គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានសម្រេចជាផ្លូវការហើយ បន្ទាប់ពីកិច្ចប្រជុំអស់ពេលស្ទើរតែមួយថ្ងៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។ គឺគជប មិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលខេត្តកណ្តាល បានទេ។ នេះបើតាមលិខិតរបស់លោក អ៊ឹម សួស្តី ប្រធានគជប ផ្ញើជូនលោក សមរង្ស៊ី។
ចាប់ ពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ សមាជិកគជប ទាំង ៩ រូប ដឹកនាំដោយលោក អ៊ឹម សួស្តី បានបើកកិច្ចប្រជុំដោយបិទទ្វារ នៅទីស្តីការគជប ដើម្បីពិភាក្សាលើសំណើរបស់លោកសមរង្ស៊ី។ លោកសមរង្ស៊ី ស្នើសុំឲ្យគជប ចុះឈ្មោះលោក ក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល របស់គណបក្សសង្គ្រោះជាតិ។ លិខិតរបស់លោកសមរង្ស៊ី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ ធ្វើឡើងដោយយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានព្រះរាជប្រទានលើកលែងទោសដល់រូបលោក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។
ក៏ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំ ចាប់តាំងពីព្រឹក រហូតដល់ល្ងាចនេះ លោក អ៊ឹម សួស្តី ប្រធានគជប បានចុះហត្ថលេខាលើលិខិត ផ្ញើជូនលោកសមរង្ស៊ី ដោយបង្ហាញថា "ករណីស្នើសុំចុះឈ្មោះរបស់ឯកឧត្តម ក្នុងបញ្ជីបោះឆ្នោត គជប មិនអាចដាក់បញ្ចូលបានទេ ដោយហេតុថា តាមស្មារតីនៃមាត្រា ៤៩ថ្មី ( បី ) នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ច.ប.ត.រ. ចែងថា "... រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ដែលមានការរៀបចំការបោះឆ្នោតជាសកល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចសម្រេចកាលបរិច្ឆេទ និងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្សេងពីនេះ..."។ បញ្ជីបោះឆ្នោតឆ្នាំ២០១២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ត្រូវបានគជប ផ្តល់សុពលភាពស្របតាមមាត្រា ៤៩ថ្មី ( បី ) នៃច.ប.ត.រ. រួចហើយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២"។
លោក អ៊ឹម សួស្តី បានបន្ថែមថា "ដោយឡែកករណីស្នើសុំបញ្ចូលឈ្មោះឯកឧត្តម ក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ របស់គណបក្សសង្គ្រោះជាតិ សម្រាប់មណ្ឌលខេត្តកណ្តាលនោះ គជប ក៏មិនអាចបញ្ចូលឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានដែរ ដោយហេតុថា ឯកឧត្តមមិនបានបំពេញលក្ខខណ្ឌក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ស្របតាម ច.ប.ត.រ និង ប.ន.ត.រ នោះទេ"។
លោក អ៊ឹម សួស្តី ក៏បានគូសបញ្ជាក់ក្នុងលិខិតដដែលថា "ចំពោះការស្នើសុំនេះ ឯកឧត្តមអាចអនុវត្តបានតាមចំណុច គ និង ឃ នៃមាត្រា ១១៨ ថ្មី នៃច.ប.ត.រ នៅក្រោយពេល ដែលឯកឧត្តម បានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៣"៕
ថ្ងៃនេះ | 4431 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32990 | នាក់ |
ខែនេះ | 180618 | នាក់ |
ឆ្នាំនេះ | 3763278 | នាក់ |
សរុប | 53123204 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:17 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net