លោក ក្រាញ់ មេឈ្មួញរកស៊ីដឹកឈើដុះស្លែល្បីឈ្មោះបោះសំលេងយូរឆ្នាំណាស់មកហើយនៅខេត្តសៀមរាប ឥឡូវកំពុងតែសំរុកដឹកឈើអត់ច្បាប់យ៉ាងគគ្រឹគគគ្រេង ហើយថែមទាំងមានអតីតឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ យិនថាវ កំពុងតែចេញមុខកាងពីក្រោយខ្នងទៀតផង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះវេលាម៉ោង១២និង១៦នាទីរសៀល មានរឺម៉កដឹកឈើចល័យចេញពីកន្លែងស្តុកឈើរបស់លោក យិនថាវ ស្ថិតក្នុងភូមិអញ្ចាញ សង្គាត់នគរធំ ក្រុងសៀមរាប (ខាងត្បូងទ្រនប់អញ្ចាញ) តាមដងផ្លូវលេខ៦០ម៉ែត្រ យកមកលក់អោយ ដេប៉ួតារ៉េ ដែលស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រទល់មុខសារមន្ទីរក្រហម។
អ្នកកាសែតមួយរូបដែលតាមថតរឺម៉កដឹកឈើខាងលើបានអោយដឹងថា នៅពេលរូបគាត់តាមថតរឺម៉កដឹកឈើខាងលើនេះ ស្រាប់តែលោក យិនថាវ ចុះពីរថយន្តសាំងយ៉ុងពណ៍សមកថាអោយរូបលោកថា ˝មេចឯងមកថតធ្វើអីឈើជារបស់អាក្រាញ់ទេ ឯងមិនស្រណោះវាទេឬ? ហើយបើឯងមិនយល់មុខវា ឯងក៏គួរតែយោគយល់អញ់ដែរ ព្រោះនៅខេត្តសៀមរាបអ្នកណាក៏គេយោគយល់មុខអញ់ដែរ˝។ អ្នកកាសែតដែលតាមថតរូបសកម្មភាពដឹកឈើអត់ច្បាប់របស់លោកក្រាញ់ខាងលើនេះបានបញ្ជាក់បន្ថែមថា លោកបានទូរស័ព្ទរាយការណ៍ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ភ្លាមៗបន្ទាប់ពីឃើញសកម្មភាពដឹកឈើចល័តយ៉ាងគគ្រឹកគគ្រេងបែបនេះ តែលោក ទាគឹមសុទ្ធ ថាជាប់ប្រជុំរួចក៏បិទទូរស័ព្ទបាត់ទៅ។
លោក ក្រាញ់បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ដដែលនេះថា ឈើដែលដឹកចូលដេប៉ូលោករ៉េខាងលើនោះពិតជាឈើរបស់គាត់មែន។ លោកក្រាញ់បានបន្ថែមថា គាត់ដឹកឈើពីខេត្តព្រះវិហារ មកលក់នៅខេត្តសៀមរាប មានច្បាប់ខ្លះ អត់មានច្បាប់ខ្លះ ហើយអ្នកកាសែតដែលទៅថតរូបនោះគាត់បានទូរស័ព្ទអោយទៅយកលុយ១០ម៉ឺនរៀលគ្រាន់ចាក់សាំង តែគេមិនព្រមយក បើមិនយកក៏មិនដឹងធ្វើមេចដែរ។
លោក យឹមស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទនៅរសៀលនេះផងដែរថា លោកមិនដែលដឹងថា ឈ្មោះក្រាញ់ឬឈ្មោះថាវ បានកាត់ច្បាប់ដឹកឈើនោះទេនៅពេលថ្មីៗនេះ។
លោក រ៉េ ថៅកែដេប៉ូលក់ឈើដែលមានយីហោ ដេប៉ូតារ៉េ ដែលស្ថិតនៅផ្លូវ៦០ម៉ែត្រក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលម៉ោង២និង១៤នាទីនេះថា លោកពិតជាបានទិញឈើពីលោក យិនថាវ ពិតប្រាកដមែន ហើយឈើដែលលោកបានទិញនោះជាប្រភេទឈើសុក្រមដែលមានមុខធំៗ។ លោករ៉េបានបន្ថែមថា លោកខានទិញឈើលោកយិនថាវយូរហើយ ទើបតែបានទិញព្រឹកមិញនេះឯង។
តាមប្រភពព័ត៌មានបានលួចបង្ហើបថា លោកយិនថាវ ចាប់ផ្តើមរកស៊ីដឹកឈើឡើងវិញនៅខេត្តសៀមរាបអស់រយៈពេលប្រហែលជិត៣ខែហើយ តែមិនចេញមុខខ្លួនឯងនោះទេ អោយឈ្មោះក្រាញ់ជាអ្នកចេញមុខជំនួសទៅវិញ។
អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោក យិនថាវ បានទេ ព្រោះទូរស័ព្ទខលមិនចូលនៅរសៀលថ្ងៃទី១៨នេះ។
សូមសមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តសៀមរាប មេត្តាជួយទប់ស្កាត់បទល្មើសព្រៃឈើផង កុំសម្ងំយកពិសពេក ព្រោះព្រៃឈើជិតរលាយហិនហោចអស់ហើយ៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 85 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 35929 | នាក់ |
ខែនេះ | 46583 | នាក់ |
ឆ្នាំនេះ | 3944815 | នាក់ |
សរុប | 53304741 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:16 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net