ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បូរណ ភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងសោយទិវង្គត នៅក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
ព្រះរាជជីវប្រវត្តិ
ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំ ច ចត្វា ស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជ អាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។
ការសិក្សា
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។
ការគ្រងរាជ្យសម្បត្តិលើកទី១
នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥។
ការគ្រងរាជ្យសម្បត្តិលើកទី២
ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅថ្ងៃទី០៧ ខែ តុលា ឆ្នាំ ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ។
ព្រះរាជបូជនីយកិច្ច
ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។
ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ នេះ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
ពីឆ្នាំ១៩៥២ ដល់១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយជូនជាតិមាតុភូមិ។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហត្តដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ – ព្រះបិតាឯករាជ្យជាតិ”។
ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖
លើកទី១ ថ្ងៃទី ៥ មីនា ១៩៥៣ ពីទីក្រុងណាពូល
លើកទី២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពីទីក្រុងណាពូលដែរ
លើកទី៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ។
ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។
នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖
ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុំមុយនីស
ទី២ គឺបញ្ហាឯករាជ្យបរិបូរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុំមុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរសម្រាប់ប្រទេសជាតិ។ ចំណែកពួកកុំមុយនីស គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ «… បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស»។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា «ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ …»។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរនៃរាជាណាចក្រកម្ពុជា។
សង្គមរាស្ត្រនិយម
បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើត ចលនាសង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើន សម័យ។
សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះ អង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថា ជាកោះ សន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។
រដ្ឋប្រហារ
សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ព្រះប្រមុខរដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។
ចលនាតស៊ូសីហនុនិយម
បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះ អង្គបានបង្កើតចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជា ប្រជាធិបតេយ្យ រួមធ្វើការចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គបានយាងត្រឡប់ មកប្រទេសកម្ពុជាវិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយ អង្គការសហប្រជាជាតិ។
ការដាក់រាជ្យ
ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០។ បច្ចុប្បន្នព្រះអង្គ កំពុងបន្តព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋា នៈ ព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ»៕ (ដកស្រង់ពីគេហទំព័រ វិគីភីឌា)