ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផុត ហើយធ្វើឲ្យជំនួញឈើរបស់គេកាក់កបយ៉ាងខ្លាំង។
គេមិនដឹងថាលោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ (នៅជើងភ្នំគូលេន ខេត្តសៀមរាប) បានដឹងពីសកម្មភាពរបស់កូនចៅរបស់ខ្លួនរកស៊ីបទល្មើសព្រៃឈើ ឬយ៉ាងណានោះទេ ប៉ុន្តែ សកម្មភាពកូនចៅរបស់មេកងពលរូបនោះបានប្រកបមុខរបរដឹកឈើក្រញូងនេះជាច្រើនឆ្នាំកន្លងទៅហើយ។
ទោះជាយ៉ាងណាក៍ដោយក៏អ្នកតាមដានការរកស៊ីបទល្មើសព្រៃឈើ បានលើកឡើងថា បើមិនមានការបើកភ្លើងខៀវពីរមេៗទេ កូនចៅមិនអាចហ៊ានរកស៊ីបទល្មើសព្រៃឈើប្រឆាំងទៅនិងបទបញ្ជាររបស់ សម្ដេច តេជោ ហ៊ុនសែន បាននោះឡើយ។
គេសង្កេតឃើញថា បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើគ្រញូងបានស្ងប់ស្ងាត់មួយរយៈពេលខ្លី មានប្រភពបានលួចបង្ហើបប្រាប់ថា មានមេព្រៃ មន្ត្រីបរិស្ថានខ្លះ និងសមត្ថកិច្ចលេមលើមតាមដងផ្លូវមួយចំនួន ចង់ដាច់បាយ។
ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឃាត់រថយន្ត ដែលបានលបលួចដឹកឈើគ្រញូង ឆ្លងកាត់ខេត្តកំពង់ធំ ចំនួន ៣គ្រឿង មកហើយ រួមមានកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ដែលលោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានអនុវត្តតាមការបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្ទាក់ចាប់រថយន្ត ឲ្យខានតែបាន ពេលដែលមានកម្លាំងឃ្លាំមើល បានបើករថយន្ត តាមពីក្រោយ រថយន្តដឹកបទល្មើស យ៉ាងកកិត បើពុំនោះទេរថយន្តនេះ នឹងទទួលបានចម្លើយថា អត់ឃើញ ដូចសព្វមួយដង។
រថយន្តម៉ាកលុចស៊ីស ពណ៌ខ្មៅ ឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9915 ត្រូវបានព្រះរាជអាជ្ញា បញ្ជាឲ្យចាប់ ដោយសារ ដឹកបទល្មើសឈើគ្រញូង ពេលដែលរថយន្ត មួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ច ប្រដេញចាប់ ហើយបានបើក ត្រឡប់ក្រោយ មកដល់ចំណុច ជិតប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានជ្រុលចង្កូត ធ្លាក់វាលស្រែ នៅម៉ោង ១១និង៣០ នាទី យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ហើយត្រូវបានស្ទូច យកទៅរក្សាទុក នៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីរងចាំធ្វើការវាស់វែង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា បន្តទៀត។
ប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា រថយន្តដឹកបទល្មើស ជាកម្មសិទ្ធិរបស់លោក តឿ ដែលជាឈ្មួញឈើដុះស្លែ ប្រចាំខេត្តសៀមរាប រកស៊ីខួបប្រាំងខួបវស្សា ហើយមានអ្នករត់ការ ឈ្មោះ យ៉ាំ ប៊ុណ្ណា ហៅចិន កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងឈ្មោះ ភាន់ ជាប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ ដោយរត់ការតាមផ្លូវ មួយកំណាត់ម្នាក់។
ប្រជាពលរដ្ឋ បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើលោក ហ៊ុន អៀង នាយអធិការដ្ឋាន រដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាបថា ពុំដែលឃើញមានការបង្ក្រាប បទល្មើសព្រៃឈើ ដោយខ្លួនឯងនោះទេ គឺបង្ក្រាបបានត្រឹមតែ កាឡេថង ដឹកអុស និងដឹកជន្លង់ម្រេច របស់ប្រជាពលរដ្ឋ រកព្រឹកខ្វះល្ងាចតែប៉ុណ្ណោះ ហើយបង្ខំផាកពិន័យ ៤លាន ទៅ ៥លានរៀល ដោយគ្មានក្តី អាណិតអាសូរ។
នៅរសៀល ថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៥នេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងលោក កែវ ធី ដើម្បី បកស្រាយបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង។
ចំណែកឯលោក លោកតឿ ដែលរងនូវការចោទថា រកស៊ីបទ ល្មើសព្រៃឈើ ក្រញូង ក៍មិនអាចទាក់ទង បំភ្លឺបាន ដោយទូរស័ព្ទ នៅក្រៅតំបន់សេវា៕
ថ្ងៃនេះ | 393 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36237 | នាក់ |
ខែនេះ | 46891 | នាក់ |
ឆ្នាំនេះ | 3945123 | នាក់ |
សរុប | 53305049 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:42 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net