មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន្ទុក តាមអ្វីជាសេចក្តីត្រូវការរបស់លោកស័ក្តិ៥ យិន ប្រសិទ្ធ ដែលជាមេផ្នែកគ្រប់គ្រងម៉ៅការពីលើ ឡុង សំអឿន។
លោកសក្តិ៤ ឡុង សំអឿន គឺជាប្រធានផ្នែកភស្តុភារការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវបានចាត់តាំងបន្ថែមឲ្យកាន់ទទួលខុសត្រូវជាបន្ថែម នូវខេត្តបន្ទាយមានជ័យ បន្ទាប់ពីល្បីថា គាត់បានតូដណ្តើមកៅអីលោក ហុក ចិត្រា ដែលត្រូវដកបញ្ឈរជើង ព្រោះតែរឿងបទល្មើសព្រៃឈើ ដែលរកប្រយោជន៍បង់ស្រោមសំបុត្រឲ្យលោក យិន ប្រសិទ្ធ ពុំគ្រប់តាមផែនការនោះ។
ប្រភពបន្តថា មិនទាន់ទាំងបាត់ក្លិនថ្មីៗ បែរជា ឡុង សំអឿន ប្រើស្ទីលជំរិតប្រមូលលុយពីឈ្មួញរកស៊ីខុសច្បាប់ តាមរថយន្តដឹកឈើហើយ គាបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយ ដែលជាអ្នករកស៊ីដឹកទំនិញបន្តិចបន្តួចពីជាយដែនទៅលក់តាមខេត្ត-ក្រុង ដោយដាក់កំហិតឲ្យចូលបង់លុយយកទៅឲ្យ ឡុង សំអឿន និងបក្ខពួកធ្វើមានបានដោយមិនខ្វល់ពីភាពក្តៅក្រហាយរបស់ប្រជាពលរដ្ឋក្រីក្រនេះទេ។
តាមប្រភពពីក្រុមឈ្មួញរកស៊ីក្នុងទឹកដីខេត្តឧត្តមានជ័យ សៀមរាប និងខេត្តបន្ទាយមានជ័យ បានបង្ហើយឲ្យដឹងថា រាល់ថ្ងៃនេះ ពួកគាត់ពិបាករកស៊ីណាស់ ព្រោះមានសមត្ថកិច្ចមិនតិចជាង១០ស្ថាប័នទេ ដាក់ប៉ិស្តិ៍ជជុះឃាត់រថយន្តពួកគាត់យកលុយក្នុងនោះ គេសង្កេតឃើញនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោក យិន ប្រសិទ្ធិ ដាក់ប៉ុស្តិ៍ជជុះយ៉ាងប្រសេចប្រសាចដូចហ្វូងគោ ដើម្បីប្រមូលលុយបង់ជូនមេ យិន ប្រសិទ្ធ មិនគួរក្រសួងមហាផ្ទៃ មើល រំលងនោះទ!។
ប្រភពដដែលបានបន្តទៀតថា ប៉ុស្តិ៍ដែលលោក ឡុង សំអឿន ឈរជើងនៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ គឺជាប៉ុស្តិ៍ដែលមានបទល្មើសជំនួញព្រៃឈើខុសច្បាប់លេខ១។ ទើបបានជាស័ក្តិ៤ ឡុង សំអឿន ហ៊ានម៉ៅការរ៉ាប់រងម៉ៅការក្តោបក្តាប់បទល្មើស។ ហើយ ឡុង សំអឿន ក៏ល្បីខាងសំបូរលិចភូតកុហកថ្នាក់លើ និងពូកែចាក់ឆ្កឹះដណ្តើមតំណែងគេ ហើយគាត់ក៏ល្បីខាងពូកែអែបអបយកចិត្តយកថ្លើមមេកើយ និងពូកែប៉ែងជើងគ្នា យកតំណែងនោះគឺអួតពីការជះទឹកលុយ សូកមេជាប្រចាំខែចាប់ពី៣ម៉ឺន-៤ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះ ដោយសារតែពូកែឡេមឡឺមនោះ ហើយ ទើបធ្វើឲ្យ ឡុង សំអឿន ល្បីឈ្មោះ និងលេចមុខជាងគេ ល្បីតែពូកែខាងក្តោបយកសេដ្ឋកិច្ច ជំរិតប្រមូលលុយពីឈ្មួញយកទៅបង់ជូនមេ យិន ប្រសិទ្ធ មួយខែៗរាប់ម៉ឺនដុល្លារ។
ដោយឡែក ដោយសារតែអំពើគាបសង្កត់ពីថ្នាក់លើខ្លាំងពី យិន ប្រសិទ្ធិ ឬមេថ្នាក់ណានោះ បែរជាថ្មីៗនេះ ឡុង សំអឿន ក៏ធ្លាយព័ត៌មានប្រាប់ឈ្មួញពីរឿងធ្ងន់.កកាន់៣ខេត្ត ដាច់ខាតត្រូវតែប្រឹងរកលុយឲ្យបាន ដើម្បីបង់ខែ ថ្លៃបេសកកម្ម១ខែ ៣០០០០- ៤០០០០ដុល្លារនេះឲ្យបានដើម្បីផ្គាប់ចិត្តមេ ហើយដើម្បីបញ្ជៀសពីការស្តីបន្ទោស និងបន្ថែមតំណែងនោះ គឺ ឡុង សំអឿន ក៏បានដើរគោះគៀងគរក្រុមឈ្មួញស្និទ្ធឲ្យជួយបន្ថែមលុយ និងរឹតបន្តឹងប៉ូលិសនៅតាមគោលដៅឲ្យគៀបឈ្មួញតាមរបៀបទុច្ចរិតជំរិត និងបង្ខំឈ្មួញឲ្យបង់លុយឲ្យខ្លួនដោយគ្មានរើសមុខនោះទេ។
ថ្មីៗនេះ គេហាក់ឃើញ ឡុង សំអៀន ខំប្រឹងការពារតំណែងយ៉ាងឈ្មុះឈ្មុលបំផុត ដោយចេញល្បាតខាងគាបជំរិតក្រុមឈ្មួញបទល្មើសព្រៃឈើបទ ល្មើសទំនិញគេចពន្ធពីក្រុមឈ្មួញប្រជាពលរដ្ឋ ដឹកទំនិញតិចតួចឲ្យចូលបង់លុយ ដោយមិនខ្លាចច្បាប់អង្គភាពប្រឆាំងអំពើពុករលួយនោះ។ ហើយដែលសកម្មភាពរបស់ស័ក្តិ៤ ឡុង សំអឿន ដើរប្រាសចាកពីតួនាទីទប់ស្កាត់បទល្មើសសេដ្ឋកិច្ច ទៅជារកចំណូលចូលខ្លួនឯង ធ្វើមានបានបែបនេះ មិនគួរបើក្រសួងមហាផ្ទៃ មើលរំលងសកម្មភាពរបស់ ឡុង សំអឿន នោះទេ។
ជុំវិញការចោទប្រកាន់នេះអ្នកយកព័ត៌មានយើង មិនអាចសុំការអត្ថាធិប្បាយពីលោកសក្តិ៤ ឡុង សំអឿន មេនគរបាលសេដ្ឋកិច្ចគ្រប់គ្រប់៣ខេត្តបានទេ ព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕