តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា មនុស្សដែលស្លាប់ក្នុងហេតុការណ៍ឆេះក្លឹបនេះអាចច្រើនជាង៥នាក់ ដែលជាហេតុធ្វើអោយក្រុមប្រជាពលរដ្ឋទៅឈរមើលពីក្រៅទ្វាររបងរបស់ក្លឹបដែលត្រូវបានគេបិទជិតហាក់មានការលាក់លៀមនៅមានអាថ៌កំបាំងអ្វីមួយនៅឡើយ។
យោងតាមសម្តីក្រុមយុវជន និងយុវនារីដែលទៅឈរមើលនៅក្រៅទ្វាររបងមុខក្លឹបហ៊ីបហប់ដែលឆេះកាលពីល្ងាចថ្ងៃទី១៨បានលួចបង្ហើបថា មូលហេតុដែលបណ្តាលអោយមានមនុស្សស្លាប់ច្រើនបែបនេះនោះគឺបណ្តាលមកពី ក្រុមសន្តិសុខដែលយាមទ្វារមិនព្រមអនុញ្ញាតិអោយភ្ញៀវចេញពីក្លឹបនៅពេលដែលក្លឹបត្រូវបានដាច់ភ្លើង បិទម៉ាស៊ីនត្រជាក់ ថែមទាំងមានផ្សែងហុយចេញពីពិដាន និងមានក្លិនឆ្ងៀមខ្លាំងទៀតផងនោះ ព្រោះក្រុមសន្តិសុខទាំងនោះតម្រូវអោយភ្ញៀវដែលនៅក្នុងក្លឹបនោះបង់លុយថ្លៃផឹកស៊ីសិនទើបអាចចេញបាន។
ប្រភពបានបន្តថា ក្រុមភ្ញៀវមានការភ័យស្លន់ស្លោខ្លាំងសំរុកចេញតាមច្រកទ្វារមុខ តែត្រូវសន្តិសុខឈររារាំងមិនអោយចេញ ទាល់តែភ្ញៀវនាំគ្នាវាយច្រានសន្តិសុខដួលទើបអាចរតចេញមករួច។ ប្រភពបន្តថា ជនជាតិបរទេសដែលស្លាប់ក្នុងហេតុការណ៍នេះគឺគាត់បានចេញរួចមកក្រៅហើយ តែគាត់មានចិត្តមេត្តាក៏ចូលជួយរំដោះមនុស្សចេញពីក្នុងក្លឹបដែលភ្លើងកំពុងឆេះ បានប្រហែលជា៤នាក់ ក្រោយមកគាត់មិនអាចរំដោះខ្លួនឯងបានទើបស្លាប់នៅក្នុងភ្លើងនោះតែម្តងទៅ។
ជាក់ស្តែងនៅល្ងាចម៉ោង៦ថ្ងៃទី១៨មានប្រភពពីមន្រ្តីរាជការម្នាក់លួចខ្សឹបប្រាប់ពួកម៉ាករបស់គេថា នៅមានម៉ូតូចំនួន១៧គ្រឿងដែលមិនទាន់មានម្ចាស់ទៅយកចេញពីក្នុងក្លឹប ដែលត្រូវបានពួកគេសង្ស័យថា ម្ចាស់អាចឆេះស្លាប់គ្មានសល់សាកសព ឬសាកសពអាចគេលួចចល័តចេញតាំងពីយប់កើតហេតុភ្លាបៗ ។ តែបើទោះបីជាមានការអះអាងយ៉ាងនេះក៏ដោយ ក៏វាគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ វាមិនទាន់អាចយកជាផ្លូវការបានទេ។
នៅម៉ោង៨-១២ និង៣០នាទីយប់ថ្ងៃទី១៨ម្សិលមិញ អ្នកយកព័ត៌មានយើងបានចុះទៅស៊ើបអង្កេតដល់កន្លែងកើតហេតុ ក៏សង្កេតឃើញថា នៅកន្លែងកើតហេតុគ្មានសមត្ថកិច្ចយាមកាមដើម្បីរក្សាវត្ថុតាងទេ គឺមានតែក្រុមសន្តិខុសឯកជនប្រហែលជិត១០នាក់ ខ្លះឈរ ខ្លះអង្គុយយាមទ្វារ ហើយមានមនុស្សបើកម៉ូតូចេញម្តងមួយៗរហូតជិត១០គ្រឿង ក្នុងចំណោមម៉ូតូដែលចតក្នុងរបងក្លឹបប្រហែល៤០គ្រឿង។
ក្រុមកន្តិសុខឯកជនខាងលើត្រូវបានពលរដ្ឋ រាប់រយនាក់ដែលឈរនៅទីនោះរិះគន់ថា គ្មានសុជីវធម៌ដោយពួកគេនិយាយចំអកឡកឡើយដាក់ពលរដ្ឋថា “ ពូកនេះគេមកឈរចាំមើលលោក ព្រាបសុត្ថិ មកសម្តែង“ សន្តិសុខខ្លះនិយាយថា ”ថ្ងៃនេះក្លឹបគេមិនបើកទេ ចាំស្អែកគេបើកវិញចាំមកកម្សាន្ត“ ឯសន្តិសុខខ្លះទិញស្រាយកមកផឹក សើចលេងក្អាកក្អាយសប្បាយចិត្ត ក្នុងគំនរទុក្ខរបស់អ្នកដទៃ។
ក្រុមប្រជាពលរដ្ឋសង្ស័យថា ក្រុមសន្តិសុខខាងលើកំពុងតែឈរចាំបើកទ្វារអោយមនុស្សចំឡែកបីបួននាក់ចល័តម៉ូតូដែលនៅសេសសល់ចេញពីក្លឹបក្នុងគោលបំណងបំបាត់ភស្តុតាង ព្រោះមិនមានឃើញម្ចាស់មកយក។
នៅព្រឹកថ្ងៃទី១៩នេះនៅតែមានក្រុមប្រជាពលរដ្ឋមកឈរមើលត្រៀបត្រា នៅមុខក្លឹបកម្សាន្ត ហ៊ីបហប់ ដោយពួកគាត់មានការសង្ស័យ មិនអស់ចិត្ត ថាមូលហេតុអ្វីទើបម្ចាស់ក្លឹបនេះបញ្ជាអោយគេបិទទ្វារ២៤ម៉ោងហាក់មានអាថ៌កំបាំងមិនទាន់បញ្ចប់នៅឡើយ ហើយពួកគេក៏មិនជឿថា មានមនុស្សស្លាប់តែ៥នាក់នោះដែរ។
មានពលរដ្ឋមួយចំនួនសង្ស័យថា ក្រែងមានគេលួចដុះ តែក៏មានក្រុមអ្នកធ្លាប់ចូលក្លឹបខាងលើនេះញឹកញាប់បានអះអាងថា មិនអាចមានអ្នកលួចដុតទេ ព្រោះក្លឹបនេះមានរបងថ្មព័ទ្ធជុំវិញសូម្បីសត្វកណ្តុរលូនចូលមិនរួចផង ហើយមាសន្តិសុខយាមកាមគ្រប់ទិសទីទាំងខាងក្រៅទាំងខាងក្នុង ម្យ៉ាងទៀតភ្ញៀវមុនចូលកម្សាន្តត្រូវបានសន្តិសុខឆែកឆេគ្រប់កន្លែង សូម្បីតែនៅតាមតុផឹកស៊ីក៏មានសន្តិសុខឈរចាំមើលគ្រប់ច្រកល្ហកដែរ។
ក្រុមអ្នកចូលចិត្តចូលកម្សាន្តក្នុងក្លឹបហ៊ីបហប់ខាងលើប្រហែលជិត១០នាក់បានអះអាងថា ក្លឹបនេះមិនដែលបានបិទនៅម៉ោង១២យប់នោះទេ គឺភាគច្រើនគឺបិទនៅវេលាភាបភ្លឺ ព្រោះអ្នកដែលគេទៅរាំងលេងកម្សាន្តសុទ្ធតែបានផឹកស៊ីកន្លែងផ្សេងដូចជាញាំការ ខូបកំណើត ឬមានកម្មវិធីផ្សេងៗមុនពេលចូលក្លឹប ដូច្នេះជារៀងរាល់យប់ក្លឹបគឺបិទជិតភ្លឺ មិនថាក្លឹបណាទេ គឺគ្រប់ក្លឹបនៅខេត្តសៀមរាបសុទ្ធតែបិទជិតភ្លឺដូចគ្នា។
សមត្ថកិច្ចក្រុងសៀមរាបបានអោយដឹងថា ចំនួនអ្នកស្លាប់មាន៥នាក់ដដែលរហូតមកដល់ថ្ងៃទី១៩នេះ ក្នុងនោះប្រុស៣នាក់ស្រី២នាក់ ប្រុសម្នាក់ជាជនជាតិអូស្រ្តាលី។ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតតាមដានបើទោះបីជា អគ្គីភ័យនេះកើតឡើងដោយទុស្សេខ្សែភ្លើង ឬមានគេដុតក៏ដោយ។
ពលរដ្ឋខេត្តសៀមរាបសំនូមពរទៅដល់សមត្ថកិច្ចជំនាញមេត្តាស៊ើបអង្កេតស្រាវជ្រាវអោយបានច្បាស់លាស់បន្ថែមទៀតពីចំនួនមនុស្សស្លាប់ ឬចំនួនអ្នកបាត់ខ្លួន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះដែលបានបាត់បង់ជីវិតទៅហើយ។
អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីម្ចាស់ក្លឹបកម្សាន្តខាងលើបានទេ ព្រោះលេខទូរស័ព្ទដែលដាក់លើស្លាកយីហោ មួយខ្សែខលមិនចូល ឯមួយខ្សែទៀតខលចូលតែគ្មានអ្នកលើកទទួលនៅរសៀលថ្ងៃទី១៩នេះ៕