក សួន សេរីរដ្ឋា បានប្រាប់គេហទំព័រក្នុងស្រុកមួយថា «ខ្ញុំត្រៀមចូលខ្លួនទៅតតាំងក្តីនេះគ្រប់ពេលទាំងអស់ឲ្យតែរដ្ឋាភិបាល ព្រមទទួលនូវលក្ខខ័ណ្ឌចំនួន៣ចំណុច របស់ខ្ញុំនោះ គឺ១-ដោះលែងសកម្មជនរបស់ចលនាអំណាចពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំឃាំងឲ្យមានសេរីភាព ដោយគ្មានលក្ខខ័ណ្ឌ។ ២-អនុញ្ញាតឲ្យ ចលនាអំណាចពលរដ្ឋខ្មែរ ចុះបញ្ជីជាគណបក្សនយោបាយស្របច្បាប់ នៅក្នុងប្រទេសខ្មែរ ដើម្បីធ្វើសកម្មភាពនយោបាយប្រកួតប្រជែងគ្នាដោយចំហ និងស្មើភាព និង៣-មិនត្រូវចាប់ខ្លួនខ្ញុំ ឬក៏ឃុំខ្លួនខ្ញុំក្នុងពេលដែលខ្ញុំកំពុងតតាំងក្តីនៅក្នុងតុលាការ ដើម្បីរកយុត្តិធម៌ឲ្យខ្លួនឯង។
តែបើរដ្ឋាភិបាលនេះ មិនយល់ព្រមតាមលក្ខខណ្ឌ៣ខាងលើនេះទេ នោះមានតែមេធាវីរបស់ខ្ញុំលោក សុខ សំអឿន ទេ ដែលចូលទៅការពារខ្ញុំក្នុងតុលាការ»។ គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៣កន្លងទៅ យុវជន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរហូតតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ តែក្រោយមកបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ យុវជនទាំងនេះ គឺជាប់ពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណ ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕
ថ្ងៃនេះ | 7620 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36179 | នាក់ |
ខែនេះ | 183807 | នាក់ |
ឆ្នាំនេះ | 3766467 | នាក់ |
សរុប | 53126393 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:45 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net