មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា បានបញ្ជាឲ្យមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្របសម្រួលគ្នានិងបញ្ចប់ជម្លោះរវាងស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងមន្ត្រីកងរាជអាវុធហត្ថបីរូបពាក់ព័ន្ធនឹងអំពើហិង្សាវាយដំដែលប្រព្រឹត្តដោយលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ កាលពីសប្ដាហ៍មុន។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃម្សិលមិញ។
លោកវរសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកនាយឧត្ដមសេនីយ៍ផ្កាយបួន សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យលោក ឧត្ដមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសម្របសម្រួលគ្នានិងបញ្ចប់ជម្លោះរវាងស្នងការរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងមន្ត្រីកងរាជអាវុធហត្ថបីរូបពាក់ព័ន្ធនឹងការវាយដំអំពីសំណាក់លោក ជួន សុវណ្ណ នៅឯព្រះបរមមេរុកាលពីថ្ងៃទី៣កុម្ភៈ២០១៣។
លោក ខេង ទីតូ បាននិយាយប្រាប់៖«ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យបញ្ចប់ករណីជម្លោះរវាងនគរបាល និងកងរាជអាវុធហត្ថដែលជាកងកម្លាំងមានសមត្ថកិច្ច និងសហការជាមួយគ្នា។ ករណីនេះត្រូវចាត់ទុកថា គឺជាបទពិសោធថ្មីមួយសម្រាប់កងកម្លាំងកងរាជអាវុធហត្ថនិងនគរបាលនៅថ្ងៃអនាគត»។ លោកបានបន្ថែមថា៖«ឯកឧត្ដមមេបញ្ជាការ សៅ សុខា បានបញ្ជាឲ្យធ្វើការសម្របសម្រួលគ្នានិងបញ្ចប់ករណីនេះ»។
តែទោះយ៉ាងណា ក៏លោក ខេងទីតូ បានបដិសេធមិននិយាយលម្អិតពីដំណោះស្រាយពីជម្លោះខាងលើនេះឡើយ៕
ថ្ងៃនេះ | 1889 | នាក់ |
ម្សិលមិញ | 10381 | នាក់ |
សប្ដាហ៍នេះ | 32503 | នាក់ |
ខែនេះ | 312865 | នាក់ |
ឆ្នាំនេះ | 312865 | នាក់ |
សរុប | 53911761 | នាក់ |
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 07:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net