លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំងសាច់អួនទំនើបៗប្រវែងវែងៗ នៅក្នុងតំបន់អភិរក្ស ចំណុចសែសាងក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះចាប់បានជនល្មើសចំនួន៥នាក់ និងកាណូត៣គ្រឿង និងបានប្រលែងត្រីនៅក្នុងលបលូទាំងអស់ទៅក្នុងទន្លេធម្មជាតិវិញ។ សមត្ថកិច្ចចម្រុះដែលបានសហការគ្នាក្នុងកិច្ចប្រតិបតិ្តការខាងលើនេះ រួមមានសមត្ថកិច្ចនគលបាលខេត្ត នគរបាលស្រុកបរិបូណ៍ នគលបាលប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និងប្រជាពលរដ្ឋក្នុងសហគមន៍នេសាទឃុំកំពង់ព្រះគគីរ សរុបមានចំនួនជាង២០នាក់ ប្រើប្រាស់កាណូត៧គ្រឿង។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ជនល្មើសកំពុងលើកលបលូចំនួន៥នាក់ ដែលមាន១-ឈ្មោះ ណាក់ វណ្ណា អាយុ២៥ឆ្នាំ, ២-ឈ្មោះ សាង វុធ អាយុ២៦ឆ្នាំ ពួកគេទាំងពីរនាក់ រស់នៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង, ៣-ឈ្មោះ ហ៊ាន តុប អាយុ៤០ឆ្នាំ, ៤-ឈ្មោះ ម៉េង ណាត អាយុ១៨ឆ្នាំ, ៥-ឈ្មោះ ម៉េង រស្មី អាយុ៩ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង និងដកហូតកាណូតបាឡាស្មាច់ចំនួន៣គ្រឿង ចុះកាត់យកលបលូចំនួន៣២គ្រឿង ដែលក្នុងមួយគ្រឿងៗមានប្រវែងពី១០ ទៅ១៥ម៉ែត្រ ក្នុងនោះដែរ ត្រីមួយចំនួនធំដែលជាប់នៅក្នុងលបលូ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋចាក់លែងក្នុងទន្លេធម្មជាតិវិញ។កិច្ចឆ្មក់ប្រតិបត្តិការនេះ បានចាប់ផ្តើមពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ម៉ោង១២ត្រង់ទើបបញ្ចប់។
ក្រោយពីបានឆ្លងយោបល់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្ត បានធ្វើការអប់រំជនល្មើសទាំង៥នាក់ ដោយឲ្យធ្វើកិច្ចសន្យាបឈ្ឈប់ការប្រព្រឹត្តនេសាទល្មើសច្បាប់ និងធ្វើកិច្ចសន្យាឲ្យរុះរើបំផ្លាញរុះរើរបាំងសាច់អួនខុសច្បាប់ឲ្យអស់ពីក្នុងតំបន់អភិរក្សវិញ ទើបប្រគល់កាណូតបាឡាស្មាច់ទាំង៣គ្រឿង និងអនុញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន។ នៅក្នុងករណីបង្ក្រាបនេះ លោកព្រះរាជអាជ្ញារង បានតម្រូវឲ្យលោកនាយប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និងលោកនាយសង្កាត់រដ្ឋបាលជលផលបរិបូរណ៌ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ដោយឡែកលបលូចំនួន៣២មាត់ ត្រូវបានសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ ដឹកយកទៅកាប់កម្ទេចចោលនៅលើដីទួលវត្តកំពង់ព្រះគគីរ ក្នុងភូមិកោះតាម៉ូវ។
លោក ឯក ស៊ុនរស្មី បានថ្លែងឲ្យដឹងនៅក្នុងកិច្ចបង្ក្រាបបទល្មើសនេសាទខាងលើនេះថា មូលហេតុដែលនាំឲ្យលោកដោះលែងជនល្មើសនេសាទខាងលើនេះ គឺព្រោះតែលោកមិនចង់ធ្វើបាបប្រជាពលរដ្ឋក្រីក្រ លោកនឹងស្រាវជ្រាវវែកមុខរកមេខ្លោងនៅពីក្រោយខ្នង និងអ្នករត់ការ ដែលបានអនុញាតឲ្យប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនៅក្នុងតំបន់អភិរក្ស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា របាំងសាច់អួនរាប់គីឡូម៉ែត្រដូចខាងលើនេះ នៅមានជាច្រើនកន្លែងទៀត នៅតាមស្រុកមួយចំនួន ដែលខាងមុខនេះ លោកព្រះរាជអាជ្ញានឹងដឹកនាំសមត្ថកិច្ចចម្រុះ ចុះឆ្មក់ទៅបង្ក្រាបជាបន្តបន្ទាប់ទៀត ដោយមិនឲ្យសមត្ថកិច្ចខិលខូចមួយចំនួនដឹងជាមុនឡើយ ព្រោះថា បើឲ្យដឹងជាមុននោះ កិច្ចបង្ក្រាប នឹងមិនទទួលបានលទ្ធផលល្អក្នុងការបង្ក្រាបនោះឡើយ៕ សេដ្ឋការ
ថ្ងៃនេះ | 7002 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35561 | នាក់ |
ខែនេះ | 183189 | នាក់ |
ឆ្នាំនេះ | 3765849 | នាក់ |
សរុប | 53125775 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 21:11 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net