ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត្តបាត់ដំបង ត្រូវបាន និងកំពុងឈានទៅធ្វើអាជីវកម្មនៅលើជួរភ្នំថ្មក្រហមមួយកន្លែងទៀត ហើយ ដើម្បីប្រមូលយកប្រភេទថ្មពណ៌ម្តង បន្ទាប់ពីបានប្រមូលយកថ្មកែវ សឹងតែរលាយតួភ្នំ១៥០ អស់មួយចំហៀងរួចមក។
គួរបញ្ជាក់ថា កាលពីដើមឡើយ ជួរភ្នំ១៥០ទាំងមូល មានការការពារ និងអភិរក្សយ៉ាងល្អទៅលើដើមរុក្ខជាតិនានាពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ រហូតធ្វើឲ្យតួភ្នំទាំងមូលមានភាពស្រស់បំព្រង និងមានពណ៌ខៀវស្រងាត់ ដែលជាចំណែកមួយក្នុងការលើកស្ទួយនូវសោភ័ណភាពរបស់អាងទឹកកំពីងពួយផងដែរ។
ប៉ុន្តែមួយរយៈក្រោយមកនេះ ក៏មានបញ្ហាមួយបានកើតឡើង និងធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះមានការខកចិត្តយ៉ាងខ្លាំង ព្រោះអ្វីៗដែលពួកគេខំប្រឹងថែ ត្រូវបានក្រុមហ៊ុនមួយដែលដឹកនាំដោយលោកឧកញ៉ា វ័យក្មេងម្នាក់ ដាក់គ្រឿងចក្រចូលទៅទន្ទ្រានឈូសឆាយដោយធ្វើការដាក់គ្រាប់បំផ្ទុះ បំប៉ើងដុំថ្មធំៗ ដើម្បីទាញយកនូវប្រភេទថ្មម្យ៉ាង ដែលមានឈ្មោះថា "ថ្មកែវ" ដោយគេបានដាក់ម៉ាស៊ីនកែច្នៃនៅនឹងជើងភ្នំតែម្តង ក្នុងការពុសជ្រៀកដុំថ្មទាំងនោះឲ្យទៅជាការ៉ូផ្ទាំងៗ ងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារនានានៅក្រៅប្រទេស។
ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព ព្រោះពេលដែលគេដាក់គ្រាប់ដើម្បីបំផ្ទុះម្តងៗ ដុំថ្មជាច្រើនបានហោះហើរព្រោងព្រាតដោយឆ្លងកាត់លើដំបូលផ្ទះទៅធ្លាក់ដល់ផ្លូវថ្នល់ ហើយម្យ៉ាងទៀតព្រៃឈើដែលធ្លាប់តែមានភាពស្រស់បំព្រង ឥឡូវស្ទើរតែក្លាយជាទីរហោដ្ឋានទៅហើយ ព្រោះវិសាលភាពនៃការធ្វើអាជីវកម្មរបស់ពួកគេមានទំហំធំធេងណាស់នៅលើខ្នងភ្នំនេះ។
ប្រភពដដែលបានសង្កាត់ធ្ងន់ថា រយៈពេលប្រហែលជិតមួយខែកន្លងទៅនេះ គេបានឃើញក្រុមហ៊ុននេះ បានលើកគ្រឿងចក្រចេញទៅចំណុចមួយផ្សេងទៀតហើយ ដោយទុកកម្លាំងខ្លះនៅចាំកន្លែង គឺចំណុចថ្មីដែលគេទៅឈរជើងនេះ ស្ថិតនៅខាងលិចភ្នំតាគ្រាម គឺនៅលើជួរភ្នំថ្មក្រហម បើគេសំលឹងមើលពីផ្លូវ គឺមិនអាចមើលឃើញឡើយ ព្រោះវាស្ថិតនៅខាងក្រោយភ្នំតាគ្រាម ដូច្នេះគេអាចមានលទ្ធភាពធ្វើយ៉ាងឆ្ងាញ់ដៃ ហើយនៅទីតាំងទីពីរនេះ គឺប្រភពគ្រាន់តែដឹងថា ជាការធ្វើអាជីវកម្មយកប្រភេទថ្មពណ៌។
ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើសម្បត្តិធម្មជាតិទាំងនេះ លោក ជឺ ឈាង ប្រធានមន្ទីរ រ៉ែ និងថាមពល បានលើកឡើងថា គេមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែចំពោះវិសាលភាពនសការធ្វើអាជីវកម្ម លោកមិនបានចាំទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនាកាលព្រឹកថ្ងៃទី២៨ ខែមីនា លោកអភិបាលខេត្ត ច័ន្ទ សុផល បានលើកឡើងយ៉ាងខ្លី ខណៈដែលរូបលោកកំពុងស្ថិតនៅក្នុងអង្គប្រជុំថា លោកក្តាប់មិនជុំទេក្នុងរឿងនេះ ទាល់តែសួរទៅខាងមន្ទីរជំនាញ ទើបគេដឹង។
ប្រភពមួយចំនួនបាននិយាយថា បើច្បាប់មិនបានកំណត់វិសាលភាពនៃការធ្វើអាជីវកម្មឲ្យបានច្បាស់លាស់ទេនោះ អនាគតជួរភ្នំទាំងនេះប្រាកដជារលាយ ហើយភោគផលរ៉ែធម្មជាតិក៏នឹងវិនាសទៅដែរ។ ពលរដ្ឋក៏បានរិះគន់ថា លោក ចាន់សុផល មិនគួរឆ្លើយថា ក្តាប់មិនជុំនោះទេ ព្រោះលោកជាចៅហ្វាយខេត្តដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនពេញចិត្តហើយតែងតាំងជាចៅហ្វាយខេត្តបាត់ដំបង ពាក្យថាក្តាប់មិនជុំជាភាសាអសមត្ថភាពបំផុត៕ ដោយ៖ សហការី
ថ្ងៃនេះ | 4603 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33162 | នាក់ |
ខែនេះ | 180790 | នាក់ |
ឆ្នាំនេះ | 3763450 | នាក់ |
សរុប | 53123376 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:38 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net