ថ្មីៗនេះគេសង្កេតឃើញថា ក្បួនរថយន្តយីឌុបដឹកឈើក្រហម និងឈើប្រណិត ឆ្លងទៅកាន់ប្រទេសយួនដូចហែរកឋិន តាមច្រកទាំងព្រំដែនកម្ពុជា-យួន ហើយអាចដំណើរការដោយរលូន ព្រោះតែជំនាញរដ្ឋបាលព្រៃឈើខណ្ឌ នាយផ្នែក និងជំនាញគយ របស់លោក ចាន់ សុផាត បើកភ្លើងខៀវ និងជួយសម្របសម្រួល គ្រប់បែបយ៉ាងជូនក្រុមឈ្មួញទាំងតូចទាំងធំ។
តាមសេចក្តីរាយការណ៍គ្រាន់តែសមត្ថកិច្ចស្ថាប័នខ្លះ ត្រូវឈ្មួញឈើបង់លុយអោយ ក្នុងមួយឡានយីឌុប ចាប់ពី ១០០ដុល្លារឡើងទៅ ដោយឡែកចំណែកមេគយ ប្រចាំស្រុកមេមត់ ដែលគ្រប់គ្រងច្រកទាំង៣ដោយលោក ចាន់ សុផាត ជាមួយនាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើ បានទទួលលុយចំណែកពីបទល្មើសព្រៃឈើ ច្រើនជាងគេបំផុត។
តាមសកម្មភាពដឹកឈើល្មើសច្បាប់ ដ៏គគ្រឹកគគ្រេង ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ឆ្លងទៅយួន តាមច្រកដូនរ័ត្ន ច្រកចាន់មូល ច្រកក្តុល បានក្លាយជាប្រភពឆ្នាំងបាយ របស់លោក ចាន់ សុផាត ជាប្រធានសាខាគយ និងរដ្ឋាករប្រចាំស្រុកមេមត់យ៉ាងគ្រប់ទឹកជាទីបំផុត ដូចដែលប្រភពមួយចំនួន បានខ្សឹបប្រាប់ថា ក្នុងមួយខែៗកូនចៅរបស់ លោក ចាន់ សុផាត ប្រមូលលុយបាន រាប់សិបម៉ឺនដុល្លារយកទៅចែកគ្នាចាយលេងយ៉ាងសប្បាយ ឥតមានខ្វល់ខ្វាយអ្វីទាំងអស់។
ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើនេះ សង្ស័យថា កើតចេញពី អំពើពុករលួយ ឃុបឃិតជាមួយឈ្មួញ រកស៊ីដឹកឈើខុសច្បាប់ ហើយការប្រមូលលុយ មួយចំនួនធ្វើឡើងដោយខុសច្បាប់ មិនមែនជាគោលការណ៍ របស់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលគេហៅថា ជាត្រីងៀតឆ្លៀតពង និងគៃបំបាត់ពន្ធរដ្ឋយ៉ាងស្រស់ៗ ដែលមិនគួរអគ្គនាយកដ្ឋានរដ្ឋាករគយមើលរំលងនោះទេ។
បើតាមការដឹកជញ្ជូនឈើប្រណិត ឆ្លងទៅយួន ដោយសេរី និងប្រកបដោយអាទិភាពនេះ ត្រូវបានគេទម្លាយឱ្យដឹងថា គឺចំណូលបង់ពន្ធជូនរដ្ឋច្រើនបំផុតត្រឹម ២០ ទៅ ៣០ភាគរយ ប៉ុណ្ណោះ ដើម្បីឱ្យគេមើលឃើញថា ជាការនាំចេញឈើ ដោយស្របច្បាប់ តែរឿងពិតវិញ កូនចៅរបស់លោក ចាន់ សុផាត បានគៃបំបាត់ពន្ធរដ្ឋ យ៉ាងគឃ្លើនបំផុត ដែលនេះជាការអះអាងរបស់ដង្កូវចេញពីសាច់ ព្រោះតែមេស៊ីដាច់តែឯង (Sic)។
ដោយឡែក បញ្ហានេះគេកំពុងឆ្ងល់ថា រាល់សកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ទៅកាន់ប្រទេសយួន យ៉ាងអនាធិបតេយ្យនេះ ជាគោលការណ៍ របស់ប្រធានរដ្ឋបាលព្រៃឈើ ឬអគ្គនាយកគយ និងរដ្ឋាករ បើកទូលាយសម្រាប់ ការប្រមូលពន្ធចូលរដ្ឋ ឬជាទម្លាប់អំពើពុករលួយ ជាលក្ខណះប្រព័ន្ធ ទើបការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញ មានអាទិភាព ឆ្លងកាត់ព្រំដែនដោយសេរីបែបនេះ? ដោយ ៖ ប្រម៉ាញ់
ថ្ងៃនេះ | 2451 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 45009 | នាក់ |
ខែនេះ | 325371 | នាក់ |
ឆ្នាំនេះ | 325371 | នាក់ |
សរុប | 53924267 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 10:49 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net