ជនរងគ្រោះក្នុងរឿងវិវាទដីធ្លីមួយរូប បានសរសេរលិខិតសុំឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ អំពីទង្វើដ៏អាក្រក់ និង ចរិតមិនទៀងត្រង់ ក្បត់កិច្ចសន្យា មិនរក្សាការព្រមព្រៀង របស់បុគ្គលឈ្មោះ ស្តើង សុខុម ដែលមានតួនាទី ជានាយកសាលាផង និង ជាអនុរដ្ឋលេខធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង។ ខាងក្រោមនេះជាសំណេរទាំងស្រុករបស់ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ៖
“ មានមុខងារជានាយកសាលា C.U.S សាខាខេត្តសៀមរាប និង ខេត្តកំពង់ធំ ព្រមទាំងមានឋានៈជអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បែរជាមានចរិតថោកទាប មិនថ្លៃថ្នូរ មិនសមនឹងតួនាទី និង ឋានៈរបស់ខ្លួនទេ ដោយហេតុថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២១ លោក ស្តើង សុខុម បានលក់ដីស្រែមួយកន្លែងនៅ ភូមិបល្លង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលដីនោះមានទំហំ ៤០១៧ ម៉ែត្រការ៉េ ទៅឲ្យលោក ហ៊ុយ ពិសិដ្ឋ ដែលមានតម្លៃ $2500 (ពីរពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉ែត្រដើរ ហើយដីនោះមានក្បាលប្រវែង ៣៩.៨៨ម៉ែត្រ ដែលមានទឹកប្រាក់សុបចំនួន $៩៩៧០០(ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ)។ លោក ហ៊ុន ពិសិដ្ឋ បានកក់ប្រាក់ឲ្យលោក ស្តើង សុខុម និង ប្រពន្ធឈ្មោះ ស ឃុនដារ៉ា អស់ចំនួន $40,000 (បួនម៉ឺនដុល្លារ) ស្មើនឹង ៤០% នៃប្រាក់សរុបរួចរាល់ហើយ ដោយឈ្មោះ ស្តើង សុខុម សន្យារត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិយ៉ាងយូរពីរខែរមកឲ្យលោក ហ៊ុយ ពិសិដ្ឋ ពេលបានប្លង់ហើយទើបលោក ហ៊ុយ ពិសិដ្ឋ ប្រគល់ប្រាក់បង្គ្រប់ទៅឲ្យលោកស្តើសុខុម។
ប៉ុន្តែកន្លងមកអស់រយៈពេលជាងមួយឆ្នាំមកហើយ លោក ស្តើង សុខុម ពុំបានអនុវត្តតាមកិច្ចព្រមព្រៀងទេ គឺគាត់គេចកែទៅជាមិនព្រមលក់ដីទៅវិញ។ យោងតាមប្រភពមិនផ្លូវការនិយាយថា លោក ស្តើង សុខុម មានគម្រោងលក់ដីនេះឲ្យទៅអតិថិជនថ្មីក្នុងតម្លៃ $3500 (បីពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉េត្រដើរ ដូច្នេះហើយទើបគាត់ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាតមិនគោរពតាមកិច្ចសន្យា ទិញ-លក់ ដែលខ្លួនបានព្រមព្រៀងដោយឆន្ទៈ។
ប៉ុន្តែគម្រៀងការរបស់គាត់ត្រូវបរាជ័យ ដោយហេតុថា ដីនោះត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្កកទុកមិនឲ្យលោក ស្តើង សុខុម ធ្វើការលក់ដូរ ជួលបញ្ចាំ បានឡើយ នេះបើតាមដីកាសម្រេចលេខៈ៨៨ ចុះថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២១ និង លេខៈ៧៤ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ។
នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ស្តើងសុខុម បានមកសុំចរចាប្រគល់ប្រាក់កក់ចំនួន $40000 (បួនម៉ឺនដុល្លារ) មកឲ្យអ្នកទិញវិញ គឺលោក ហ៊ុយ ពិសិដ្ឋ តែលោក ហ៊ុយ ពិសិដ្ឋ មិនព្រម ព្រោះវាខុសពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង (កិច្ចសន្យា ទិញ-លក់) ដែលបានចែងនៅក្នុងប្រាការ ៦-២ ថា “ប្រសិនបើអ្នកលក់ ត្រឡប់ជាមិនលក់ដីវិញ ត្រូវគុណពីរដងនៃប្រាក់កក់ គឺស្មើ $40000X2=$80000 (ប្រាំបីម៉ឺនដុល្លារ)។ មហាជនរងចាំតាមដានមើលថា តើអនាគត បុគ្គលមានចរិតមិនថ្លៃថ្នូរឈ្មោះ ស្តើង សុខុម នេះនឹងត្រូវប្រឈមយ៉ាងណាចំពោះមុខច្បាប់៕ ”
យោងតាមក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពី ការលក់ទិញ ក្នុងមាត្រាដូចខាងក្រោម៖
មានត្រា ៥១៥-និយមន័យនៃការលក់ទិញ
ការលក់ទិញសំដៅទៅលើកិច្ចសន្យមួយដែលភាគីម្ខាងហៅថា អ្នកលក់មានករណីកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិផ្សេងទៀតលើទ្រព្យសម្បត្តិ ឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ ហើយអ្នកទិញមានករណីកិច្ចត្រូវចេញថ្លៃជាប្រាក់ឲ្យអ្នកលក់។
មាត្រា ៥១៦-ការបង្កើតកិច្ចសន្យាលក់ទិញ
កិច្ចសន្យាលក់ទិញអាចត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។ ប៉ុន្តែភាគីអាចកំណត់ធ្វើលិខិតយថាភូត ឬ លិខិតឯកជន ជាល័ក្ខខ័ណ្ឌសម្រាប់ការបង្កើតកិច្ចសន្យាបាន។
មាត្រា ៥១៨-ប្រាក់កក់
បើអ្នកទិញបានបង់ប្រាក់កក់ឲ្យទៅអ្នកលក់ អ្នកទិញអាចរំលាយកិច្ចសន្យាលក់ទិញ ដោយបោះបង់ចោលប្រាក់កក់នោះបាន រីឯអ្នកលក់អាចរំលាយកិច្ចសន្យលក់ទិញ ដោយសងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់នោះមកវិញបានដែរ។ ប៉ុន្តែភាគីមិនអាចរំលាយកិច្ចសន្យាបានឡើយ ក្រោយពេលភាគីម្ចាងទៀតបានចាប់ផ្តើមអនុវត្តកិច្ចសន្យាហើយ។
ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទិញដី (ហៅថាជាភាគីខ) ស្នើសុំឲ្យលោក ស្តើង សុខុម និងលោកស្រី ស ឃុនដារ៉ា (ហៅថាភាគី ក) មេត្តាអនុវត្តទៅតាមកិច្ចសន្យាលក់ទិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កា ឆ្នាំ២០២១ ដោយការព្រមព្រៀងគ្នាដោយឆន្ទៈ ហើយលោកក៏ស្នើសុំទៅតុលាការខេត្តកំពង់ធំ មេត្តាផ្តល់ភាពយុត្តិធម៌ដល់រូបលោកផងព្រោះលោកខាតបង់ទាំងពេលវាលា ខាតបង់ទាំងទ្រព្យសម្បត្តិ ដោយសារការមិនគោរពកិច្ចសន្យាលិកទិញរបស់បុគ្គលឈ្មោះ ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា។
អ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់អំពីលោក ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត