នេះបទកំណត់ចងជា |
ភុជង្គលីលា |
ចងជាច្បាប់ស្រី។ |
កាលនាងឥរន្ទវតី |
ចរចាកតាមប្ដី |
គឺបុណ្យកយក្សា។ |
នាងវិមលាជាព្រះមាតា |
បើកបន្ទូលថា |
ហៃកូនពិសី។ |
នាងនឹងត្រាច់ត្រង់តាមប្ដី |
ចេញចាកអំពី |
ពិភពនាគនេះ។ |
ទៅឋានមនុស្សលោកនាយអេះ |
ចូរនាងចាំចេះ |
បម្រើស្វាមី។ |
ធ្វើវត្តប្រតិបត្តិប្រក្រតី |
កុំឲ្យស្វាមី |
អាក់អន់ចិន្ដា។ |
នាងអើយគម្ដែងក្រឡា |
ជាម្ចាស់សិរសា |
កូនកុំមាក់ងាយ។ |
ហៃកូនស្រីមាសម្ដាយ |
ក្រណាស់នាងអាយ |
តាមដោយច្បាប់ស្រី។ |
ក្រមួយមិនបានសម្ដី |
ពាក្យទន់តិចនៃ |
ឲ្យញាតិចូលចិត្ត។ |
ក្រមួយមិនចេះរិះគិត |
ឃើញញាតិឆ្ងាយជិត |
ហៅឡើងឆីស្លា។ |
ទោះមានមិនមានក្ដីណា |
ពាក្យផ្អែមចរចា |
ទើបគេស្រឡាញ់។ |
កុំជួចិត្តស្មូរកំណាញ់ |
មិនមានអស់អញ |
នឹងញាតិសន្ដាន។ |
កើតយសរបស់ផងបាន |
កើតសុខក្សេមក្សាន្ដ |
ពីព្រោះកូនស្រី។ |
ទោះនឹងនិយាយស្រដី |
ការកេរជាស្រី |
កុំស្ដីឡេះឡោះ។ |
ថាលេងដូចក្មេងញ៉េះញ៉ោះ |
ឃើញប្រុសកម្លោះ |
សសៀរចូលជិត។ |
សើចព្រៀងកញ្ឆៀងមិនគិត |
ប្រុសព្រើលបានចិត្ត |
វាហ៊ានដោយសារ។ |
ហៅស្រីអប្រិយឥតការ |
ឥតមានឥរិយា |
មារយាទក្នុងខ្លួន។ |
សើរើពុំធ្វើនឹងនួន |
ស្រដីមិនមួន |
មិនមានអៀនអន់។ |
ឃើញគេបៀតបែរគយគន់ |
សើចសួរចំអន់ |
ចំអកឲ្យប្រុស។ |
ហៅស្រីអប្រិយទុយ៌ស |
មិនខ្លាចខ្លួនខុស |
មារយាទក្រឹត្យក្រម។ |
ធ្វើការអង្គុយច្រឡំ |
នឹងសមពុំសម |
ថាឯងជាស្រី។ |
មិនកោតមិនខ្លាចចិត្តប្ដី |
ឲ្យប្រុសដទៃ |
មាក់ងាយប្ដីណា។ |
ហៅស្រីឥតលក្ខណា |
ឥតមានកិរិយា |
មារយាទពុំសម។ |
ធ្វើការផងណាប្រើខំ |
ទោះត្បាញចាក់ដំ |
នាងខំឲ្យហើយ។ |
កុំទុកទៅមុខទៀតឡើយ |
ថាចាំបង្ហើយ |
កម្រណាស់ណា។ |
ទោះធ្វើហូលគោមព្រែផ្កា |
ដាក់ត្បាញហើយណា |
បានស្រេចសឹមធ្វើ។ |
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ |
ហើយកុំឲ្យដើរ |
លេងផ្ទះគេណា។ |
ឱស្ងួនខ្លឹមខ្លួនរក្សា |
នាងខំធ្វើការ |
ទាន់ខ្លួនក្រមុំ។ |
មានប្ដីបានអ្វីជាខំ |
រវល់កូនយំ |
កម្រចេះឆ្លាត។ |
ព្រួយចិត្តគំនិតចង្អៀត |
មួយហើយមួយទៀត |
យំទារតែឆី។ |
រីងព្រួយទាំងមួយទាំងពីរ |
រកបានឲ្យឆី |
ទើបបានបាត់មាត់។ |
ទៅកាន់ការធ្វើឲ្យស្ទាត់ |
ហូលគោមគាត់កាត់ |
អន្ទងត្បាញទៅ។ |
កុំទុកក្នុងស្មុគស្មាញនូវ |
ក្រែងដល់យូរទៅ |
ខាតខូចអសារ។ |
ហៃកូនស្រីស្ងួនមាតា |
ចូរចាំរក្សា |
កុំភ្លេចស្មារតី។ |
ចូររករៀនយកច្បាប់ស្រី |
ឲ្យកោតខ្លាចប្ដី |
គម្ដែងក្រឡា។ |
ធ្វើវត្តប្រតិបត្តិសោតណា |
ឲ្យនាងរក្សា |
ភ្នក់ភ្លើងទាំងបី។ |
ឲ្យកាត់ឲ្យគង់ប្រក្រតី |
សព្វថ្ងៃកុំឲ្យបី |
ភ្លេចផ្លុំឲ្យឆេះ។ |
ក្រែងរាលដូចដាលព្រាយប្រេះ |
កើតក្ដៅរលេះ |
រលាយអស់អង្គ។ |
ភ្លើងក្រៅកុំនាំទៅក្នុង |
ឲ្យឆេះបំផ្លុង |
ឬផ្លុំបង្កាត់។ |
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន |
នាំមកបង្កាត់ |
ឲ្យឆេះឯក្រៅ។ |
អុជអាលបណ្ដាលឲ្យក្ដៅ |
ដាលដល់កូនចៅ |
អសោចអប្រិយ។ |
ឲ្យនាងខំប្រុងស្មារតី |
មើលភ្លើងទាំងបី |
រក្សាឲ្យគង់។ |
ភ្លើងនោះឲ្យកូនពុំលង់ |
នឹងឲ្យឧត្ដុង |
ឧត្ដមកន្លង។ |
កើតយសរបស់ទ្រព្យផង |
បរិបូរឥតហ្មង |
ប្រសើរក្ដាត់ណា។ |
ភ្លើងមួយនោះឲ្យរក្សា |
គឺគុណមាតា |
បិតាស្ងូនគ្រង។ |
ឲ្យនាងធ្វើដោយគន្លង |
ប្រណិប័តន៍កុំឆ្គង |
នឹងម្ដាយឪពុក។ |
ឲ្យខំថែទាំញ៉ឹកញ៉ុក |
ចំណីចំណុក |
ចំណង់អាត្មា។ |
កុំឃ្លានទុកឆីឡើយណា |
ឆ្ងាញ់ឈ្ងុយពិសា |
ជូនជាប្រក្រតី។ |
ពាក្យពេចន៍ការកិច្ចអ្វីៗ |
អត់ឱនកុំបី |
ឲ្យអាក់ចិន្ដា។ |
ភ្លើងមួយគម្ដែងក្រឡា |
គឺប្ដីអាត្មា |
ឋិនថេររួមរ័ក្ស។ |
ឲ្យនាងប្រណិប័តន៍ជឿជាក់ |
កុំធ្វើឲ្យអាក់ |
ឲ្យអន់ចិត្តប្ដី។ |
អត់ឱនខ្លាចខ្លួនជាស្រី |
កុំឲ្យស្រដី |
ទុកគេជាស្មើ។ |
ទោះកើតហេតុភេទសារពើ |
ពាក្យពុំប្រសើរ |
ជញ្ជឹងចាំស្ដាប់។ |
ទោះប្ដីស្រដីពុំគាប់ |
ពុំគួរឲ្យប្រាប់ |
បានដឹងដល់ម្ដាយ។ |
កើតខឹងរែងរីងខ្ចរខ្ចាយ |
ឮពាក្យពីម្ដាយ |
ខ្សឹបខ្សៀវប្រាប់ប្ដី។ |
មិនក្សាន្តបែកបានពីប្ដី |
កើតជាសម្ដី |
សួរចុះសួរឡើង។ |
ពុំស្ងាត់ស្ងៀមមាត់ចចើង |
ជជែកនាំឡើង |
ចចើងមិនបាត់។ |
តតាំងពាក្យខ្លាំងមិនស្ងាត់ |
មិនស្ងៀមឲ្យបាត់ |
ឲ្យបានទីសុខ។ |
ជជែកស្ទើរបែកទាំងស្រុក |
មិនមានហៅសុខ |
យូរលង់ឡើយនៃ។ |
នេះហៅភ្លក់ភ្លើងទាំងបី |
ម្ដាយផ្ដាំកូនស្រី |
ឲ្យខំរក្សា។ |
នាងគម្ដែងក្រឡា |
ខុសឆ្គងម្ដេចម្ដា |
ម្ដាយផ្ដាំកូនស្រី។ |
ឲ្យអត់សង្កត់ហឫទ័យ |
កូនកុំស្រដី |
ដើមប្ដីកំបាំង។ |
កុំជេរកុំចេញជាខ្លាំង |
ខ្សត់ខ្សោយខ្លៅខ្លាំង |
នាងកុំមើលងាយ។ |
ល្ងង់ខ្សោយប្រើឲ្យនិយាយ |
ណែនាំលេងលាយ |
ឲ្យស្រួលវាចា។ |
ទោះប្ដីស្រដីម្ដេចម្ដា |
ខេខឹងជេរថា |
បោះពាក្យទម្ងន់។ |
ក្រោធក្រេវឆុលឆេវមិនអន់ |
មិនអាក់ស្រោកស្រន់ |
ដោយចិត្តគ្នាន់ក្នាញ់។ |
រអ៊ូរទាំទន្ទេញ |
ជេរថាជន្លេញ |
ត្បិតទាស់នឹងចិត្ត។ |
ឲ្យកូនស្រីស្ងួនខំអត់ |
ឲ្យបានរលត់ |
រលាយកំហឹង។ |
កុំកូនកាន់ខ្លួនប្រែប្រឹង |
តតបទៅនឹង |
អ្នកជាស្វាមី។ |
ខេខឹងក្រញឹងសម្ដី |
មិនគិតខ្លួនស្រី |
ស្រដីទ្រគោះ។ |
ប្រកែកស្ដីពាក្យគំរោះ |
គំរាមបញ្ឆេះ |
បញ្ជោរឲ្យខឹង។ |
រឹងរូសមើលមុខសម្លឹង |
សម្លក់ទៅរឹង |
ចចឹងចង់ឈ្លោះ។ |
រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ |
បំបែកជាឈ្លោះ |
បំបែរពុំទៀង។ |
ជេរថាឆ្កែឆ្មាបំព្រៀង |
ដៀលត្មះបញ្ឆៀង |
បញ្ឈឺចិត្តប្ដី។ |
បោះបោកប្រទះអ្វីៗ |
ចាប់ចោលទៅដី |
បែកបាក់ពុំគិត។ |
មិនស្រួលទទួលបាត់មាត់ |
ម្នះម្នាក្នុងចិត្ត |
ឲ្យបានប្ដីចាញ់។ |
ទើបបានសុខចិត្តជាវិញ |
ហៅស្រីម្នះម្នេញ |
អាប់កេរ្តិ៍យសឆ្ងាយ។ |
ហៅកូនស្រីស្ងួនមាសម្ដាយ |
ខុសណាស់នាងអាយ |
កុំធ្វើដូចគេ។ |
ទោះបីបើប្ដីនាងជេរ |
នាងចូលទៅឯ |
ដំណេកគិតសិន។ |
ចេញមកនាងយកពាក្យទន់ |
ស្រដីឲ្យអន់ |
ស្រាយទោសនោះទៅ។ |
ទោះបីបើប្ដីប្រដៅ |
ចូរនាងចាំនៅ |
ទុកក្នុងអាត្មា។ |
ពាក្យពេចន៍កុំភ្លេចឡើយណា |
ក្រែងឆ្គងម្ដេងម្ដា |
ត្បិតបានផ្ដាំស្រាប់។ |
ព្រោះឯងមិនក្រែងមិនស្ដាប់ |
ពាក្យគេបង្កាច់ |
បង្កើតតែឈ្លោះ។ |
ឥតសុខអាក្រក់តែឈ្មោះ |
ឮគេប្រឈ្លោះ |
មិនចេះហៅល្ហែ។ |
នេះពុំរាប់ជាស្ត្រីទេ |
ជាអ្នកប៉ោឡែ |
ចិត្តចោរដកទង។ |
ឲ្យមាត់បង្គ្របប្ដីផង |
ឲ្យគេស្ដាប់ហោង |
ថាឯងគ្រាន់បើ។ |
គឺមោះនាងនោះមិនប្រើ |
មិនបើកឲ្យដើរ |
បញ្ចើឲ្យទេ។ |
ទោះបីប្ដីប្រើមាសមេ |
កុំកូនចំអែ |
ចំអៀកមិនទៅ។ |
ឆ្ងាយជិតកុំគិតរង់នៅ |
ក្រោកក្រេសដើរទៅ |
កុំឲ្យប្ដីជេរ។ |
កុំទៅនៅយូរផ្ទះគេ |
រវល់ទំនេរ |
រវៀសមកណា។ |
ហៃកូនខ្លឹមខ្លួនមាតា |
ជាស្រីនេះណា |
កម្រណាស់នាង។ |
មិនថាត្បិតល្អរូបរាង |
មិនរើសត្បិតជាង |
ចេះការទាំងគ្រប់។ |
មិនបានស្គាល់ទិគោរព |
ស្គាល់ទេឧបទ្រព |
ទាំងដប់ប្រការ។ |
ហៅតែនឹងល្អរូបា |
ពិតហើយចេះការ |
គួរកោតដោយយ៉ាង។ |
មួយរូបល្អសសន្លាង |
ឥតគេផ្ទឹមខាង |
ច្បាប់ផងមិនចេះ។ |
ល្អពិតគំនិតមិនផេះ |
ទោះខ្មៅក្រងេះ |
ការសោតសមគួរ។ |
គឺមោះនាងនោះមិនជួ |
ចេះដឹងសមគួរ |
ស្គាល់អស់ឥរិយា។ |
នេះឯងពីព្រេងលោកថា |
ហៅល្អរូបា |
កបកល្យាណី។ |
ហៃកូនស្រីស្ងួនពិសី |
ម្ដាយប្រាប់អំពី |
ឧបទ្រពចង្រៃ។ |
កាន់ក្បាលប្ដីហើយរកចៃ |
មិនបានលើកដៃ |
បិទទូលសំពះ។ |
លោកទុកស្មើកុកទំផ្ទះ |
រង្គំរង្គះ |
នឹងបង់អស់ទ្រព្យ។ |
កន្លងជើងប្ដីពុំគាប់ |
ព្រោះចិត្តចង់ឆាប់ |
រំលងជើងប្ដី។ |
ស្មើសត្វលលកស៊ីខ្មោចខ្មី |
ហើយច្រាលអប្រិយ |
កើតព្យាធិរោគា។ |
ចង្រៃមួយនៃរាល់គ្នា |
ចេញចូលមាត់ទ្វារ |
ពុំបានបិទបាំង។ |
ធ្វេសប្រាណខុសខានមិនរាំង |
មិនរុញបំបាំង |
មើលយល់សាយសុស។ |
ទុកស្មើគេអុជចន្លុះ |
ឲ្យចោរចូលផ្ទះ |
យកទ្រព្យទាំងឡាយ។ |
ស្រីមួយសើចលេងក្អាកក្អាយ |
ឮលេខចម្ងាយ |
រំលងផ្ទះបី។ |
ស្មើសត្វចចាតបក្សី |
ចូលភូមិផងក្ដី |
ចង្រៃក្ដាត់ណា។ |
ស្រីមួយដេកដាក់កាយា |
ប្រះប្រែអាត្មា |
ឲ្យខ្នងទៅប្ដី។ |
ទុកស្មើពស់ក្រាយអប្រិយ |
ឡើងផ្ទះឥតបី |
ឥតបើគណនា។ |
ចង្រៃកាចក្រៃពុំជា |
នឹងព្រាត់ប្រាសគ្នា |
ពុំបានវែងឆ្ងាយ។ |
ស្រីមួយសក់វែងអន្លាយ |
រំសុសរំសាយ |
សក់សោតរេរា។ |
នៅមាត់អណ្ដូងមាត់ទ្វារ |
បីដូចមជ្ជរា |
ឆ្មាលាក់ក្រចក។ |
ចង្រៃឥតបីបើរក |
រេរាសំកក |
មិនចុកសក់ងាយ។ |
ស្រីមួយដើរទៅទាត់ជាយ |
ឮលាន់ស្ទើរធ្លាយ |
ប្រថពីសន្ធឹក។ |
សំពត់ដាច់ដាចមិននឹក |
ដើរឮគគឹក |
ស្មើសូររន្ទះ។ |
ញ៉ាំញើសំណើរលះ |
ដាក់ជើងលើផ្ទះ |
គគ្រាំងគគ្រេង។ |
កក្រើកផ្ទះទាំងបីល្វែង |
ដូចកលគេសែង |
របស់ចេញទៅ។ |
ស្រីមួយឃើញទ្រព្យនៅផ្លូវ |
កន្លងហួសទៅ |
មិនចាប់ចេញទុក។ |
ពុំចេរចំណេរទៅមុខ |
ពុំចេះដាក់ទុក |
រាយរាល់តែល្វែង។ |
ទ្រព្យនោះរលោះចេញឯង |
ចង្រៃទាស់ទែង |
ធ្វើឲ្យអន្តរាយ។ |
ទោះឆីចំណីនូវបាយ |
លបលូកកកាយ |
ពម[៩]ពុំសណ្ដាប់។ |
កូនអើយនេះហើយចូរស្ដាប់ |
ហៅក្ដីឧបទ្រព |
ទាំងដប់ប្រការ។ |
ឲ្យចៀសអស់ទាំងនេះណា |
ឲ្យរៀនលក្ខណា |
ទាំងប្រាំពីរផង។ |
គឺព្រះមានបុណ្យកន្លង |
ទេសនាចែងចង |
ជាបទគាថា។ |
មួយមាតុមួយមិត្តភរិយា |
កាតុភរិយាជាតិ |
ទាសភរិយាផង។ |
ទាំងបួនប្រសើរឥតហ្មង |
គួរឲ្យចាំចង |
ទុកក្នុងអង្គា។ |
រីឯហៅមាតុភរិយា |
ប្រពន្ធនោះជា |
លោកទុកស្មើម្ដាយ។ |
ចរិតបីប្រការក្នុងកាយ |
មួយចង់ខ្វល់ខ្វាយ |
ប្រយោជន៍ឲ្យប្ដី។ |
បានថ្កើងរុងរឿងឮល្បី |
មិនឲ្យអាប់ប្ដី |
ឲ្យបានសក្តិយស។ |
មួយបើប្ដីស្លៀកពាក់ចាស់ |
យកថ្មីឲ្យផ្លាស់ |
ចាស់ស្លៀកខ្លួនឯង។ |
ចេះរៀបរណ្ដាប់តាក់តែង |
ចំណីផងស្វែង |
រកមកឲ្យប្ដី។ |
មួយបើប្ដីឈឺថ្កាត់អ្វី |
ព្រួយប្រឹងមើលប្ដី |
រកថ្នាំសង្កូវ។ |
រកពេទ្យមេមត់នូវគ្រូ |
គ្រោះយាមគន់គូរ |
មើលប្ដីឲ្យជា។ |
រីឯហៅកាតុភរិយា |
ប្រសើរសោភា |
ប្រពន្ធស្មើបង។ |
នោះមានចរិតពីរផង |
ដូចប្អូននិងបង |
ចិត្តមូលមួយប្រាណ។ |
មួយធ្វើឲ្យប្ដីក្សេមក្សាន្ត |
របស់ប្ដីបាន |
ចេះទុករក្សា។ |
មួយទោះឮពាក្យអ្នកណា |
គេតិះដៀលថា |
ស្រដីពីប្ដី។ |
ពុំត្រូវអាស្រូវអប្រិយ |
ចេះការកេរ្តិ៍ប្ដី |
បែរបានជាសុខ។ |
ទោះបីបើប្ដីមានទុក្ខ |
គិតឲ្យបានសុខ |
យកខ្លួនធានា។ |
មួយសោតឯមិត្តភរិយា |
មានចរិតជា |
បីប្រការមិញ។ |
បីដូចកលមិត្តសម្លាញ់ |
មានចិត្តអស់អញ |
មិនឲ្យមានហ្មង។ |
បីដូចកលប្អូននិងបង |
ប្រាសយូរលង់ហោង |
ទើបមកជួបគ្នា។ |
មានចិត្តប្រតិព័ទ្ធមហិមា |
ត្បិតបានជួបគ្នា |
មិនឲ្យមានហ្មង។ |
មួយមានមារយាទកន្លង |
ទោះឃើញប្រុសផង |
មិនល្អៀងចិត្តទៅ។ |
រីទាសភរិយានោះកូវ |
ក្នុងមាត្រាត្រូវ |
ប្រពន្ធខ្ញុំប្ដី។ |
ចរិតប្រាំបីប្រការខ្មី |
មួយចិត្តខ្លាចប្ដី |
ក្រែងប្ដីវាយជេរ។ |
ប្រុងចិត្តការគិតខ្មាសគេ |
មិនឲ្យប្ដីជេរ |
បន្ទោសខ្លួនបាន។ |
ទោះខឹងប្ដីក្រៃប៉ុន្មាន |
មិនចេះហៅហាន |
ឆ្លើយឈ្លោះតមាត់។ |
មួយទោះប្ដីនោះកាចក្ដាត់ |
ខឹងដល់វាយវាត់ |
ជេរចោរដកទង។ |
មិនហ៊ានឆ្លើយឈ្លោះរំលង |
តតបទៅផង |
ក្រែងឮកេរ្តិ៍ឆ្ងាយ។ |
មួយចេះប្រដាប់រៀបបាយ |
ប្ដីដើរជិតឆ្ងាយ |
មិនហ៊ានបរិភោគ។ |
អត់ចាំទម្រាំប្ដីមក |
ជួបជុំទើបយក |
បរិភោគផងគ្នា។ |
នេះឯងហៅទាសភរិយា |
សម្ដេចភគវា |
ទេសនាប្រោសប្រាប់។ |
បើអស់ស្រីណាបានស្ដាប់ |
យកទុកជាច្បាប់ |
ក្នុងប្រាណសព្វថ្ងៃ។ |
លុះអស់អាយុក្សិណក្ស័យ |
បានទៅកើតឰ |
តុសិតសួគ៌នាយ។ |
នឹងបានក្សេមក្សាន្តពណ្ណរាយ |
សេពសុខសប្បាយ |
និរទុក្ខកយា។ |
រីឯប្រពន្ធពុំជា |
ពេជ្ឈឃាតភរិយា |
ចរិតមានបួន។ |
កុំឲ្យយកទុក្ខក្នុងខ្លួន |
ឲ្យចៀសចេញជួន |
កើតកម្មវេរា។ |
មួយចិត្តគំនិតចង់ជា |
ឆ្លាស់ឆ្លើយបំពារ |
បំពានឲ្យប្ដី។ |
ប្រទូសរឹងរូសខ្ញូវខ្ញី |
មិនចេះចាញ់ប្ដី |
ថាឯងគ្រាន់បើ។ |
ឆ្លើយឆ្លងសូរសងបណ្ដើរ |
ចង់ឈ្លោះឲ្យស្មើ |
ឲ្យលើសប្ដីវិញ។ |
មួយមិនចង់ធ្វើបំពេញ |
បង្អាប់ប្ដីវិញ |
ឲ្យថ្កើងខ្លួនឯង។ |
អាងចេះដៀលតិះពុំក្រែង |
ឲ្យប្ដីស្ដាប់ឯង |
ដោយចិត្តអន្ធពាល។ |
មួយមានចិត្តនោះស្រើបស្រាល |
ចង់ត្រេកត្រអាល |
ចោលពេញមុខប្ដី។ |
មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ |
ចង់សម្លាប់ប្ដី |
ស្រឡាញ់ប្រុសទៀត។ |
គិតកាប់សម្លាប់បង់ម្សៀត |
នឹងយកប្រុសទៀត |
ធ្វើប្ដីមរណា។ |
រីឯសត្រូវភរិយា |
ចរិតពុំជា |
ប្រាំពីរប្រការ។ |
មួយមិនខ្លាចប្ដីអាត្មា |
បង្គាប់ត្រង់ណា |
ពុំធ្វើតាមចិត្ត។ |
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ |
ប្ដីសួរបីម៉ាត់ |
ពុំស្រដីផង។ |
មួយប្ដីស្រដីគន្លង |
ប្រដៅច្បាប់ផង |
ពុំចូលចិត្តស្ដាប់។ |
មួយមិនចង់ឲ្យប្ដីគាប់ |
មិនចង់ប្រដាប់ |
ឲ្យប្ដីថ្កុំថ្កើង។ |
មួយទោះនឹងស្រដីឡើង |
ពាក្យធំចចើង |
ចចេសនឹងប្ដី។ |
មួយទោះប្ដីលោះខ្ញុំស្រី |
វាបម្រើប្ដី |
មិនឲ្យអាក់អន់។ |
ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់ |
ក្នុងចិត្តប្រច័ណ្ឌ |
ជេរថានាយអាយ។ |
មួយត្បិតប្ដីមានសាហាយ |
ហួរហែកសុសសាយ |
ឲ្យប្ដីអាស្រូវ។ |
រីចោរភរិយានោះកូវ |
ចរិតពុំត្រូវ |
មានបីប្រការ។ |
មួយចង់ចាយទ្រព្យប្ដីណា |
ឲ្យខូចអសារ |
មិនគង់ជាល្អ។ |
មួយប្ដីឃ្មាតខ្មីខំរក៍ |
របស់បានមក៍ |
មិនថែទាំទុក។ |
លួចឲ្យទៅម្ដាយឪពុក |
ប្ដីសួររកមុខ |
មិនប្រាប់ឡើយណា។ |
មួយខ្ជិលមិនចង់ធ្វើការ |
កុហកមុសា |
ថាឯងរវល់។ |
ដេកលេងចំខែងអស់កល |
លុះប្ដីគេយល់ |
ពុតធ្វើជាឈឺ។ |
ទទូរដេកថ្ងូរហ៊ឺៗ |
ប្ដីហៅមិនឮ |
ពុតចង់តែស្លាប់។ |
នេះហៅប្រពន្ធពុំគាប់ |
ស្រីណាកាន់ខ្ជាប់ |
ពុំដែលរសាយ។ |
លុះអស់អាយុក្ល័យក្លាយ |
ធ្លាក់ទៅអបាយ |
ទាំងបួនចំពូក។ |
តែងនឹងរងទុក្ខរងសោក |
រំដោះរួចមក |
កើតជាមនុស្សខ្ទើយ។ |
ហេតុអកុសលនេះហើយ |
ត្បិតខ្លួនឥតត្រើយ |
ធ្វើខុសគន្លង។ |
ខុសវត្តប្រតិបត្តិឆ្គាំឆ្គង |
មិនរៀងមិនរង |
ខុសនឹងច្បាប់ស្រី។ |
មាក់ងាយនោះមានប្រាំបី |
មានក្នុងបាលី |
ព្រះធម៌លោកថា។ |
មាក់ងាយមួយនោះឯងណា |
ត្បិតប្ដីពិការ |
មិនបានមាំមួន។ |
ខឹងស្អប់ធុញថប់មិនទ្រាំ |
មិនមានរកថ្នាំ |
គ្រូគ្រោះមេមត់។ |
មើលប្ដីឲ្យជាឆាប់ផុត |
ខឹងវិញមិនអត់ |
បន់ឲ្យប្ដីស្លាប់។ |
មាក់ងាយមួយប្ដីខ្សត់ទ្រព្យ |
គ្មានកេរកោះគាប់ |
ស្មើនឹងអាត្មា។ |
ដៀលត្មះថាច្រាសដោយសារ |
ព្រោះខ្ជិលធ្វើការ |
ទើបគ្មានរបស់។ |
មាក់ងាយត្បិតប្ដីអប្បយស |
ឯងត្រកូលខ្ពស់ |
ពូជពង្សពុំស្មើ។ |
ឆ្មើងខ្លួនឲ្យប្ដីបម្រើ |
ឈ្លោះឡើងហើយដើរ |
ដៀលត្មះពូជពង្ស។ |
មាក់ងាយមួយត្បិតប្ដីល្ងង់ |
ខ្លៅខ្លួនទ្រមង់ |
ទ្រមក់យឺតយូរ។ |
ដៀលត្មះពុំចេះអាសូរ |
សម្ដីខ្មោះខ្មូរ |
មិនក្រែងប៉ុនសក់។ |
មាក់ងាយមួយប្ដីអាក្រក់ |
សាច់ខ្មៅប៉ប៉ក់ |
មុខអុតស៊ីសុស។ |
កន្ទ្រល រោងរលក្រអុះ |
សក់ស្កាញស្កូវសុស |
ពោះធំប៉ុនពាង។ |
ខ្លួនឯងចិញ្ចែងរូបរាង |
ខ្លួនសល្អជាង |
ថាប្ដីមិនសម។ |
មាក់ងាយមួយប្ដីមិនខំ |
ធ្វើការលេលាំ |
ឡែឡដើរលេង។ |
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង |
ឈ្លោះជេរមិនឈ្វេង |
គិតខុសមាត្រា។ |
មាក់ងាយមួយប្ដីផឹកស្រា |
ស្រវឹងចោលការ |
ដើរលេងតែតោ។ |
ពាក្យក្អេងរាំច្រៀងឡោៗ |
ឲ្យឆ្កែព្រុសឆោ |
ផ្អើលភ្ញាក់កូនចៅ។ |
ឮមាត់ប្ដីហើយខឹងក្ដៅ |
ប្រទេចជេរទៅ |
តាមដោយចិត្តក្នាញ់។ |
មាក់ងាយមួយទៀតនោះមិញ |
ត្បិតប្ដីស្រឡាញ់ |
លលូកប្រឡែង។ |
មួលបិចចាក់ចុចជាល្បែង |
មិនមានកោតក្រែង |
បានចិត្តជេរវិញ។ |
ត្បិតតែយល់គេស្រឡាញ់ |
ស្រដីផងមិញ |
គំរោះគំរើយ។ |
ធ្វើក្នាញ់បែរចេញព្រងើយ |
គេនឹងកន្តើយ |
ក្និចក្នក់មាយា។ |
ពុំបានក្សេមក្សាន្តនឹងគ្នា |
មាក់ងាយនេះជា |
គំរប់ប្រាំពីរ។ |
កូនអើយនេះហើយច្បាប់ស្រី |
ឲ្យកូនពិសី |
រករៀនរក្សា។ |
យកទុកក្នុងអង្គអាត្មា |
ប្រសើរក្ដាត់ណា |
កើតសុខសួស្ដី។ |
ប្រសើរទាំងនាលោកិយ |
ទោះបរលោកក្ដី |
សឹងលុះប្រាថ្នា។ |
ទោះចិត្តគន់គិតសច្ចា |
ជាពុទ្ធមាតា |
សឹងបានបរិបូរណ៍។ |
ដូចចិត្តឆុតឆាប់ពុំយូរ |
កបកើតសម្បូរ |
សម្បត្តិទ្រព្យផង។ |
កើតយសខ្ពង់ខ្ពស់កន្លង |
យឺនយូរឥតហ្មង |
ដូចក្ដីប្រាថ្នា។ |
ច្បាប់នេះឧត្តមថ្លៃថ្លា |
ទោះស្រីឯណា |
ឮហើយមានភ័ព្វ។ |
ជាល្អកម្របានស្ដាប់ |
ស្ដាប់ហើយចូរចាប់ |
ចូរចាំគ្រប់គ្នា។ |
បានដល់មគ្គផលសួគ៌ា |
ប្រសើរសោភា |
ចូរចាំកុំភ្លេច។ |
ចរចាអស់អាថ៌ពាក្យពេចន៍ |
ពាក្យពិតកាព្យកិច្ច |
បរិបូរណ៍ប្រពៃ។ |
ប្រាជ្ញាប្រែរីឯនាមនៃ |
ខ្ញុំឈ្មោះម៉ឺន មៃ |
មែនមានសទ្ធា។ |
មានចិត្តកួចគិតកាព្យា |
កបកើតជ្រះថ្លា |
ត្រេកត្រង់កុសល។ |
សច្ចាប្រាថ្នាមគ្គផល |
ផុរផុសយោបល់ |
លេចលើកទុកនៅ។ |
ទោះបីសេចក្ដីខុសត្រូវ |
សូមទានតម្រូវ |
តម្រង់ឲ្យផង។ |
កុំត្មះតិះដៀលឡើយហោង |
សូមសាងផលផង |
ទុកតសាសនា។ |
សម្រាប់ជាច្បាប់មាត្រា |
សូរេចបការា |
បរិបូរណ៍ចែងចប់៕ |
ដកស្រង់ពីសៀវភៅ ច្បាប់ផ្សេងៗ បោះពុម្ពផ្សាយជាធម្មទាន ដោយអង្គការសន្តិស្ម័គ្រ ចិត្តជប៉ុន ប្រចាំនៅកម្ពុជា (អេស វី អេ) ភ្នំបេញ ព.ស ២៥៤៩-គ.ស ២០០៥ |