លោក អ៊ំ អមរ៉ា ស្នងការរងទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្ត បានរងការរិះគន់ពីមជ្ឈដ្នានប្រជាពលរដ្ឋក្នុងក្រុងសៀមរាបថា លោកបានកាង និងទទួលផលប្រយោជន៍ពីក្រុមហ៊ុនដឹកឈើលើសច្បាប់កំណត់ លើសទម្ងន់ ពីខេត្តនានាយកមកលក់ចែកចាយក្នុងខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
ប្រភពព័ត៌មានច្បាស់ការណ៍បានអោយដឹងថា នៅខែឧសភា ឆ្នាំ២០១៥នេះ មានក្រុមហ៊ុនជិត១០ប្រើរថយន្តម៉ាកយីឌុប ដឹកឈើលើសទម្ងន់ ចូលខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាប យកទៅលក់ចែកចាយនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងមួយយប់ៗជិត១០ក្រឿង តែមិនមានសមត្ថកិច្ចណាចុះត្រួតពិនិត្យតាមផ្លូវច្បាប់នោះទេ តែបែជាលេចលឺព័ត៌មានចចាមអារាមថា មានសមត្ថកិច្ចខ្លះចេញមុនកាងរថយន្តដឹកឈើ និងបានទទួលផលប្រយោជន៍ ឬលាភសការៈក្រោមតុ ពីក្រុមហ៊ុនដឹកឈើលើសទម្ងន់ទាំងនោះទៅវិញ។
ប្រភពព័ត៌មានពីក្រុមអ្នកសារព័ត៌មានខេត្តសៀមរាបបានបង្ហើបថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥វេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី២៣ លោក អ៊ំ អមរ៉ា ស្នងការរងខេត្តសៀមរាបទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ចបានកាក់រថយន្តម៉ាកយីឌុបដឹកឈើពីខេត្តព្រះវិហ៊ាររបស់ក្រុមហ៊ុន រត្នសម្បត្តិខូអិលធីឌី នៅចំណុចខាលិចជញ្ជីថ្លឹងរថយន្ត ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ ប្រភពបន្ថែមថា លោក អ៊ំ អមរ៉ា បានជិះរថម៉ាក់ឡង់គ្រីស័រ៤៧០ពណ៍ប្រផេះជាមួយលោក ចាន់វណ្ណសុង ប្រធានអង្គការពារធនធានធម្មជាតិ និងសត្វព្រៃ ប្រចាំបួនខេត្ត ទៅកាក់ត្រួតពិនិត្យរថយន្តដឹកឈើខាងលើ បន្ទាប់មកក៏ដោះលែងរថយន្តនោះទៅវិញ។ អ្នកកសែតម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា លោកបានទៅសុំលុយចាក់សាំងពីអ្នករតការណ៍ឡានដឹកឈើខាងលើ តែត្រូវបានអ្នករតការណ៍រូបនោះឆ្លើយថា មិនមានលុយអោយទេ ព្រោះលោក ស្នងការរង អ៊ំ អមរ៉ា ទើបតែយកអស់៣០០(បីរយ)ដុល្លារអំមិញៗនេះ។
លោក ចាន់ វណ្ណសុង ប្រធានអង្គការការពារធនធានធម្មជាតិ និងសត្វព្រៃ ប្រចាំខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានយើងនៅម៉ោង១២ និង១៣នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥នេះថា លោក ពិតជាបានដដឹកលោក អ៊ំ អមរ៉ា ស្នងការរងទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តទៅកាក់រថយន្តនោះមែន តែត្រង់ថា គាត់បានយកលុយ ឬអត់នោះលោកមិនបានដឹងទេ តែលោកដូចជាមិនបានឃើញអ្នករតការឈើអោយលុយលោក អ៊ំ អមរ៉ា នោះទេ។
អ្នកយកព័ត៌មានយើងបានព្យាយាមសុំការបំភ្លឺពីបុរសម្នាក់មានវ័យប្រហែលជាង៣០ឆ្នាំ កំពស់ប្រហែល១៦៥សង់ទីម៉ែត្រ សម្បុរសណ្តែកបាយដែលជាអ្នករតការអោយក្រុមហ៊ុនដឹកឈើ រត្នសម្បត្តិខូអិលធីឌី ខាងលើ តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃទី២៩នេះ តែលោកបានធ្វើការបដិសេធថា លោកមិនមែនជាអ្នករតការអោយក្រុមហ៊ុនខាងលើនេះទេ រួចក៏បិទទូរស័ព្ទបាត់ទៅ។
នៅម៉ោង១ និង៣១នាទីរសៀលថ្ងៃទី២៩នេះ លោក អ៊ំ អមរ៉ា ស្នងការរងទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា កាលយប់ថ្ងៃទី២២លោក បានកាក់រថយន្តដឹកឈើខាងលើមែន តែមិនបានយកលុយពីអ្នករតការឈើដូចការចោទប្រកាន់ខាងលើនោះទេ។ លោក អ៊ំ អមរ៉ា បានបន្តថា យប់នោះលោកបានត្រួតពិនិត្យច្បាប់ដឹកឈើ ហើយបានខលហៅខាងមេព្រៃ អោយមកជួយធ្វើការត្រួតពិនិត្យ តែមេព្រៃប្រាប់ថា បានត្រួតពិនិត្យរួចហើយ គឺខាងក្រុមហ៊ុនដឹកត្រឹមត្រូវតាមច្បាប់ ដូច្នេះលោកក៏បានដោះលែងរថយន្តដឹកឈើនោះទៅ។ លោក អ៊ំ អមរ៉ា បានបន្ថែមថា លោកមិនដែលមានគំនិតយកលុយកាក់ពីបទល្មើសនោះទេ បើលោកចេះយកលុយមានយូហើយ។ លោក អ៊ំ អមរ៉ា បានបន្ថែមទៀតថា កាលពីយប់ថ្ងៃទី២៥មានអ្នកកាសែតមួយក្រុមតាមកាក់រថយន្តដឹកឈើរបស់ក្រុមហ៊ុននៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ហើយខាងមេព្រៃគេបានខលទៅរាយការណ៍ជូនលោកព្រះរាជអាជ្ញា បន្ទាប់មកលោកព្រះរាជអាជ្ញាបានទូរស័ព្ទអោយលោកទៅមើល លោកបានទៅដល់កន្លែងកើតហេតុ ហើយហៅអ្នកកាសែតមកនែនាំថា អ្នកកាសែតមិនត្រូវកាក់ឡានគេផ្តេសផ្តាសចឹងទេ តែអ្នកកាសែតយល់ច្រឡំថា គាត់ទៅកាងឈើចង់ចាប់អ្នកកាសែតទៅវិញ។ លោក អ៊ំ អមរ៉ា បានបន្ថែមទៀតថា កាលពីថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ លោកបានចាប់រថយន្តដឹកឈើលើសច្បាប់កំណត់២គ្រឿងរបស់ក្រុមហ៊ុនទ្រីភាព បញ្ជូនទៅអោយមេព្រៃចាត់ការទៅតាមផ្លូវច្បាប់។លោកបន្ថែមចុងក្រោយថា អោយតែដឹកឈើខុសច្បាប់ ឬលើសច្បាប់កំណត់ គឺលោកចាប់ មិនយកលុយដូចការចោទប្រកាន់នោះទេ។
លោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩នេះថា លោករីករាយក្នុងការសហការជានិច្ចអោយតែមានអ្នករាយការណ៍ពីករណីបទល្មើសព្រៃឈើ។ លោកបន្តថា មានក្រុមហ៊ុនមួយចំនួនដឹកឈើឆ្លងកាត់ខេត្តសៀមរាប មិនបានរាយករណ៍ជូនកាត់ទេ ប្រោះគេដឹកឈើយកទៅខេត្តផ្សេងៗ ម្យ៉ាងទៀតគ្រប់ការងារទាំងឡាយវាមិនអាចធ្វើបានល្អ១រយភាគរយនោះទេ ជូនកាល់បទល្មើសនៅឆ្ងាយ ទៅក្រដល់ ជូនកាលកូនចៅជាប់រវល់ប្រើមិនបាន ព្រោះក្រៅម៉ោងការងារ។ លោក ទាគឹមសុទ្ធ បានបន្ថែមថា សូមអោយអ្នកកាសែតរិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ក្នុងការផ្ចាញ់ផ្ចាល ហើយចាប់ពីថ្ងៃនេះទៅសូមអោយជួយរាយការណ៍ជូនលោកបើមានករណីបទល្មើសព្រៃឈើឆ្លងកាត់ ឬកើតឡើងនៅក្នុងខេត្តសៀមរាប។
បើទោះជាមានការបកស្រាយពីលោក អ៊ំ អមរ៉ា ស្នងការរងខេត្តសៀមរាបថា មិនបានកាងឡានដឹកឈើ ហើយក៏មិនបានយកលុយពីឡានដឹកឈើ ដូចខាលើនេះក៏ដោយ តែក្រុមអ្នកតាមដាកហេតុការណ៍នៅខេត្តសៀមរាប អះអាងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ លោក អ៊ំ អមរ៉ា បានជិះរតយន្តម៉ាកឆ្លាញ ពណ៍ស្ករ ជាមួយលោក ឃ្លោគ ស៊ីដា ជាប៉ូលីសសេដ្ឋកិច្ចដែលជាកូនចៅរបស់លោក តាមអេស្គគ(តាមពីក្រោយ)រថយន្តដឹកឈើតាំងពីចំនុចផ្លូវលេខ៦៧ (ផ្លូវហៃវ៉េ) ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប រហូតឆ្លងផុតក្រុងសៀមរាប ដោយមិនបានកាក់សួរនាំរថយន្តដឹកឈើនោះទេ តែបើរថយន្តតាមពីក្រោយរហូត ដែលជាហេតុធ្វើអោយអ្នកតាមដានហេតុការណ៍ឆ្ងល់ថា តើលោកបើករថយន្តតាមពីក្រោយរថយន្តដឹកឈើធ្វើអ្វីដែរ? មេចបានមិនកាក់សួរនាំ? ឬបើកតាមការពារសុវត្ថិភាពរថយន្តដឹកឈើ?
នៅម៉ោង៤រសៀលថ្ងៃទី២៩នេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបន្យល់ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានទេព្រោះទូរស័ព្ទនៅក្រៅតំបន់សេវា ពាក់ព័ន្ធកាលពីយប់ថ្ងៃទី២៤ ខាងលើ ដែលលោក អ៊ំ អមរ៉ា អះអាងថា ព្រះរាជអជ្ញាបានអោយគាត់ទៅមើលអ្នកកាសែតកាក់រថយន្តដឹកឈើរបស់ក្រុមហ៊ុន។
ប្រភពព័ត៌មានទើបបានប្រាប់បន្ថែមនៅរសៀលថ្ងៃទី២៩នេះថា នៅម៉ោង៤ទាបភ្លឺថ្ងៃទី២៩នេះមានរថយន្តយីឌុបដឹកឈើរបស់ក្រុមហ៊ុន៤គ្រឿងទៀតបានឆ្លាងកាត់ខេត្តសៀមរាប តែមិនមានអ្នកណាហ៊ានសួរនាំនោះទេ ហើយក្រុមអ្នកកាសែតក៏មិនហ៊ានតាមសួរនាំថតរូបដូចពីមុននោះដែរ ព្រោះមានពាក្យចចាមអារាមបាននិយាយថា សមត្ថកិច្ចខេត្តសៀមរាបកំពុងរៀបគំរោងចាប់ខ្លួនអ្នកកាសែតណាដែលដេញតាមសាកសួរថតរូបរថយន្តដឹកឈើរបស់ក្រុមហ៊ុនជិត១០ដែលឆ្លងកាត់ខេត្តសៀមរាប និងដឹកដាក់តាមដេប៉ូក្នុងខេត្តសៀមរាប ជារៀងរាល់យប់ ដូចហែកឋិនទាន៕ ដោយ៖ ផ្លុង-រ៉េត