មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈើរបស់ក្រុមហ៊ុនដីសម្បទានពិតប្រាកដ ដោយជ្រកក្រោមស្លាកយីហោរបស់ក្រុមហ៊ុន ទន្លេស៊ូហ្គើរ និងមានការឃុបឃិតគ្នាជាមួយក្រុមមន្ត្រីជំនាញយ៉ាងស្ងប់ស្ងាត់បានដោយរលូន។
ជាក់ស្តែងនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ម្សិលមិញប្រភពច្បាស់ការណ៍បានរាយការណ៍មកថា មានរថយន្តយីឌុបម៉ាកហ៊ីណូក្បាលពណ៍ខៀវ គ្របតង់ពណ៍ប្រផេះដឹកឈើលេខ១ប្រភេទធ្នង់ប្រហែល៥០ម៉ែត្រគូបពីក្រុងសំរោងខេត្តឧត្តរមានជ័យសំដៅទៅខេត្តបាត់ដំបងដោយឆ្លងកាត់ស្រុកស្រីស្នំនិងស្រុកក្រឡាញ់ខេត្តសៀមរាប ដោយប្រើរថយន្តម៉ាកហៃលេនដឺ ពណ៍ទឹកប្រាក់ជាអ្នករតការណ៍បង់លុយអោយសមត្ថកិច្ចតាមដងផ្លូវ។ ប្រភពបន្តថា រថយន្តខាងលើបានលើកឈើនៅផ្ទះលោក រស់ជុគ មិនមែនលើកឈើនៅដីសម្បទានរបស់ក្រុមហ៊ុន ទន្លេស៊ូហ្គើរ នោះទេ ហើយឈើដែលដឹកចេញនេះក៏មិនមែនជាឈើរបស់ក្រុមហ៊ុនដែរ វាជាឈើដែលលោក រស់ជុក ប្រមូលទិញទុកដឹកចែកចាយតាមបណ្តារខេត្តនានាតែប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីជំនាញសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបអោយដឹងថា លោករស់ជុគបានឃុបឃិតជាមួយមន្ត្រីជំនាយដើម្បីកាត់ច្បាប់ដឹកឈើលេខ១ខាងលើចំនួនតែ២០ម៉ែត្រគូបតែប៉ុណ្ណោះ ឯឈើលើសចំនួនជាច្រើនទៀតគឺទុកជាសេវាក្រៅផ្លូវការណ៍។
យោងតាមលិខិតអនុញ្ញាតដឹកជញ្ជួនផល អនុផលព្រៃឈើលេខ០០៣ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយនាយផ្នែករដ្ឋបាលព្រៃឈើសំរោងលោក ម៉ៅ បរិមិន្ទ បានអនុញ្ញាតអោយក្រុមហ៊ុនដីសម្បទានទន្លេស៊ូហ្គើរដឹកឈើពីសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានចំនួនឈើអាសរុប ៤៩១សន្លឹក ស្មើនិង២០ម៉ែត្រត្រីគុណចុច២៨០។
ប្រភពពីអ្នកធ្លាប់ស្គាល់និងដឹងពីប្រវត្តលោក រស់ជុក បានអោយដឹងថា លោក រស់ជុក ជានាយទាហ៊ានម្នាក់ពូកែខាងរកស៊ីដឹកឈើក្រញូងម្នាក់ដែរ តែពេលថ្មីៗនេះមិនសូវសំបូរឈើក្រញូងដឹកក៏ចាប់ផ្តើមដឹកឈើប្រភេទធ្នងវិញម្តង។ ប្រភពបន្តថាលោក រស់ជុគ មិនសូវចេញមុខខ្លួនឯងផ្ទាល់ទេ គឺតែងតែអោយនរណាម្នាក់ចេញមុខរតការណ៍ជំនួស ដូចជាឈើដែលដឹកតាមរថយន្តយីឌុបនៅល្ងាចថ្ងៃទី២២នេះ គឺគាត់រតច្បាប់ យកឈ្មោះក្រុមហ៊ុនមកពាំង តែដាក់អោយលើសចំនួនកំណត់ដើម្បីរកផលចំណេញបន្ថែម ជាសវៀងសមត្ថកិច្ចផ្សេងឆែកឆេ។
អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបកស្រាយពីលោកវីរៈសេនីយទោ រស់ជុគ បានទេនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ ព្រោះទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
មជ្ឈដ្ឋានទូទៅគេរិះគន់ថា បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខំខ្ចីលុយគេប៉ុន្មានរយលាយដុល្លារអាមេរីកមកធ្វើផ្លូវអោយល្អប៉ុណ្ណាក៏វាមិនអាចឋិតថេរបានយូដែរ ព្រោះមានក្រុមហ៊ុនដីសម្បទានដឹកឈើលើសទម្ងន់ និងជនខិលខូចមិនគោរពច្បាប់ លួចដឹកជញ្ជួនលើសទម្ងន់ ដែលជាហេតុនៃការបំផ្លិចបំផ្លាញផ្លូវថ្នល់អោយឆាប់រលាយហិនហោចមុនកាលកំណត់ រីឯក្រុមជញ្ជីងថ្លឹងរថយន្តវិញគឺលូកដៃចាំយកតែលុយ មិនបានអនុវត្តន៍ច្បាប់នៃការដឹកលើសទម្ងន់អោយបានត្រឹមត្រូវនោះទេ៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 4713 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33272 | នាក់ |
ខែនេះ | 180900 | នាក់ |
ឆ្នាំនេះ | 3763560 | នាក់ |
សរុប | 53123486 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:15 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net