ថៅកែហាងលក់សម្លៀកបំពាក់កែសម្ផស្សយីហោប៊ូទិចសាឡននិងអ្នកគ្រប់គ្រងហាងម្នាក់ទៀតត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៤នាក់ប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃបានជិះម៉ូតូមកស្ទាក់ពីមុខនិងស្ទាក់ពីក្រោយភ្ជង់គំរាមវាយនឹងស្នាប់កាំភ្លើងបែកក្បាលប្លន់យករថយន្តម៉ាករ៉េងរ៉ូវ័រស៊េរី២០១២មួយគ្រឿងបើករត់គេចខ្លួនទាំងសមត្ថកិច្ចដេញតាមចាប់ប្រផាប់ប្រភីងផ្អើលពេញក្រុងភ្នំពេញរហូតបែកកង់ក្រោយម្ខាងបើករត់លែងរួចក៏ប្លុងរថយន្តចោលនៅកន្លែងស្ងាត់យកបានតែកាបូបលុយនិងទូរស័ព្ទរបស់ជនរងគ្រោះហើយរត់គេចខ្លួនបាត់អស់។
ហេតុការណ៍ប្លន់ប្រដាប់អាវុធប៉ុនប៉ងយករថយន្តស៊េរីទំនើបនោះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ខែតុលាឆ្នាំ២០១២នៅក្បែរភោជនីយដ្ឋានតាយតាយផ្លូវមុនីវង្សកែងផ្លូវលេខ១៨៤ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ ហើយរថយន្តរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចចំរុះតាមរកឃើញវិញនៅចំណុចមុខវិទ្យាល័យចំរើនផលក្នុងភូមិចំរើនផលសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថាជនរងគ្រោះឈ្មោះសៀវ សារ៉ារិទ្ធ ភេទប្រុសអាយុ២៩ឆ្នាំមុខរបរជាម្ចាស់ហាងលក់សម្លៀកបំពាក់និងកែសម្ផស្សយីហោ(ប៊ូទិច&សាឡន)ស្ថិតនៅខាងក្រោយសាលារចនានិងមានទីលំនៅក្នុងបូរីសុភមង្គលសង្កាត់ជ្រោយចង្វាខណ្ឌឫស្សីកែវបានរងរបួសបែកក្បាលដោយជនល្មើសវាយនឹងស្នាប់កាំភ្លើងនិងបាត់បង់ទូរស័ព្ទស៊េរីទំនើប៣គ្រឿងកាបូបលុយមួយក្នុងនោះមានលុយ១៨០០ដុល្លារនិងឯកសារមួយចំនួនទៀត។ចំណែករថយន្តរបស់គាត់ដែលក្រុមជនល្មើសប្លន់យកមិនបានសម្រេចនោះម៉ាករ៉េងរ៉ូវ័រម៊ីនីស៊េរី២០១២ពណ៌ខ្មៅគ្មានស្លាកលេខទើបនឹងទិញថ្មីៗផង។ រីឯអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះប៉ែន សុបញ្ញា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរអ្នកគ្រប់គ្រងហាងស្នាក់នៅជាមួយជនរងគ្រោះបានរត់គេចទាន់ពេលមិនរងគ្រោះដល់ខ្លួនប្រាណឡើយ។
មន្ត្រីកងរាជអាវុធហត្ថបានបន្តទៀតថាក្រុមជនល្មើសមានគ្នាចំនួន៤នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃមធ្យោបាយធ្វើសកម្មភាពជិះម៉ូតូC125ពណ៌ខ្មៅ២គ្រឿងហើយក្រោយពេលពួកគេភ្ជង់វាយជនរងគ្រោះប្លន់យករថយន្តបានហើយពួកជនដៃដល់២នាក់ក៏បើករថយន្តរបស់ជនរងគ្រោះព្យាយាមគេចខ្លួនឯបក្ខពួកគេ២នាក់ទៀតក៏ជិះម៉ូតូគេចខ្លួនម្នាក់មួយគ្រឿងបាត់តែម្តង។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តទៀតថានៅមុនពេលកើតហេតុជនរងគ្រោះនិងអ្នកគ្រប់គ្រងហាងលក់សម្លៀកបំពាក់និងកែសម្ផស្សបាននាំគ្នាជិះរថយន្តក្នុងគោលបំណងទៅមន្ទីរពេទ្យឈួនម៉ីងលុះបើករថយន្តរ៉េងរ៉ូវ័រស៊េរី២០១២មកដល់ហាងតាយតាយពួកគាត់ឈប់រថយន្តក្នុងគោលបំណងរកបុគ្គលិកហាងដើម្បីកុម្ម៉ង់ខ្ចប់អាហារ ប៉ុន្តែដោយគ្មានឃើញអ្នកណានៅក្បែរក៏ឈប់រថយន្តឲ្យអ្នកគ្រប់គ្រងហាងចុះទៅទិញអាហារហើយជនរងគ្រោះបានឈប់រង់ចាំនៅក្បែរហាងតាយតាយនោះដែរ ខណៈនោះក៏ស្រាប់តែមានជនល្មើសចំនួន២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងមានគ្នា២នាក់បានមកឈប់កាក់ពីមុខនិងពីក្រោយរថយន្តរួចក្រុមជនល្មើសទាំងនោះបានដកកាំភ្លើងខ្លីគ្រប់ដៃមកភ្ជង់ក្រុមជនរងគ្រោះទាំង២នាក់ឲ្យចុះពីលើរថយន្តពេលដែលជនរងគ្រោះម្ចាស់ឡានចុះភ្លាមក្រុមជនល្មើសបានវាយក្បាលជនរងគ្រោះមួយស្នាប់កាំភ្លើងភ្លាមបណ្តាលឲ្យបែកហូរឈាម។ ចំណែកឯអ្នកគ្រប់គ្រងហាងដែលរួមដំណើរជាមួយបានស្រវារត់គេចខ្លួនចូលក្នុងហាងតាយតាយទាន់ពេលទើបរួចផុតពីគ្រោះថ្នាក់។ ក្នុងសកម្មភាពភ្លាមៗនោះដែរជនល្មើស២នាក់បានឡើងបើករថយន្តរបស់ជនរងគ្រោះគេចខ្លួនឯជនល្មើស២នាក់ទៀតក៏បើកម៉ូតូម្នាក់មួយគ្រឿងគេចខ្លួនបាត់អស់ដែរ។
ប្រភពព័ត៌មានបានបន្តទៀតថាក្នុងហេតុការណ៍នោះកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញក៏ចុះមកដល់កន្លែងកើតហេតុភ្លាមៗរួចហើយក៏បានប្រកាសពីភិនភាគរថយន្តដែលជនល្មើសប្លន់យកទៅនោះសមត្ថកិច្ចក្រុងនិងសមត្ថកិច្ចស្ទើរគ្រប់ខណ្ឌក៏បានចេញពួនស្ទាក់ដេញតាមចាប់ប្រផាប់ប្រភីងផ្អើលស្ទើរពេញក្រុងដោយសារតែរថយន្តនោះបែកកង់ក្រោយខាងស្តាំក្រុមជនល្មើសមិនអាចបន្តបើករត់ទៀតបាននោះ ក៏បានប្លុងរថយន្តនោះចោលនៅចំណុចទីងងឹតខាងមុខសាលាចំរើនផលក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ខណ្ឌមានជ័យដោយក្រុមជនល្មើសបានប្រមូលយកទូរស័ព្ទស៊េរីទំនើប៣គ្រឿងនិងកាបូបលុយមួយមានលុយ១៨០០ដុល្លារនិងឯកសារមួយចំនួនយកទៅបាត់។ លុះប្រហែលជាកន្លះម៉ោងក្រោយមកទើបកំលាំងសមត្ថកិច្ចបានរកឃើញរថយន្តនោះវិញហើយនាំជនរងគ្រោះមកមើលច្បាស់ជារថយន្តរបស់ខ្លួនទើបសមត្ថកិច្ចស្ទូចរថយន្តនោះមករក្សាទុកនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីស្រាវជ្រាវវែកមុខក្រុមជនល្មើសទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ដោយឡែកនៅវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី០៣ខែតុលាឆ្នាំ២០១២នៅចំណុចមាត់ច្រាំងទន្លេខាងត្បូងព្រះអង្គដងកើរផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីប្លន់ប្រដាប់អាវុធយកម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅស៊េរី២០១១ពាក់ស្លាកលេខភ្នំពេញ1AX-54 02ជារបស់យុវជនរងគ្រោះម្នាក់ ខណៈនាំសង្សារមកអង្គុយសាសងគ្នាលេងក៏ត្រូវជនល្មើស២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកដើរមកភ្ជង់គំរាមប្លន់យកម៉ូតូ និងជិះគេចខ្លួនដោយសុវត្ថិភាពរួចគេចខ្លួនបាត់អស់គ្មានរំខានសមត្ថកិច្ចមូលដ្ឋានឡើយ៕ សូមជួយ share ទៅក្នុងបណ្តាញ Facebook របស់អ្នក!