រដ្ឋមន្ត្រីក្រសួងធនធានទឹកអំពាវនាវអោយប្រជាជនរស់នៅក្បែរស្ទឹង ធ្វើការប្រុងប្រយ័ត្ន បើទោះបីជាស្ថានភាពទឹកជំនន់មិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ។ ការប្រកាសអោយប្រជាជនប្រុងប្រយ័ត្ននេះ ពីព្រោះកម្ពុជាអាចនៅទទួលរងព្យុះមួយចំនួនផ្សេងទៀត។
បើទោះបីជាតំបន់ខ្លះនៅក្នុងប្រទេសកម្ពុជាបានទទួលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង ហើយធាតុអាកាសអាប់អួរនៅបន្តគ្របដណ្តប់មកលើខេត្តមួយចំនួននៃ ប្រទេសកម្ពុជាក៏ដោយក្តី ក៏រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៃប្រទេសកម្ពុជាបានអះអាង ថា ស្ថានភាពទឹក នៅក្នុងប្រទេសកម្ពុជាមិនទាន់ឡើងដល់ចំណុចប្រកាសអាសន្ននៅឡើយទេ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងប្រាប់នៅថ្ងៃ អាទិត្យនេះថា លោកមានការព្រួយបារម្ភពីទឹកជំនន់ទឹកភ្លៀងបង្កមកលើតំបន់ខ្លះនៃ ប្រទេសកម្ពុជាដែរ តែមិនទាន់មានសភាពធ្ងន់ធ្ងរទេ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកជំនន់ទឹកភ្លៀងបានជន់លិចរយៈពេលខ្លីផ្នែកខ្លះនៃខេត្តព្រះវិហារ និងផ្លូវខ្លះនៃខេត្តកំពង់ធំមែន ប៉ុន្តែស្ថានភាពមិនធ្ងន់ធ្ងរទេ។
លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់ នៅល្ងាចថ្ងៃអាទិត្យនេះដែរថា ស្ថានភាពទឹកនៅតាមដងទន្លេមេគង្គ និងទន្លេសាបមិនទាន់ចោទជាបញ្ហានៅឡើយទេ។ ប៉ុន្តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែត្រៀមជាប្រចាំពីព្រោះ គ្រោះធម្មជាតិគ្មាននរណាអាចមើលឃើញទាំងស្រុងនោះទេ។
បើទោះបីជាស្ថានភាពទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមិនទាន់ត្រូវ បានអាជ្ញាធរប្រកាសអាសន្នក៏ដោយក្តី ក៏លោក លឹម គានហោ បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសំខាន់ៗនៃប្រទេស កម្ពុជាធ្វើការប្រុងប្រយ័ត្នជាប្រចាំ។ ស្ទឹងទាំងនោះរួមមាន៖ ស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្ទឹងសែនខេត្តកំពង់ធំនិងស្ទឹងដទៃមួយចំនួនផ្សេងទៀត។
លោករដ្ឋមន្ត្រីប្រកាសអោយធ្វើការប្រុងប្រយ័ត្នជាប្រចាំ ពីព្រោះថា ជារៀងរាល់ឆ្នាំ ព្យុះចំនួនពី២២ ទៅ២៥ ត្រូវបោកបក់មកលើប្រទេសកម្ពុជា។ តែរហូតមកដល់ពេលនេះ ប្រទេសកម្ពុជាទើបទទួលរងសម្ពាធព្យុះចំនួន១៦ទេ។ ដូច្នេះ កម្ពុជាអាចនូវទទួលរងសម្ពាធព្យុះមួយចំនួនផ្សេងទៀត៕ ដោយ ជខ
ថ្ងៃនេះ | 3525 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32084 | នាក់ |
ខែនេះ | 179712 | នាក់ |
ឆ្នាំនេះ | 3762372 | នាក់ |
សរុប | 53122298 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:05 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net