សត្វតិរិច្ឆាន គឺជាសត្វមួយប្រភេទ ដែលមិនស្គាល់បុណ្យបាប មិនស្គាល់ពូជពង្សវង្សសាវតារបស់ខ្លួន មិនមានឧត្តមគិតិ មិនមានចំណេះដឹង ស៊ីតែអាហារដែលជាកាកសំណល់ពីគេ រកស៊ីចិញ្ចឹមជីវិតតែមួយក្រពេះ មិនមានការសន្សំទុកចែកកូនចែកចៅនោះទេ សូម្បីតែព្រះពោធិសាត់ក៏មិនអាចបង្រៀនអោយចេះចងចាំបានដែរ រហូតដល់ថ្នាក់កូនមិនស្គាល់ម្តាយ ឪពុកមិនស្គាល់កូន ដែលគេអាចយកមកប្រៀបធៀបបានជាមួយមនុស្សដែលវង្វេង ឬបំភ្លេចរឿងរាវប្រវត្តិសាស្រ្តកាលពីអតីតកាលដូច្នេះដែរ។
អ៊ំស្រីវ័យជាង៥០ឆ្នាំម្នាក់អង្គុយនៅក្រោមដើមស្វាយ ដែលមានម្លប់ត្រឈឹងត្រឈៃ ក្នុងវង្វង់នៃក្មេងប្រុសស្រីជាច្រើននាក់ បាននិទានរឿងមួយត្រួសៗថា៖ កាលពីព្រេងនាយមានសត្វចតុបាត (សត្វជើងបួន) មួយប្រភេទបានចាប់បដិសន្ធិឡើង (ចាប់កំណើត) ហើយពុំទានមានឈ្មោះនៅឡើយ គ្រានោះ សត្វមួយក្បាលនេះបានទៅសួរព្រះពោធិសាត់ដែលនៅគង់សមាធិក្រោមដើមពោធិ៍មួយថា ព្រះអង្គសូមជួយដាក់ឈ្មោះអោយខ្ញុំព្រះករណាផង ព្រោះខ្ញុំមិនទាន់មានឈ្មោះទេ។ គ្រានោះព្រះពោធិសាត់បានដាក់ឈ្មោះអោយសត្វនោះថា សុណខ។ បន្ទាប់ពីព្រះអង្គបានដាក់ឈ្មោះអោយរួចកូនសុណខក៏សប្បាយចិត្តពន់ពេកឥឧប្បមា ក៏រតទៅបាត់។ មួយស្របក់ក្រោយមកស្រាប់តែមកដល់វិញក្រឡឺម ហើយសួរទៅកាន់ព្រះអង្គថា ព្រះអង្គ! តើខ្ញុំឈ្មោះអ្វី? ព្រះអង្គឆ្លើយថា ឯងឈ្មោះ សុណខ ។ ស្តាប់រួចក៏រតទៅបាត់ទៀត មួយស្របក់ក៏មកដល់វិញទៀត សួរសំនួរដដែលៗជាច្រើនដង រហូតដល់ព្រះអង្គឆ្វេងយល់ថា នេះកម្មពៀរវេរា ដោយខ្លួនជាសត្វតិរិច្ឆាន មិនអាចទទួលយកឈ្មោះដ៏ពិរោះនេះបានទេ ដូច្នេះព្រះអង្គក៏ប្រាប់ម្តងទៀតថា ឯងឈ្នោះ អាឆ្កែ។ បន្ទាប់មកកូនសុណខមួយក្បាលនោះក៏បានចង់ចាំឈ្មោះរបស់ខ្លួនថា ឆ្កែ ជារៀងរហូតមកដល់សព្វថ្ងៃនេះ។
បើយើងក្រឡេកមើលនៅក្នុងសង្គមតាំងពីព្រេងនាយរហូតដល់បច្ចុប្បន្ននេះ សត្វតិរិច្ឆាន ជាច្រើន ដូចជាគោ ក្របី សេះ ឆ្កែ ឆ្នា មាន់ទា ….។ល។ ពួកគេមិនស្គាល់មេបា ឬកូនចៅរបស់ខ្លួននោះទេ។ មេបង្កើតបានកូនឈ្មោល ដល់កូនធំ ពាក់មេខ្លួនឯង បាបង្កើតបានកូនមេ ពេលកូនធំឡើងពាក់កូនខ្លូនឯងបន្ត បងប្អូនពាក់គ្នារញេរញៃ ពេលស៊ីអាហារម្តងៗខាំគ្នា ឈ្លោះគ្នាលាន់លឺសំលេងគងរំពងលឺដល់ផ្ទះពីរផ្ទះបី។
បើយើងមើលពីសង្គមមនុស្សបច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានមនុស្សមួយចំនួនមានចរិតដូចសត្វតិរិច្ឆាន មិនស្គាល់បុណ្យបាប មិនស្គាល់ចាស់ទុំ មិនស្គាល់គុណម្តាយឪពុក មិនស្គាល់ប្រវត្តិរបស់ខ្លួន ថាដើមឡើយខ្លួនកើតចេញមកពីប្រភពណា មិនស្គាល់ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ មិនស្គាល់អ្នកណាមិត្ត អ្នកណាជាសត្រូវ មិនចេះស្រលាញ់កេរមរតករបស់ដូនតា មិនថែរក្សាការពារទ្រព្យសម្បត្តិ និងទឹកដីរបស់ខ្លួនទុកអោយកូនចៅជំនាន់ក្រោយនោះទេ នេះហើយដែលចាស់ៗខ្លះធ្លាប់ជេរកូនចៅរបស់ខ្លួនដែលមិនដើរតាមដំបូរម្មានថា អាកូនតិរិច្ឆាន អាតិរិច្ឆាន ឬអាមានចរិតដូចសត្វតិរិច្ឆាន។
កើតមកជាមនុស្សរស់បានតែមួយជាតិ ស្លាប់ទៅវិញធាតុតែមួយចាន ហើយខ្សែជីវិតខ្លីណាស់ដូច្នេះអ្នកគួរគប្បីសាងនូវអំពើល្អ ចេះស្រលាញ់ជាតិមាតុភូមិ ចេះជួយយកអាសាអ្នកដទៃ ចេះថែរក្សាអ្វីៗគ្រប់យ៉ាងទុកអោយកូនចៅជំនាន់ក្រោយ នោះទើបអ្នកមានកិត្តិយស មានគេរឈ្មោះជាអមតៈ ដូចពាក្យចាស់ពោលថា ស៊ូអោយស្លាប់ខ្លួន កុំអោយស្លាប់ឈ្មោះ កុំអោយខ្លួននៅរស់ តែឈ្មោះស្លាប់បាត់។
ជាក់ស្តែងយើងឃើញថា បុព្វបុរសរបស់ខ្មែរយើងបានបន្សល់ទុកទឹកដីសុវណ្ណភូមិដ៏រុងរឿង និងប្រាង្គប្រាសាទបុរាណជាច្រើននៅតាមបណ្តារខេត្តក្រុង ទុកអោយកូនចៅជំនាន់ក្រោយ ទទួលផលប្រយោជន៍ដ៏មហាសាលនេះ។ ចុះហេតុអ្វីយើងរាល់គ្នាមិននាំគ្នាការពារវាអោយបានគង់វង់បន្តទុកអោយកូនចៅជំនាន់ក្រោយរបស់យើងម្តង?
ក្នុងនាមយើងជាកូនខ្មែរ យើងមិនត្រូវភ្លេចខ្លួន វង្វេងប្រវត្តិសាស្រ្តនោះទេ យើងត្រូវចែចងចាំអោយច្បាស់ថា អ្នកណាមិត្ត អ្នកណាជាសត្រូវ អ្នកណាជាចោរ ដែលបានលួចទឹកដីរបស់យើង។ សាមគ្គីជាកម្លាំង ដូចពាក្យស្លោកខ្មែរបានពោលថា ចង្កឹសមួយបាច់កាច់មិនបាក់ ឬសុភាសិតក្នុងរឿងសាមកុកបាននិយាយថា ចង្កឹសមួយដើមអាចកាច់បាក់ រីឯដើមឈើមួយដើម ក៏មិនហៅថា ព្រៃដែរ។
បច្ចុប្បន្ននេះ ការចរាចរណ៍គ្រឿងញៀន ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង កំពុងរីករាលដាលពេញប្រទេសកម្ពុជា ដូច្នេះយើងជាយុវជន ជាទំពាំងស្នងឬស្សី ត្រូវតែជៀសអោយផុតពីគ្រឿងញៀន និងគ្រឿងស្រវឹងទាំងនេះ ដូចពាក្យស្លោកមួយពោលថា បើឃ្លានកុំអាលស៊ី បើងងុយកុំអាលដេក ដូច្នេះមុនទទួលទានត្រូវតែគិតថា តើអាហារនេះមានគុណវិបត្តិចំពោះយើងដែរឬទេ។ អ្នកជាយុវជនត្រូវតែ ខិតខំក្រេបជញ្ជក់យកចំនេះដឹងល្អៗ ដើម្បីជួយខ្លួនឯង ជួយក្រុមគ្រួសារ ជួយប្រទេសជាតិអោយរួចផុតពីមហិច្ចតាលោភលន់របស់ជនឈ្លានពានទាំងឡាយ ដែលមានបំណងលេបត្របាក់យកកម្ពុជាធ្វើជាទឹកដីរបស់ខ្លួនតាំងពីយួលុងមក រហូតដល់បច្ចុប្បន្ននេះ៕ ដោយ៖ ផ្លុង-រ៉េត (សូមជួយចែករំលែកបន្ត បើអ្នកស្រលាញ់ប្រទេសជាតិរបស់ខ្លួន)