អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប ចុះរុះរើផ្ទះប្រជាពលរដ្ឋដែលរស់នៅជិត៣០ឆ្នាំ ស្ថិតនៅក្នុងភូមិដក់ពោធិ៍ ក្រុមទី០៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅក្បែរចញ្ចើមផ្លូវលោកតាណឿយជាប់និងផ្លូវជាតិលេខ៦ ដោយគ្មានសំណងសូម្បីមួយកាក់មួយសេនលុយខ្មែរ ដែលនាំអោយម្ចាស់ផ្ទះស្ទើតែក្អួតឈាមស្លាប់ នៅព្រឹកថ្ងៃទី១៩នេះ។
លោក វ៉ាយ រ៉ាវុធ អាយុប្រហែលជាង៥០ឆ្នាំបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៩នេះទាំងទឹកភ្នែករលីងរលោងថា លោកនិងក្រុមគ្រួសារបានរស់នៅទីនេះតាំងពីឆ្នាំ១៩៨៧មកម្លេះ ហើយថែមទាំងមានសំបុតកម្មសិទ្ធដីពីអាជ្ញាធរទៀតផង។ ឥលូវរដ្ឋត្រូវការពង្រីកផ្លូវលោកតាខៀវនឿយបែជាចោទថា លោកធ្វើផ្ទះលើដីផ្លូវទៅវិញ ហើយមកបង្ខំអោយលោករុះរើ ដោយមិនមានសំណងសូម្បីមូយកាក់មួយសេនទាល់តែសោះ។ លោក វ៉ាយ រ៉ាវុធ បន្តថា លោកមិនប្រឆាំងនិងអាជ្ញាធរទេ តែលោកសូមសំនូមពរទៅអាជ្ញាធរអោយជួយដោះស្រាយតាមគោលនយោបាយខ្លះៗជូនគាត់ផង ព្រោះគាត់គ្មានដីគ្មានផ្ទះផ្សេងសំរាប់រស់នៅទេ បើអត់ពីផ្ទះនេះទៅមានតែដើរដេកតាមចិញ្ចើមផ្លូវទាំងគ្រូសារជាមិនខាន។ ម្យ៉ាងទៀតលោក លោក វ៉ាយ រ៉ាវុធ បន្ថែមថា បើអាជ្ញាធររុះរើផ្ទះគាត់ហើយ សូមរុះរើផ្ទះដែលនៅម្ខាងផ្លូវដែលជាប់ចំណីថ្នល់ដូចគ្នាផង កុំធ្វើបាបតែគាត់ជាអ្នកក្រ ឯផ្ទះអ្នកមានខ្សែមានខ្នងជាប់ចំណីថ្នលដែរតែបែជាមិនរុះរើទៅវិញ។
លោក ខៀវ សត ចៅសង្កាត់ស្លក្រាមបាននិយាយយ៉ាងខ្លីប្រាប់អ្នកយកព័ត៌មានយើងថា រដ្ឋគ្មានគោលការណ៍សង ឬដោះដូរអ្វីជូនលោក វ៉ាយ រ៉ាវុធ ទេព្រោះគាត់ធ្វើផ្ទះលើដីចំណីផ្លូវ ម្យ៉ាងទៀតអាជ្ញាធរបានជូនដំណឹងដល់ម្ចាស់ផ្ទះរូបនេះតាំងពី២ឆ្នាំមុនមកម្លេះ ថាដីនេះជាដីចំណីផ្លូវ។
លោក សោម សម្បត្តិ អភិបាលរងក្រុងបានអោយដឹងថា លោកធ្វើការទៅតាមផ្លូវច្បាប់ ហើយការចុះរុះរើនេះគីមានចំណា សជណ ពីសាលាខេត្តត្រឹមត្រូវ ក្នុងការពង្រីកផ្លូវលោកតាខៀវនឿយដែលមានទំហំ៣៥ម៉ែត្រ។ លោក អភិបាលរងក្រុងបានបន្ថែមថា អាជ្ញាធរមិនមែនរុះរើតែផ្ទះលោក វ៉ាយ រ៉ាវុធ ទេ ផ្ទះផ្សេងក៏រើដែរអោយតែជាប់ចំណីផ្លូវដែលត្រូវពង្រីក តែគេរើផ្ទះលោក វ៉ាយ រ៉ាវុធ មុនព្រោះវាចំផ្លូវដាក់លូបង្ហូរទឹកដែលគេកំពុងតែសាងសង់។
ដោយយោងទៅតាមសំនូមពររបស់លោក វ៉ាយ រ៉ាវុធ សុំពន្យាពេលមួយអាទិត្យក្នុងការរើរៀបចំឥវ៉ាន់និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ អាជ្ញាធរសម្រេចចិត្តដកខ្លួនថយដោយទុកពេលអោយ លោក វ៉ាយ រ៉ាវុធ ចំនួន២ថ្ងៃក្នុងការរៀបចំយកទ្រព្យសម្បត្តិចេញ ហើយ២ថ្ងៃក្រោយអាជ្ញាធរនិងចុះមកផ្តងទៀតដើម្បីរុះរើម្តងទៀត គឺរើទាំងសងខាងផ្លូវមិនអោយមានការច្រណែនគ្នាទេ។
លោក វ៉ាយ រ៉ាវុធ សូមសំនូមពរយ៉ាងទទួចដល់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបមេត្តាជួយផ្តល់ជាថវិការខ្លះៗដល់ក្រុមក្រួសារលោកផង ព្រោះផ្ទះរបស់គាត់២ល្វែងនិងត្រូវវាយកម្ទេចចោលកើតជាផេះហើយ លោកគ្មានកន្លែងជ្រកទេ មានតែនាំកូនចៅដេកតាមជញ្ចើមផ្លូវដូចអ្នកសុំទានមិនខាន បើរដ្ឋមិនមានគោលការណ៍ដោះដូរជូនលោកទេនោះ។
ក្រុមប្រជាពលរដ្ឋដែលឈរមើលក្រុមកម្មករវាយកម្ទេចផ្ទះលោក វ៉ាយ រ៉ាវុធ មួយល្វែងខាងក្រោមកាលពីព្រឹកមេញនោះ នាំគ្នានិយាយទាំងហួសចិត្តថា អាជ្ញាធរហាក់គ្មានបេះដូង ផ្ទះគាត់រស់នៅជិត៣០ឆ្នាំហើយ ឥលូវរដ្ឋត្រូវការបែជាមិនមានការដោះដូរជូនគាត់ ហើយប្រើអំណាចសមត្ថកិច្ចរាប់សិបនាក់មកការពារក្នុងការរុះរើដែលរូបភាពបែបនេះ ហាក់មានចេតនាគំ រាមកំហែងដល់ពលរដ្ឋក្រីក្រស្លូតត្រង់អញ្ចឹង ដែលធ្វើអោយអ្នកធ្វើដំណើរខ្លះស្មានតែគេចាប់គ្រឿងញៀនខ្នាតធំ ឬបង្ក្រាបក្រុមភារវកម្ម៕ដោយ៖ ផ្លុង រ៉េត