ដេប៉ូលក់ឈើមួយកក្លែងឈ្មោះ ស្រែណូយ ស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដែលត្រូវបានគេស្គាល់ថា ម្ចាស់ដេប៉ូខាងលើនេះមានឈ្មោះ ឆាយ ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ បានប្រមូលទិញឈើខុសច្បាប់ពីប្រជាពលរដ្ឋដែលចូលទៅកាប់បំផ្លាញនៅតំបន់អភិរក្សរួចដឹកចេញតាមរទេះគោ ឬគោយន្តកន្ត្រៃយកមកលក់អោយលោក ឆាយ។
យោតាមសម្តីមេព្រៃសង្កាត់ស្រែណូយ លោក ខុងសារ៉ាត់ បានឲ្យដឹងកាលពីរពេលថ្មីៗនេះថា ដេប៉ូ១កន្លែង ដែលមានយីហោ ស្រែណូយ ដែលមានថៅកែឈ្មោះ(ឆាយ)នោះ ពិតជាបានទិញឈើដោយខុសច្បាប់ខ្លះមកលក់មែន ដោយសារតែឈើក្រុមហ៊ុនមានតម្លៃថ្លៃពេកលក់មិនចំណេញ។ លោក ខុងសារ៉ាត់ មេព្រៃសង្កាត់ស្រែណូយបន្ថែមថា រឿងដេប៉ូទិញឈើល្មើសច្បាប់មកលក់នោះ បើអ្នកកាសែតឃើញជួយកាក់អោយជាប់ផង ចាំលោកឲ្យមន្ត្រីក្រោមឱវាតទៅចាប់។
ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា នៅតំបន់ស្រែណូយមាន ក្រុមឈ្មួញឈើ៣នាក់ ដែលរកស៊ីឃុបឃិតជាមួយអ្នកកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ជាយូរណាស់មកហើយ មិនដែលមានសមត្ថកិច្ច ឬមន្រ្តីជំនាញណា ចេញមុខធ្វើការត្រួតពិនិត្យ ឬបង្ក្រាបឲ្យបានជោកជ័យតាម យុទ្ធសាស្ត្រ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជានោះឡើយ។ ប្រភពបានបន្តថា ឈ្មួញឈើទាំង៣នាក់នោះ ទី១ឈ្មោះ (ឆាយ) ថៅកែដេប៉ូ លក់ឈើយីហោស្រែណូយ ទី២ឈ្មោះ រិទ្ទ បងប្អូននិងឈ្មោះឆាយ ទី៣ឈ្មោះ សេងសាវុធ។ ប្រភពបន្ថែមថា ដោយឈ្មួញឈើទាំង៣នាក់នេះ ជាមេក្លោងដ៍ធំជាងគេ នៅតំបន់ស្រែណូយ មិនមានសមត្ថកិច្ចឬជំនាញណាហ៊ានធ្វើការប៉ះពាល់នោះទេ ដែលជាហេតុធ្វើអោយមហាជនសង្ស័យថា អាចមានភាគហ៊ុនរបស់មន្ត្រីរាជការនៅក្នុងស្រុកវ៉ារិននេះ។
អ្នកតាមដានក្រុមឈ្មួញដឹកឈើខាងលើបានឲ្យដឹងថា ឈ្មួញឈើទាំង៣នាក់នេះ បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតំបន់ស្រុកវ៉ារិន ស្រុកត្រពាំងប្រសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងដីអភិរក្សគូលេនព្រម្មទេព្យ ដោយឈ្មួញទាំងនេះ បានប្រើសេវាថ្លៃការពារ បង់ឲ្យសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ជាពិសេស មេព្រៃសង្កាត់ស្រែណូយតែម្ដង និងបរិស្ថានក្រសួងនៅត្រពាំងក្រសាំង ក្នុងខេត្តសៀមរាប។អ្នកតាមដានបានឲ្យដឹងទៀតថា ឈ្មួញឈើទាំង៣នាក់ខាងលើបាន ដឹកឈើយកទៅចែកចាយ នៅស្រុកអង្គរជុំ និងក្រុងសៀមរាប ដោយពួកគេបានប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ដោយ រថយន្តស៊ាំយុង គោយន្តកែឆ្នៃ និងគោយន្តកន្តៃ ក្នុង១ថ្ងៃៗមិនក្រោមពីរ៣០គ្រឿងនោះឡើយ ចំណែកសមត្ថកិច្ច និងជំនាញ គ្មានចេះអ្វីក្រៅតែពីរលាបាទដៃទទួលលុយតែប៉ុណ្ណោះ ហើយម្យ៉ាងទៀតពួកក្រុមមន្ត្រីជំនាញទាំងនេះ ហាក់ដាក់ម៉ូជាមួយអ្នករកស៊ី ពេលអ្នករកស៊ីដឹកឈើជិតដល់ស្នាក់ការរបស់ពួកគេ ពួកគេនាំគ្នាគេចអស់ បើខលហៅថា ជាប់រវល់ប្រជុំ ឬរវល់នៅឆ្ងាយ។
ក្រុមអ្នកយកព័ត៌មាននៅឃុំស្រែណូយពីរបីនាក់ បានអោយដឹងថា លោក ឆាយ ថៅកែដេប៉ូឈើឈ្មោះស្រែណូយ បានបញ្ជាអោយក្រុមអ្នកដឹកឈើអោយខ្លួន ពេលដឹកឈើកុំឈប់ បើទោះជាមានអ្នកណាកាក់ក៏ដោយ បើមិនដល់ដេប៉ូហាមឈប់តាមដងផ្លូវ បើអ្នកណាកាក់ បើកគោយន្តបុកវាទៅ មិនបាច់បារម្ភណ៍ទេ ព្រោះគេមានខ្នងនៅពីក្រោយក្នុងការរកស៊ីខាងលើនេះ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ មានអ្នកសារព័ត៌មានមួយក្រុមបានរាយការណ៍ទៅតុលាការ ពីការរកស៊ីឈើខុសច្បាប់របស់លោក ឆាយ និងការស្តុកឈើខុសច្បាប់នៅក្នុងព្រៃ តែនៅពេលលោកមេព្រៃស្រែណូយបានបញ្ជាអោយកូនចៅបើកឡានទៅដឹកយកឈើខុសច្បាប់នោះ ស្រាប់តែប្រហែល៣០នាទីក្រោមមកមិនទាន់បានលើកឈើដាក់ឡានផង ពួកគេក៏នាំគ្នាដកថយ ដោយប្រាប់អ្នកកាសែតថា មេអោយដកថយ ព្រោះនៅទីនេះក្បែរតំបន់ទាហ៊ាន។ ហេតុការណ៍នេះ សបញ្ជាក់អោយឃើញថា លោក ឆាយ ពិតជាមានខ្នងក្រាសមែន សូម្បីតុលាការបញ្ជាក៏គ្មានអ្នកណាហ៊ានចាប់ឈើនេះដែរ៕
ថ្ងៃនេះ | 3420 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 45978 | នាក់ |
ខែនេះ | 326340 | នាក់ |
ឆ្នាំនេះ | 326340 | នាក់ |
សរុប | 53925236 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 15:30 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net