បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្នាំនេះសាសាខេត្តសៀមរាបនិងរៀបចំប្រារព្វពិធីបុណ្យអ៊ំទូកនៅថ្ងៃទី០៥-០៦ខែវិច្ឆការឆ្នាំ២០១៤នៅដងស្ទឹងសៀមរាប ដែលមានចំណារពីឯកឧត្តម ឃឹម-ប៊ុនសុង អោយខាងរដ្ឋបាលព្រៃឈើទទួលបន្ទុកខាងសាងសង់វេទិកាដែលនិងត្រូវចំណាយឈើអស់ចំនួន១៥០ម៉ែត្រគូបដោយអនុញ្ញាអោយឈ្មោះ អ៊ំវឌ្ឈនៈ ហៅ(ពៅប្រជ្រុយ)ជាអ្នករ៉ាប់រងខាងផ្នែកដឹកជញ្ជួនតាមដងផ្លូវជាតិលេខ៦ ផ្លូវលេខ៦៧ និងផ្លូវលេខ៦៤។
យោងតាមប្រភពព័ត៌មានពីក្រុមអ្នកតាមដានការដឹកឈើធ្វើវេទិការបានអះអាងថា ការដឹកឈើយកមកធ្វើវេទិការបុណ្យអ៊ំទូកជារៀងរាល់ឆ្នាំកន្លងទៅពួកគេសង្កេតឃើញថា ហាក់មានការឃុបឃិតប្រព្រឹត្តិអំពើពុករលួយដោយក្រុមឈ្មួញដែលដេញថ្លៃដឹកឈើខាងលើនេះ បានដឹកឈើលើសចំនួនកំណត់រាប់រយម៉ែត្រគូប យកទៅលក់ចែកចាយតាមដេប៉ូទាំងធំទាំងតូចនៅក្នុងក្រុងសៀមរាប។
ប្រភពបានលួចបង្ហើបពីកលល្បិចរបស់អ្នកដេញថ្លៃដឹកឈើធ្វើវេទិការថា ដំបូងពួកគេយកលេសថា ដឹកឈើមកធ្វើវេទិការមិនទាន់ ដូច្នេះសុំខ្ចីឈើពីដេប៉ូលក់ឈើសិន រួចចាំដឹកឈើពីព្រៃមកសងវិញតាមក្រោយ។ ការខ្ចីឈើពីដេប៉ូមកធ្វើវេទិការសិនវាមិនមែនជារឿងគួរអោយចាប់អារម្មណ៍នោះទេ តែរឿងដែលគួរអោយចាប់អារម្មណ៍នោះគឺ ពួគេខ្ចីឈើមួយដេប៉ូ១០ម៉ែត្រគូប(ឧទាហរណ៍)តែដល់ពេលដឹកឈើសងដេប៉ូវិញគឺរាប់រយម៉ែត្រគូប ដឹករាប់ខែមិនចេះគ្រប់ ហើយបើមានអ្នកណាសាកសួរគឺគេឆ្លើយថា ដឹកឈើសងដេប៉ូ ព្រោះជំពាក់កាលពីធ្វើវេទិការបុណ្យអ៊ំទូក។
ប្រភពបន្តថា បើពួកគេដឹកឈើពីព្រៃយកទៅដាក់កន្លែងធ្វើវេទិការបុណ្យអ៊ំទូកដោយផ្ទាល់វាពិបាកនិងធ្វើការចល័តឈើចេញទៅលក់តាមដេប៉ូ ម្យ៉ាងទៀតវាពិបាកក្នុងការដឹកឈើលើសចំនួនកំណត់ ដូច្នេះទើអ្នកដឹកឈើធ្វើវេទិការបុណ្យអ៊ំទូកជ្រើសរើសយកវិធីខូចខាងលើ។
ប្រភពបន្ថែមថា ការដឹកឈើលើសកំណត់នេះមិនមែនសមត្ថកិច្ចតាមដងផ្លូវមិនដឹងនោះទេ ជាពិសេសមេព្រៃតាមដងផ្លូវ និងលោកនាយខណ្ឌ តែការសែនព្រេន ឬការចែករំលែកក្រោមតុត្រូវបានដំណើរការយ៉ាងរលួលនទើបអ្វីៗអាចប្រព្រឹត្តិទៅបានយ៉ាងស្ងប់ស្ងាត់ឥតមានល្អក់កករបែបនេះ។
ប្រជាពលរដ្ឋខេត្តសៀមរាបមានការរិះគន់ថា គ្រាន់តែធ្វើវេទិការបុណ្យអ៊ំទូកមួយត្រូវចំណាយថវិការជាតិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ មិនតែប៉ុណ្ណោះថែមទាំងចូលរួមបំផ្លាញព្រៃឈើអស់រាបរយម៉ែត្រគូបទៀតផង នេះមកពីថ្នាក់ដឹកនាំខេត្តទាំងនេះខ្វះការពិចារណា ហើយធ្វើអ្វីគ្មានការសិក្សាច្បាស់លាស់ ចាំស្តាប់តែក្រុមអាទិនអាតយដែលពូកែវៃអែបស៊ីអបអោយយោបល់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ក្រុមប្រជាពលរដ្ឋបាលលើកឡើងថា បើគង់តែប្ររព្វធ្វើពិធីបុណ្យអ៊ំទូកជារៀងរាល់ឆ្នាំដដែលៗបែបនេះ ម្តេចមិនសង់វេទិការជាថ្ម អោយវាមានអាយុរាប់រយឆ្នាំតែម្តងទៅ ចំណាយលុយតែម្តងវាជាការស្រេច ចាំបាច់ចំណាយលុយជាច្រើនរាល់ឆ្នាំធ្វើអី មិនតែប៉ុណ្ណោះហាក់ទុកឱកាសអោយក្រុមខ្មូតឆ្លៀតឱកាសកេងចំណេញពីក្រោយខ្នងទៀតផង ដែលនាំអោយមានការសើចចំអកថា ថ្នាក់ដឹកនាំខេត្តមិនសូវឆ្លាតវៃ អោយឈ្មួញប្រើក្បាច់ហុងកុងកុងហ្វូពីក្រោយខ្នង។
បើទោះជាមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាច្រើនក៏ដោយ ក៏នៅមានប្រជាពលរដ្ឋខ្លះនិយាយថា យើងមិនអាចបន្ទោសលោក ឃឹម-ប៊ុនសុង អភិបាលខេត្តទាំងស្រុងនោះទេ ព្រោះលោកទើបឡើងកាន់ដំណែងថ្មី មិនដែលបានរៀបចំវេទិការបុណ្យអ៊ំទូកពីមុនមក ដូច្នេះប្រហែលជាលោក ឃឹម-ប៊ុនសុង មិនទាន់បានដឹងពីល្បិចត្រីងៀតឆ្លៀតពងរបស់ក្រុមឈ្មួញរកស៊ីដឹងឈើនៅខេត្តសៀមរាបនៅឡើយទេ តែលោកឃឹមប៊ុនសុងត្រូវតែក្តាប់អោយបាននូវទង្វើខុសច្បាប់ ទបល្មើសព្រៃឈើ បទល្មើសនេសាទ ការឃុបឃិតគ្នាស៊ីក្រោមតុ នៅក្រោយខ្នងជាដើម ព្រោះបរិវាក្រោមឱវាតរបស់លោកមួយចំនួនជាមនុស្សដែលធ្វើការងារយូរឆ្នាំចេះគ្រប់ល្បិចកល់ក្នុងការរកលុយ មិនតែប៉ុណ្ណោះនៅមានអាទិនអាតយនៅចាំវៃអែបស៊ីអបអោបជើងអោបដៃ ដើម្បីតែលាភសការៈ ដោយមិនបានគិតពីផលប៉ះពាល់ដល់ថ្នាក់លើនោះទេ។
សរុបសេចក្តីមកលោក ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបត្រូវតែតាមដានសិក្សាអោយបានច្បាប់រាល់ការដឹកជញ្ជួនឈើយកមកធ្វើវេទិការបុណ្យអ៊ំទូកឆ្នាំនេះ ជាសវៀងក្រុមខ្មូតប្រើល្បិចរុញទូកបណ្តោយទឹក ឬគេហៅថា ត្រីងៀតឆ្លៀតពង ដែលទង្វើទាំងនេះវាអាចជះឥទ្ធិពលដល់កិត្តិយសរបស់លោក ដែលកន្លងមកលោកធ្លាប់តែមានកេរឈ្មោះល្អនៅក្នុងខេត្តសៀមរាបតាំងពីមុនលោកធ្វើជាចៅហ្វាយខេត្តសៀមរាបមកម្លេះ៕ ដោយ៖ផ្លុង-រ៉េត