កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល និងវិស័យអាជីវកម្ម។ របាយការណ៍ថា ប្រព័ន្ធសុចរិតភាពរបស់ប្រទេសកម្ពុជានៅមានភាពទន់ខ្សោយ និងតម្រូវឲ្យមានការកែលម្អច្រើនទៀត ទោះបីជាមានសញ្ញា នៃការរីកចំរើន និងចំណុចខ្លាំងមួយចំនួនក៏ដោយ។
ចំពោះស្ថាប័នតុលាការ និងភ្នាក់ងារអនុវត្តច្បាប់ ត្រូវរបាយការណ៍និយាយថា មានប្រព័ន្ធសុចរិតភាពខ្សោយបំផុត ដោយស្ថាប័នទាំងពីរនេះមានលក្ខណៈនយោបាយ និងងាយទទួលយកសំណូក។ ជាលទ្ធផល បុគ្គលដែលមានទំនាក់ទំនងល្អជាមួយអ្នកមានអំណាច អាចគេចផុតពីការដាក់ទោសជារឿយៗ ខណៈដែលមានករណីកាត់ក្តីខ្លះត្រូវគេមើលឃើញថា មានលក្ខណៈនយោបាយ។
របាយការណ៍ក៏បានរាយការណ៍ដែរថា អំពើពុករលួយទ្រង់ទ្រាយតូច បានកើតមានជាទូទៅ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលបង្កឲ្យមានអំណោយផលសម្រាប់អ្នកដែលមានលទ្ធភាពចាយលុយច្រើនអាចទទួលបានការយកចិត្តទុកដាក់ច្រើនជាងអ្នកដែលពុំសូវមានលទ្ធភាពបង់លុយ ដែលស្ថានភាពនេះធ្វើឲ្យកើតមានឡើងនូវភាពអយុត្តិធម៌ និងវិសមភាព។
ជាមួយគ្នានេះដែរ របាយការណ៍ខាងលើក៏បានបង្ហាញឲ្យឃើញនូវរូបភាពវិជ្ជមានខ្លះផងដែរ ដូចជានាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានបរិយាកាសបើកចំហដ៏គួរឲ្យលើកទឹកចិត្តមិនធ្លាប់មានពីមុនមក សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ទាប់ពីការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ និងការបង្កើតឲ្យមានអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងឆ្នាំ២០១០ ក៏ដូចជាការបង្កើតឲ្យមានគណៈកម្មការស៊ើបអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយក្នុងរដ្ឋសភា នៅខែសីហា ឆ្នាំ២០១៤កន្លងទៅនេះ។
ពលរដ្ឋកម្ពុជារិះគន់ថា អំពើពុករលួយហាក់មានការអត់ថយចុះតិចតួចប៉ុណ្ណោះបើរាប់តាំងពីអង្គភាពប្រឆាំងអំពើពុករលួយបានបង្កើតមក នេះហើយដែលជាហេតុធ្វើអោយប្រជាពលរដ្ឋកម្ពុជាមានការបារម្ភ និងមានការភ័យខ្លាចទៅលើប្រព័ន្ធច្បាប់ ដែលពុំអាចផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់៕
ថ្ងៃនេះ | 7649 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36208 | នាក់ |
ខែនេះ | 183836 | នាក់ |
ឆ្នាំនេះ | 3766496 | នាក់ |
សរុប | 53126422 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:55 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net