លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក មេមិនដឹងកូន កូនមិនដឹងមេ ធ្វើការទាំងកំហឹង សំណុំរឿងមួយរកអ្នកកាន់ច្បាស់លាស់ពិតប្រាកដមិនបាន ដែលនាំអោយមានការរិះគន់យ៉ាងធ្ងន់ថ្ងូរពីសំណាក់រពរដ្ឋទូទៅ។
ជាក់ស្តែងសំណុំរឿងព្រហ្មទណ្ទលេខ៣៥ របស់អ្នកសារព័ត៌មាន២រូប ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែគុម្ភៈកន្លងមក ត្រូវបានគេដឹងថា ការចាប់ដោយគ្មានដីការ គ្មានការសាកសួរ ចាប់ទាំងបង្ខំយកទៅដាក់ពន្ធនាគារទាំងយប់ បង្ករឲ្យមានការភ្ញាក់ផ្អើលពេញក្រុងព្រះវិហារ វាប្រៀបបានទៅនឹងបង្ក្រាបឧក្រិដ្ឋជន ឬឃាត្តករសម្លាប់មនុស្សអញ្ជឹង ដែលទង្វើទាំងនេះត្រូវបានគេរិះគន់យ៉ាងខ្លាំងទៅលើលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដែលគាត់មានមាត់អត់ក្រឡើត ចេះតែនិយាយឲ្យផុតតែពីមាត់ថា សំណុំរឿងរបស់អ្នកសារព័ត៌មានពីរនាក់ ត្រូវបានបញ្ជូនទៅឲ្យលោកចៅក្រមទៅហើយ តែតាមពិតលោក ឡុង ស៊ីថា ព្រះរាជអាជ្ញាស្ទាវ ត្រូវបានមានចេតនាផ្អិបសំណុំរឿងចោល មិនខ្ចីចាត់ការបញ្ជូនតាមនីតិវិធីនៃច្បាប់ក្នុងប្រព័ន្ធតុលាការ ទោះជាមានការបញ្ជាណែនាំពីលោកអគ្គព្រះរាជអាជ្ញាក៏ដោយ ក៏លោក ឡុង ស៊ីថា ដែលត្រូវបានសង្ស័យថា ជាព្រះរាជអាជ្ញាសម្រាប់កាងបទល្មើស និងរកស៊ីឈើទាំងពូជរូបនេះ មិនខ្ចីបញ្ជូនសំណុំរឿងអ្នកកាសែត២នាក់ ទៅជម្រះនោះឡើយ។
អ្នកសារព័ត៌មាន មានទូរទស្សន៍ កាសែត វិទ្យុ បានមកស៊ើបអង្កេតលើសំណុំរឿងអ្នកកាសែត២រូបខាងលើ ដែលត្រូវបានចាប់ខ្លួន ទើបដឹងថា ការចាប់ខ្លួនអ្នកកាសែត២រូបនេះ គឺបណ្តាលមកពីអ្នកកាសែត២រូបនេះ ធ្លាប់បាននាំក្រសួងរដ្ឋបាលព្រៃឈើទៅចាប់សិប្បកម្មរបស់ឪពុកក្មេករបស់លោក ឡុង ស៊ីថា និងប៉ះពាល់សិប្បកម្ម និងឈ្មួញឈើមួយចំនួន ដែលលោក ឡុង ស៊ីថា កាងបទល្មើសទាំងនេះ បណ្តាលឲ្យអាប់ឱនកិត្តិយស និងបាត់បង់ផលប្រយោជន៍របស់លោក ឡុង ស៊ីថា ទើបលោកព្រះរាជអាជ្ញាស្ទាវរូបនេះ ចាត់ការអ្នកកាសែតទាំងទទឹងទឹស ដោយសំអាងទៅលើឈ្មួញឆ្លើយដាក់ក៏ចាប់ញាត់គុក ដោយគ្មានដីការ និងគ្មានសកម្មភាពជាក់ស្តែង ហើយបានឃាត់ឃាំងសេរីភាពរបស់អ្នកកាសែត២រូបនេះ ដោយគ្មានដំណោះស្រាយ ដោយសំអាងទៅលើខ្លួនជាព្រះរាជអាជ្ញារង នៃស្ថាប័នតុលាការ ចង់ចាប់អ្នកណា ចង់ទម្លាក់កំហុសឲ្យអ្នកណា ស្រេចតែអំពើចិត្ត។
ស្ថាប័នតុលាការនៅក្នុងខេត្តព្រះវិហារទាំងមូល ចាប់ពីលោកព្រះរាជអាជ្ញា លោកចៅក្រម លោកក្រឡាបញ្ជី គឺសុទ្ធតែធ្វើការរកអ្នកទទួលខុសត្រូវ កាន់សំណុំរឿងពិតប្រាកដរបស់អ្នកកាសែត២រូបនេះ មិនបាន។ អ្នកសារព័ត៌មានបានតាមដានយ៉ាងកកិតដើម្បីសាកសួររកពន្លឺនៃដើមហេតុ ដើម្បីធ្វើការដោះស្រាយសុំឲ្យអ្នកកាសែត២រូបនេះ បាននៅក្រៅឃុំ តែសួរលោកព្រះរាជអាជ្ញា លោកឆ្លើយថា សំណុំរឿងនេះនៅលោកចៅក្រមឈ្មោះ ពន្លក ដល់សួរលោកចៅក្រម ពន្លក លោកឆ្លើយថា នៅលោក ឡុង ស៊ីថា មិនទាន់បញ្ជូនមកទេ សួរលោក ឡុង ស៊ីថា លោកឡុង ស៊ីថា ថាបានបញ្ជូនមកចៅក្រមឈ្មោះ ពន្លក។ ចំណែកលោក ពន្លក បានសំដែងភាពស្មោះស្ម័គ្រឲ្យឃើញនូវឯកសារផ្សេងៗថា លោករង់ចាំជាយូរមកហើយ តែលោក ឡុង ស៊ីថា មិនព្រមបញ្ជូនឲ្យគាត់ តែបើគាត់បញ្ជូនមកពេលណា និងបញ្ជូនសម្រេចពេលនោះភ្លាមលោក មិនទុកនាំឲ្យឈឺក្បាលនោះទេ។
ការស៊ើបអង្កេតរបស់បណ្តាញអ្នកសារព័ត៌មានបានចុះពេញខេត្តព្រះវិហារ ដោយបែងចែកតួនាទីគ្នា ដើម្បីស្រាវជ្រាវរកភាពពិតពីការនៅពីក្រោយខ្នង ដែលបានឈរចង្អុលឲ្យលោក ឡុង ស៊ីថា ព្រះរាជអាជ្ញាស្ទាវ អនុវត្តន៍ច្បាប់មិនត្រឹមត្រូវតាមនីតិវិធី ដែលជាមនុស្សឃ្ជីឃ្ជាក្នុងការងារ ងាយស្រួលក្នុងការពង្វក់ស្មារតីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ទើបដឹងថា សំណុំ រឿងទាំងនោះ គឺនៅក្នុងដៃលោក ឡុង ស៊ីថា នៅឡើយមិនទាន់បញ្ជូនឲ្យទៅចៅក្រមនោះទេ។
ចំណែកលោក ម៉ៅ ដែលជាដើមបណ្តឹង ដែលបានដាក់ពាក្យប្តឹងមកលើអ្នកសារព័ត៌មាន អាកាប៉េ បានអះអាងថា លោកពុំបានប្តឹងលោក ឈឿង ចាន់ ដែលជាបុគ្គលិករបស់ទូរទស្សន៍អប្សរានោះទេ លោក ឈឿង ចាន់ គ្រាន់តែគេឆ្លើយដាក់ដោយពុំមានភស្តុតាង ហេតុអ្វីបានចាប់គេដោយគ្មានដីការ ហើយដាក់គុគដោយគ្មានការស៊ើបសួរអ្វីទាំងអស់ ហើយលោក ម៉ៅ បានបញ្ជាក់ថា ក្រោយពីកំហឹងលោកបានធូរស្រាល លោកបានដកពាក្យបណ្តឹងហើយ តែលោក ឡុង ស៊ីថា នៅតែមានចេតនាឃុំឃាំង មិនព្រមដោះស្រាយនោះទេ។ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ លោកអគ្គព្រះរាជអាជ្ញាបានអញ្ជើញមកតុលាការខេត្តព្រះវិហារ ហើយក៏បានណែនាំឲ្យលោក ឡុង ស៊ីថា លោក ពន្លក បញ្ជូនសំណុំរឿងទៅជម្រះ តែលោក ឡុង ស៊ីថា នៅតែពុំព្រម ដូច្នេះទើពអ្នកសារព័ត៌មាននៅតែក្រាញននៀលដេកចាំជាច្រើនថ្ងៃ ដោយបែងចែកគ្នាស៊ើបអង្កេតជុំវិញករណីអំពើរពុករលួយរបស់លោក ឡុង ស៊ីថា និងមន្ត្រីពាក់ព័ន្ធ និងសូមឲ្យអ្នកសារព័ត៌មានជួយជាកម្លាំងបន្ថែមមកខេត្តព្រះវិហារ ដើម្បីជាកម្លាំងចិត្តតស៊ូដើម្បីទាមទាររកភាពយុត្តធម៌ជូនអ្នកសារព័ត៌មាន។
ក្នុងនោះក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានរៀបចំពាក្យបណ្តឹងប្តឹងទៅឧត្តមក្រុមប្រឹក្សា និងស្ថាប័នប្រឆាំងអំពើពុករលួយ និងស្ថាប័នផ្សេងៗឲ្យជួយចុះមកស៊ើបអង្កេតលើអំពើពុករលួយរបស់លោក ឡុង ស៊ីថា។
គួរជម្រាបបន្ថែមថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានធ្វើសន្និសីទកាសែតនៅមុខសាលាដំបូងខេត្តព្រះវិហារ ជុំវិញករណីលោក ឡុង ស៊ីថា មានចេតនាផ្អិបសំណុំរឿងរបស់អ្នកកាសែតខាងលើ ដោយមិនព្រមដោះស្រាយតាមនីតិវិធីច្បាប់ គឺជាការគំនុំសងសឹកចំពោះពួកគេទាំង២រូប ដែលបាននាំរដ្ឋបាលព្រៃឈើទៅចាប់សិប្បកម្មរបស់សាច់ញាតិខ្លួន ទើបលោក ឡុ ងស៊ីថា ខឹងច្រឡោចចងគំនុំជាមួយអ្នកកាសែតដោយបានរៀបចំគម្រោងជាអន្ទាក់ចោទប្រកាន់មកលើអ្នកកាសែត ដោយគ្មានការពិត និងអយុត្តិធម៌ជាទីបំផុត។
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ កម្ពុជាសុវណ្ណភូមិ មិនអាចសុំការបកស្រាយពីលោក ឡុងស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះវិហារបានទេ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕ ប្រភពពី អង្គរថែមស៍